
ព្រះអម្ចាស់អើយ សូមទ្រង់ជួយសង្គ្រោះទូលបង្គំ
ដោយAlistair Begg
June 24, 2026
«ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជួយផង ដ្បិតមនុស្សដែលកោតខ្លាចដល់ព្រះ គេកំពុងតែរួញថយទៅ ហើយពួកមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ ពីចំណោមមនុស្សដែរ» ។ ទំនុកដំកើង ១២:១
រាស្រ្តរបស់ព្រះគ្រប់សម័យកាល បានដឹងថា ការដែលយើងបានក្លាយជាកូនព្រះ មិនបានធ្វើឲ្យយើងរួចផុតពីទុក្ខលំបាកក្នុងជីវិតនៅលើផែនដីទេ ។ កណ្ឌគម្ពីរទំនុកដំកើង គឺជាកំណប់ទ្រព្យដ៏មានតម្លៃ ដោយហេតុថា បទគម្ពីរទាំងនោះបានកត់ទុក អំពីរាស្រ្តរបស់ព្រះ ដែលបានស៊ូទ្រាំនឹង «ទុក្ខលំបាកគ្រប់យ៉ាង» (យ៉ាកុប ១:២) ។ បទគម្ពីរទំនុកដំកើងមិនបានផ្តល់ឲ្យយើងនូវក្បួនសម្រាប់ដោះស្រាយបញ្ហារបស់យើងនោះទេ តែបានផ្តល់ឲ្យនូវគំរូ សម្រាប់ឆ្លើយតបចំពោះបញ្ហារបស់យើង ដោយចិត្តស្មោះត្រង់ ។
ព្រះជន្មរបស់ស្តេច ដាវីឌមានពេញដោយទុក្ខលំបាក ។ ទ្រង់បានប្រឈមមុខដាក់មនុស្សដែលចង់ផ្តាច់ជីវិតទ្រង់ ដូចជាកូលីយ៉ាត និងស្តេច សូលជាដើម (១សាំយូអែល ១៧ ១៩) ។ ទ្រង់បានក្លាយជាគោលដៅនៃការធ្វើរដ្ឋប្រហារដណ្តើមរាជ្យសម្បត្តិ ដោយបុត្រាមួយអង្គ (២សាំយូអែល ១៤-១៥) ។ ទ្រង់បានប្រឈមមុខដាក់ទុក្ខលំបាក និងសោកនាដកម្ម ដែលបណ្តាលមកពីបាប និងភាពល្ងង់ខ្មៅរបស់ទ្រង់ (២សាំយូអែល ១១-១២) ។ ទំនុកដំកើង ជំពូក១២ បានពិពណ៌នា អំពីទុក្ខលំបាកមួយប្រភេទទៀត ដែលជាការរស់នៅក្នុងចំណោមមនុស្សអាក្រក់ ។
ពាក្យសម្តីដ៏ពិសពុល គឺជាសេចក្តីអាក្រក់ដែលបានហ៊ុមព័ទ្ធស្តេច ដាវីឌ ដែលក្នុងនោះ «គ្រប់គ្នាពោលតែសេចក្ដីភូតភរ ដល់អ្នកជិតខាងខ្លួន គេពោលដោយបបូរមាត់បញ្ចើច ហើយដោយមានចិត្ត២» (ទំនុកដំកើង ១២:២) ។ វាលេចចេញមក ដោយការនិយាយក្អេងក្អាងថា «យើងនឹងឈ្នះដោយអណ្ដាត បបូរមាត់យើងស្រេចនៅយើងទេតើ តើអ្នកណាជាចៅហ្វាយលើយើង» (ខ.៤) ។ វាក៏កើតចេញពីការបន្ទាបបន្ថោកតម្លៃ ដែលគេអាចមើលឃើញ ក្នុងរបៀបដែល «មនុស្សលើកដំកើងសេចក្ដីលាមកអាក្រក់ឡើង» (ខ.៨) ។ យើងមិនពិបាកស្រមៃថា ការរស់នៅក្នុងបរិយាកាសបែបនេះ មានការលំបាកប៉ុណ្ណាទេ ។
ចូរយើងស្រមៃអំពីរបៀបដែលស្តេច ដាវីឌអាចឆ្លើយតប ។ ទ្រង់អាចរៀបរាប់អំពីការរអ៊ូរទាំរបស់ទ្រង់ ឬប្រាប់យើងអំពីរបៀបដែលទ្រង់ដោះស្រាយបញ្ហាដោយខ្លួនឯង ដោយមិនខ្វល់អំពីបំណងព្រះទ័យព្រះ ។ (ហើយទ្រង់ពិតជាមានឱកាសឆ្លើយតប ដោយប្រាជ្ញា និងសេចក្តីសុចរិត!) ប៉ុន្តែ តើទ្រង់ឆ្លើយតបដូចម្តេច ជាជំហានទីមួយ? នៅដើមដំបូងនៃទំនុកដំកើងនោះទ្រង់បានពោលថា «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជួយផង» ។ ដូចនេះ ទ្រង់បានឆ្លើយតប ចំពោះសេចក្តីអាក្រក់នៅជុំវិញទ្រង់ ដោយការបន្ទាបខ្លួន និងទូលអង្វរសូមព្រះទ្រង់ជួយសង្គ្រោះ ។
អ្នកខ្លះអាចមើលជុំវិញខ្លួន ឃើញស្ថានភាពរបស់ខ្លួន ដូចដែលស្តេច ដាវីឌបានពិពណ៌នា ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១២ ។ យើងឮពាក្យសម្តីពិសពុល យើងឃើញភាពក្អេងក្អាង ហើយយើងក៏ឃើញគេអបអរសេចក្តីអាក្រក់ ដូចអបអរសេចក្តីល្អ ។ យើងដឹងថា ស្តេច ដាវីឌមានអារម្មណ៍ដូចម្តេច ហើយយើងយល់អំពីទុក្ខលំបាករបស់ទ្រង់ ។ ប៉ុន្តែ តើយើងឆ្លើយតបដូចទ្រង់ទេ? សាវ័ក ប៉ុលបានប្រាប់យើងថា បើសិនជាយើងចង់ធ្វើជា «កូនព្រះដែលរកបន្ទោសមិនបាននៅក្នុងដំណមនុស្សវៀច ហើយខិលខូច» នោះយើងត្រូវតែ «ធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក» (ភីលីព ២:១៤-១៥) ។ ជាងនេះទៅទៀត គាត់ក៏បានប្រាប់យើងកុំឲ្យថប់បារម្ភអំពីរឿងអ្វីឡើយ តែផ្ទុយទៅវិញ ចូរយើងអធិស្ឋានក្នុងគ្រប់ការទាំងអស់ (៤:៦) ។
ពេលណាយើងប្រឈមមុខដាក់ការទាស់ប្រឆាំងនឹងព្រះ យើងងាយនឹងមានកំហឹង ឬអំនួត ឬក៏ភាពអស់សង្ឃឹម ។ យើងងាយនឹងបោះបង់ចោលការតស៊ូ ហើយទៅតាមគេតាមឯង ។ ការយកគំរូតាមស្តេច ដាវីឌមានការលំបាកជាង តែក៏ល្អជាងគ្រប់ពេល ដោយយើងត្រូវអធិស្ឋាន ទុកចិត្ត និងស្តាប់បង្គាប់ ។ ការប្ដេជ្ញាចិត្តអធិស្ឋាន គឺជាការប្រកាសដ៏មានអំណាច អំពីការប្តូរផ្តាច់ចំពោះព្រះយេស៊ូវតែប៉ុណ្ណោះ ។ នៅពេលក្រោយ បើសិនជាអ្នកមានការឈឺចាប់ ដោយសារស្ថានភាពនៃសហគមន៍ និងវប្បធម៌នៃសេចក្តីអាក្រក់ ចូរអធិស្ឋាន ទូលសូមព្រះអង្គជួយសង្គ្រោះ និងរំដោះអ្នកឲ្យរួចពីការអាក្រក់ ។ «ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសំរេចការនោះ» (១ថែស្សាឡូនីច ៥:២៤) ។
ខគម្ពីរជញ្ជឹងគិត៖ ភីលីព ២:១២-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៥០ និង ភីលីព ២