
ស្តេចដែលមិនយកអ្វីពីយើង
ដោយAlistair Begg
June 27, 2026
«គឺស្ដេចនោះនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នា ដំរូវទុកសំរាប់ទ្រង់ ឲ្យនៅនឹងរាជរថ ហើយនឹងពលសេះរបស់ទ្រង់ គេនឹងត្រូវរត់នៅមុខរាជរថរបស់ទ្រង់ ... ទ្រង់នឹងយកកូនស្រីៗរបស់អ្នករាល់គ្នា ឲ្យធ្វើជាអ្នកអប់គ្រឿងក្រអូប ជាអ្នកដាំបាយហើយដុតនំ ទ្រង់នឹងយកស្រែចំការ នឹងដំណាំអូលីវរបស់អ្នករាល់គ្នា ..ក៏នឹងយក១ភាគក្នុង១០ពីស្រូវ ហើយពីទំពាំងបាយជូររបស់អ្នករាល់គ្នា ... ទ្រង់នឹងយកបាវប្រុសបាវស្រីរបស់អ្នករាល់គ្នា ... ទ្រង់នឹងយក១ភាគក្នុង១០ពីហ្វូងសត្វអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាខ្ញុំកំដររបស់ទ្រង់» ។ ១សាំយូអែល ៨:១១,១៣-១៧
ស្តេចទាំងអស់សុទ្ធតែយករបស់ទ្រព្យពីប្រជាជន លើកលែងតែស្តេចមួយអង្គប៉ុណ្ណោះ ។
នៅសម័យហោរាសាំយូអែល ពួកអ៊ីស្រាអែលបានស្នើឲ្យមានក្សត្រមួយអង្គគ្រប់គ្រងពួកគេ ដូចជាតិសាសន៍ជិតខាងដែរ ហើយព្រះអម្ចាស់ក៏បានប្រទានស្តេចមួយអង្គដល់ពួកគេ ។ ប៉ុន្តែ ព្រះអង្គក៏បានប្រាប់ហោរាសាំយូអែល ឲ្យដាស់តឿនពួកបណ្តាជន អំពីរឿងដែលស្តេចនឹងធ្វើមកលើពួកគេ (១សាំយូអែល ៩:៧-៩) ។ ហោរាសាំយូអែលក៏បានរៀបរាប់អំពីស្តេចមួយអង្គ ដែលនឹងបំពេញហោប៉ៅរបស់ខ្លួន ដោយការលះបង់របស់ប្រជាជន និងនាំពួកគេត្រឡប់ទៅរកភាពជាទាសករមួយបែបទៀត ។ និយាយរួម គាត់កំពុងប្រាប់ពួកគេអំពីផលវិបាកដ៏សោកសៅ!
អ្វីដែលគាត់បានប្រាប់ពួកគេ ក៏បានក្លាយជាការពិត អស់រយៈពេលពីរបីសតវត្សរ៍ ។ ការគ្រប់គ្រងរបស់ស្តេចខ្លះ មានពេលឡើង ហើយក៏មានពេលធ្លាក់ចុះ ប៉ុន្តែ ស្តេចភាគច្រើនពុករលួយ ហើយក៏គ្មានស្តេចណាដែលល្អឥតខ្ចោះដែរ ។ អ្នកដឹកនាំទាំងអស់របស់សាសន៍អ៊ីស្រាអែល តែងតែយកអ្វីៗដែលប្រជាជនមានធ្វើជាកម្មសិទ្ធិរបស់ខ្លួន ជាជាងផ្តល់ឲ្យពួកគេនូវអ្វីដែលពួកគេសង្ឃឹមថានឹងទទួលបាន ។
ប៉ុន្តែ ទីបំផុត ព្រះទ្រង់ក៏បានប្រទានក្សត្រមួយអង្គ ដែលខុសពីស្តេចដទៃ ។ កណ្ឌគម្ពីរសញ្ញាថ្មី បានចាប់ផ្តើមការពិពណ៌នា ដោយចែងអំពីក្សត្រមួយអង្គនេះ ។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា «ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់» ហើយ (ម៉ាកុស ១:១៥) ។ ព្រះអង្គបានប្រកាសថា អង្គទ្រង់គឺស្តេច ដោយតាំងនគរទ្រង់ឡើង ។ ក្រោយមក ព្រះយេស៊ូវក៏បានយាងចូលទីក្រុងយេរូសាឡិម ដោយជិះនៅលើខ្នងសត្វលា ដោយសម្រេចបទទំនាយរបស់ពួកហោរា ដែលបានប្រកាសថា ស្តេចដែលរាស្រ្តរបស់ព្រះកំពុងរង់ចាំ ទ្រង់នឹងយាងមកដល់តាមរបៀបនេះឯង (សាការី ៩:៩) ។ តើក្សត្រប្រភេទណា ដែលយាងចូលទីក្រុងដោយគង់នៅលើខ្នងសត្វលា ជាជាងគង់នៅលើរទេះសេះ ឬសត្វសេះចម្បាំង? ពីរបីថ្ងៃក្រោយមក ក្សត្រដដែលនេះក៏បានត្រូវគេបំពាក់មកុដធ្វើពីភួងបន្លាពីលើព្រះកេសទ្រង់ ។ ទ្រង់គឺជាក្សត្រដែលខុសពីក្សត្រដទៃទៀត ។
មានការកុហក ដែលកំពុងពេញនិយមមួយ បាននាំឲ្យយើងគិតថា «បើអ្នកជឿព្រះយេស៊ូវ ព្រះអង្គនឹងដកអ្វីដែលល្អៗចេញពីអ្នក ហើយអ្នកនឹងមិនមានពេលសប្បាយទេ ។ បើអ្នកចង់មានពេលសប្បាយ ចូរទៅរកអ្នកដឹកនាំផ្សេងវិញ ។ បើអ្នកដើរតាមព្រះយេស៊ូវ អ្នកនឹងមានការអផ្សុក ជួបការរឹតត្បិតសេរីភាព និងជីវិតក្រៀមក្រោះ» ។ ប៉ុន្តែ តាមពិត យើងនឹងទទួលបានលទ្ធផលផ្ទុយពីនេះ! ព្រះអង្គមិនដូចពួកស្តេចរបស់សាសន៍អ៊ីស្រាអែល ដែលដកយកអ្វីដែលល្អៗចេញពីប្រជាជន តែព្រះអង្គគឺជាស្តេចដែលប្រទានអ្វីៗគ្រប់យ៉ាងដល់យើង យ៉ាងហូរហៀរ ។ ព្រះអង្គគឺជាក្សត្រដែលបានយាងមក ដើម្បី «នឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង» (ម៉ាកុស ១០:៤៥) និងប្រទានដល់ចៀមរបស់ព្រះអង្គ នូវ «ជីវិតអស់កល្បជានិច្ច» ហើយពួកគេមិនត្រូវវិនាសឡើយ (យ៉ូហាន ១០:២៨) ហើយព្រះអង្គក៏បានទទួលបន្ទុក និងប្រទានការសម្រាកដល់អ្នកដែលព្រមទទួលមកនឹមដ៏ស្រាលរបស់ព្រះអង្គ (ម៉ាថាយ ១១:២៨-៣០) ។
តើព្រះយេស៊ូវគឺជាក្សត្ររបស់អ្នកមែនទេ? មានសម្លេងជាច្រើន ស្តាប់ទៅគួរឲ្យទាក់ទាញ និងគួរឲ្យជឿ តែបើអ្នកបណ្តោយឲ្យពួកវាគ្រប់គ្រងអ្នក អ្នកនឹងខកចិត្តនៅទីបញ្ចប់ ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ មិនដែលធ្វើឲ្យអ្នកខកចិត្តឡើយ ។ ព្រះអង្គគឺជាក្សត្រ ដែលតែងតែប្រទានអ្វីៗដែលអ្នកត្រូវការ ហើយព្រះអង្គដកចេញតែអំពើបាបប៉ុណ្ណោះ ចេញពីជីវិតអ្នក ។ នៅថ្ងៃនេះ ចូរទទួលស្គាល់ ហើយអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីល្អ និងសេចក្តីសប្បុរសជាបរិបូរ នៅក្នុងក្សត្រដ៏ធំប្រសើររបស់អ្នកចុះ!
ខគម្ពីរជញ្ជឹងគិត៖ ម៉ាកុស ១០:៣២-៤៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ១-៣ និង កិច្ចការ ១