
ព្រះដ៏សុចរិត និងមានសេចក្តីមេត្តា
ដោយAlistair Begg
June 29, 2026
«ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់ក៏ស្រឡាញ់សេចក្ដីសុចរិតដែរ មនុស្សទៀងត្រង់នឹងបានឃើញព្រះភក្ត្រទ្រង់» ។ ទំនុកដំកើង ១១:៧
ព្រះដ៏សុចរិតមិនទទួលយកការទូលសូមដែលមិនសុចរិតនោះឡើយ ។ យើងមិនអាចរំពឹងថា ព្រះដែលតែងតែធ្វើអ្វីដែលត្រឹមត្រូវ ទ្រង់នឹងប្រើឧបាយកលដើម្បីយើងនោះទេ ។ នៅក្នុងការអធិស្ឋាន និងដំណើរការនៃការសម្រេចចិត្តរបស់យើង យើងមិនគួរសួរខ្លួនឯងថា «តើមានផ្លូវណាងាយស្រួលបំផុត? តើមានវិធីណាជួយឲ្យខ្ញុំចេញពីទុក្ខលំបាកនេះលឿនបំផុត?» តែផ្ទុយទៅវិញ យើងចាំបាច់ត្រូវសួរថា «តើមធ្យោបាយមួយណា ដែលត្រឹមត្រូវសម្រាប់ឲ្យខ្ញុំធ្វើ?» ការនេះមិនមានន័យថា យើងតែងតែបានដឹងច្បាស់ថា មធ្យោបាយមួយណាត្រូវ ហើយមួយណាខុសនោះទេ ។ ប៉ុន្តែ ក្នុងការអធិស្ឋាន និងជីវិតរបស់យើង យើងត្រូវចាំថា ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យដើរនៅចំពោះមុខព្រះដ៏បរិសុទ្ធ និងសុចរិតដ៏ខ្ពស់បំផុត ។
អរព្រះគុណព្រះអង្គ ដែលមិនគ្រាន់តែសុចរិត តែក៏មានសេចក្តីមេត្តាផងដែរ ។ គឺដូចដែលស្តេចដាវីឌបានបន្លឺសម្លេងថា «ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ» ។ ដែលម្តាយមិនអាចបំភ្លេចសម្លេងយំរបស់កូនដែលនាងបានបំបៅដោះជាយ៉ាងណា នោះព្រះអង្គក៏មិនដែលព្រងើយកន្តើយចំពោះពាក្យទូលអង្វររបស់យើងដែរ (អេសាយ ៤៩:១៥) ។ សេចក្តីមេត្តារបស់ព្រះអង្គពិតជាអស្ចារ្យ ហួសពីការស្មានរបស់យើង ។ យើងកំពុងរស់នៅក្នុងពិភពលោក ដែលដំណើរការផ្អែកទៅលើគោលការណ៍ដែលកំណត់ថា យើងទទួលបានអ្វីដែលយើង «សមនឹងទទួល» ហើយយើងធ្វើអ្វីបានហ្នឹង ។ ប៉ុន្តែ ពេលណាយើងចូលទៅរកព្រះ គឺយើងចូលទៅរកព្រះ ដែលមានសេចក្តីមេត្តាជាបរិបូរ ព្រះដែលប្រទានយើងអ្វីដែលយើងមិនសមនឹងទទួល ។
ចិត្តរបស់អ្នកប្រហែលជាប្រេះស្រាំ ឬជីវិតអ្នកមានពេញទៅដោយបញ្ហាធំៗ ។ តែអ្នកនៅតែអាចស្រែករកព្រះដ៏សុចរិតរបស់អ្នកថា «នៅថ្ងៃនេះ ទូលបង្គំត្រូវការសេចក្តីសប្បុរស ដែលទូលបង្គំមិនសមទទួល ។ ទូលបង្គំគ្មានហេតុផលអ្វីដែលត្រូវសរសើរខ្លួនឯងទេ ។ ឱព្រះអម្ចាស់ សូមព្រះអង្គមានសេចក្តីមេត្តាចំពោះទូលបង្គំ ហើយឮពាក្យដែលទូលបង្គំអធិស្ឋាន» ។ ពេលណាយើងចូលទៅជិតព្រះអង្គយ៉ាងដូចនេះ យើងនឹងឃើញថា យើងកើតមានចិត្តដែលចង់ធ្វើអ្វីដែលត្រឹមត្រូវ មិនមែនអ្វីដែលងាយស្រួលនោះទេ ។ ផ្លូវដែលព្យាយាមធ្វើ «អំពើសុចរិត» គឺជាការដឹងថា ព្រះអម្ចាស់មានសេចក្តីមេត្តាចំពោះកូនព្រះអង្គ ។
ការនេះមិនមានន័យថា ពេលណាយើងចូលទៅរកព្រះអង្គ សូមសេចក្តីមេត្តា និងព្យាយាមរស់នៅដោយសុចរិត ព្រះអង្គនឹងធ្វើការរំដោះយើងភ្លាមៗនោះទេ ។ ព្រះអង្គមិនដែលសន្យាថា រាស្រ្តរបស់ព្រះអង្គនឹងមានភាពធូរស្បើយភ្លាមៗឡើយ ។ ព្រះអង្គឆ្លើយតបចំពោះយើង តាមសេចក្តីសុចរិត តាមផែនការរបស់ព្រះអង្គ ហើយជួនកាល ក្នុងការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គអនុញ្ញាតឲ្យបន្លាបន្តធ្វើឲ្យយើងឈឺចាប់ (២កូរិនថូស ១២:៧-១០) ។ ប៉ុន្តែ នៅពេលដែលបន្លានៅក្នុងសាច់នៅឡើយ «ទោះដើមល្វាមិនចេញផ្កា» ក៏អ្នកនៅតែអាច «អរសប្បាយក្នុងព្រះអម្ចាស់» ហើយ «មានអំណរក្នុងព្រះនៃសេចក្តីសង្គ្រោះរបស់អ្នក» (ហាបាគុក ៣:១៧-១៨) ។ ដោយសារព្រះអង្គសុចរិត ព្រះអង្គមិនដែលប្រទានសេចក្តីមេត្តាខុសពេលឡើយ ។ ការអ្វីដែលហាក់ដូចជាមានរស់ជាតិល្វីង នៅពេលណាមួយ នឹងមានរស់ជាតិផ្អែមក្នុងពេលឆាប់ៗ ។ ហើយថ្ងៃមួយ អ្នកនឹងបាន «ឃើញព្រះភក្ត្រព្រះអង្គ» មិនមែនដោយការមើលឃើញ តែដោយជំនឿ ខណៈពេលដែលអ្នកឈរជាមួយពួកបរិសុទ្ធ នៅជុំវិញបល្ល័ង្កទ្រង់ ។ ដោយនឹកចាំពីថ្ងៃនោះ ចូរចូលមករកព្រះអង្គ សូមសេចក្តីមេត្តា និងកម្លាំងដែលអ្នកត្រូវការ ដើម្បីរស់នៅដោយសុចរិតនៅថ្ងៃនេះ ។
អេសាយ ៤៩:១៣-២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ៧-៩ និង កិច្ចការ ២:២២-៤៧