
ការធ្វើអន្តរាគមន៍ដោយសេចក្តីមេត្តា
ដោយAlistair Begg
June 30, 2026
«ដ្បិតនៅគ្រានោះនឹងមានសេចក្ដីវេទនាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីកំណើតលោកីយ ដែលព្រះទ្រង់បានបង្កើត ដរាបដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះទេ ហើយទៅមុខក៏មិនដែលមានផង ។ បើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី នោះគ្មានមនុស្សណាបានសង្គ្រោះទេ ប៉ុន្តែទ្រង់បានបន្ថយថ្ងៃទាំងនោះ ដោយព្រោះពួកអ្នកដែលទ្រង់បានរើសតាំង» ។ ម៉ាកុស ១៣:១៩-២០
នៅក្នុងចំណុចស្នូលនៃរឿងធំបំផុតក្នុងប្រវត្តិសាស្រ្ត គឺជាជំនួបដ៏អស្ចារ្យ ដែលបានផ្តល់ឲ្យនូវតម្រុយដំបូងបំផុត ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក៣ ដែលបានប្រាប់យើងទុកជាមុនថា ព្រះគ្រីស្ទគឺជាអ្នកដែលបានមក ហើយនឹងយាងមកវិញ ដើម្បីបំផ្លាញអារក្សឲ្យវិនាស ។ តាមរយៈការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ព្រះអង្គបានកិនក្បាលរបស់សត្វពស់ (លោកុប្បត្តិ ៣:១៥) ហើយទទួលបានជ័យជម្នះអស់កល្បសម្រាប់រាស្រ្តទ្រង់ ។ ប៉ុន្តែ សម្រាប់យើង សង្គ្រាមមិនទាន់ចប់នៅឡើយទេ ។ នៅពីក្រោយទង្វើនៃសេចក្តីសម្អប់ ការបាក់បែកប្តីប្រពន្ធ និងអំពើអយុត្តិធម៌ និងអ្វីក៏ដោយដែលតំណាងឲ្យភាពវឹកវរ និងអំពើហិង្សា និងសេចក្តីទុច្ចរិត អារក្សនៅតែធ្វើការវាយប្រហារ ដោយព្យាយាមធ្វើការបំផ្លិចបំផ្លាញ រហូតដល់ពេលដែលវាត្រូវវិនាស ។
គ្រីស្ទបរិស័ទកំពុងរស់នៅ ដោយដឹងអំពីរឿងដ៏តានតឹងនេះ គឺជាការពិតដែលថា យើងនឹងមានទុក្ខលំបាក និងការល្បងល ក្នុងការធ្វើដំណើរខាងវិញ្ញាណ នៅលើផែនដី តែយើងមិនដែលបាត់បង់ក្តីសង្ឃឹមឡើយ ។ យើងអាចឈរមាំមួន ក្នុងសេចក្តីជំនឿ ដោយសារព្រះគ្រីស្ទគឺជាអ្នកមានជ័យជម្នះដ៏អស្ចារ្យ ។ ទោះយើងមិនបានដឹង ឬឃើញជ័យជម្នះរបស់ទ្រង់ទាំងស្រុងក៏ដោយ ក៏ជ័យជម្នះទ្រង់មិនមានភាពខ្វះចន្លោះឡើយ ដ្បិតឈើឆ្កាងបានវាយបំបាក់សាតាំង និងអ្នកដើរតាមវាហើយ (កូល៉ុស ២:១៣-១៥) ។
ព្រះយេស៊ូវបានដាស់តឿនយើងថា គ្រាវេទនានឹងមកដល់ ហើយនឹងកាន់តែវេទនា រហូតដល់ពេលព្រះអង្គយាងមកវិញ ។ ព្រះអង្គបានបង្គាប់យើងឲ្យ «ចាំយាម» (ម៉ាកុស ១៣:២៣,៣៣) ដើម្បីកុំឲ្យមានអ្វីនាំយើងវង្វេងឡើយ ។ ម្យ៉ាងទៀត ព្រះយេស៊ូវបានដាស់តឿនយើងទុកជាមុន ដើម្បីឲ្យយើងបានត្រៀមខ្លួនសម្រាប់ទុក្ខលំបាក ។ ពេលយើងប្រឈមមុខដាក់ទុក្ខលំបាក យើងមិនគួរមានការភ្ញាក់ផ្អើលឡើយ ព្រោះព្រះដែលជាអ្នកដឹកនាំយើង បានឲ្យយើងត្រៀមខ្លួនជាស្រេច ។
យើងមិនត្រូវមានការភ្ញាក់ផ្អើល ចំពោះដំណឹងអំពី «សង្គ្រាម និងពាក្យចចាមអារ៉ាមអំពីសង្គ្រាម» ដោយសាសន៍មួយទាស់នឹងសាសន៍មួយទៀត ឬដោយសារគ្រោះធម្មជាតិមានការកើនឡើងនោះទេ (ម៉ាកុស ១៣:៧-៨) ។ ព្រះអម្ចាស់បានប្រាប់យើងហើយថា អ្នកជឿខ្លះនឹងត្រូវគេ «វាយដុំ» (ខ.៩) ខ្លះទៀត«ត្រូវគេសម្លាប់» (ខ.១២) ហើយដែលសំខាន់បំផុតនោះ «គេគ្រប់គ្នានឹងស្អប់យើងដោយសារព្រះនាមព្រះគ្រីស្ទ» (ខ.១៣) ។ ម្យ៉ាងទៀត «នឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់ព្រមទាំងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួករើសតាំងឲ្យវង្វេងផង បើសិនជាបាន» (ខ.២២) ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពេលដ៏វឹកវរនោះ យើងអាចនឹកចាំថា ព្រះទ្រង់ផ្ដោតទៅលើរាស្រ្តរបស់ទ្រង់ ជាពួករើសតាំង ។ គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា «ទ្រង់បានបន្ថយថ្ងៃទាំងនោះ ដោយព្រោះពួកអ្នកដែលទ្រង់បានរើសតាំង» ។ ព្រះទ្រង់ធ្វើអន្តរាគមន៍ ដើម្បីរាស្រ្តទ្រង់ ហើយការពារកូនទ្រង់ ឲ្យរួចផុតពីគ្រោះថ្នាក់ ដែលកើតពីចិត្តរបស់ពួកគេ និងពីកត្តាខាងក្រៅ ។ ព្រះអង្គនឹងមិនបណ្តោយឲ្យយើងត្រូវបានរុញច្រាន លើសពីកំរិតដែលព្រះអង្គបានប្រទានជំនឿ ឲ្យនៅតែស្មោះត្រង់ចំពោះព្រះអង្គ ។
ការដាស់តឿនរបស់ព្រះយេស៊ូវគឺជាការប្រកាសអំពីភាពជាក្សត្ររបស់ព្រះអង្គ យ៉ាងដូចនេះថា ទោះមានរឿងអ្វីកើតឡើងក៏ដោយ ទោះនរណាជាប់ឆ្នោត ឬទោះអ្នកបាត់បង់សេរីភាព ឬអត់ ទោះអ្នកជាប់គុក ត្រូវគេធ្វើទារុណកម្ម ឬសម្លាប់ ដោយសារជំនឿក្តី អ្នកពិតជាអាចដឹងច្បាស់ថា ព្រះទ្រង់សោយរាជ្យ ហើយព្រះអង្គសង្គ្រោះរបស់យើងបានឈ្នះហើយ ។ នៅក្នុងការឈរលើដីដ៏រឹងមាំនេះ ជីវិតអ្នកនឹងមិនរង្គោះរង្គើឡើយ ។
ខគម្ពីរជញ្ជឹងគិត៖ វិវរណៈ ១២:១-១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ១០-១២ និង កិច្ចការ ៣