នំម៉ាណាប្រចាំថ្ងៃ
ពួក​ជំនុំ​ត្រូវ​ការ​អ្នក

ពួក​ជំនុំ​ត្រូវ​ការ​អ្នក

ដោយAlistair Begg

July 1, 2026

«ហើយ​ទ្រង់​ប្រទាន​ឲ្យ​ព្រះ​វិញ្ញាណ​សំដែង​មក​ក្នុង​គ្រប់​គ្នា ដើម្បី​ឲ្យ​បាន​កើត​ផល» ។ ១កូរិនថូស ១២:៧
បើ​អ្នក​បាត់​មុន លែង​មាន​វត្ត​មាន​ក្នុង​ពួក​ជំនុំ​របស់​អ្នក​ទៀត​ តើមាន​នរណា​កត់​សំគាល់​ទេ? បើ​អ្នក​មិន​បាន​ចូល​រួម​ជាមួយ​ពួកគេ មួយ​រយៈ​ពេល តើ​ពួក​ជំនុំ​របស់​អ្នក​​នឹក​អ្នក​ទេ? 
យ៉ាង​ហោច​ណាស់ ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​អ្នកជឿ​ម្នាក់ៗ នូវ​អំណោយ​ទាន​មួយ ដើម្បី​ប្រើ​ជា​ប្រយោជន៍​ដល់​ពួក​ជំនុំ ជា​រូបកាយ​របស់​ព្រះអង្គ ។ ហើយ​គ្មាន​នរណា​ម្នាក់ ដែលគេ​មិន​អាច​ជំនួស​បាន​ក្នុង​ពួក​ជំនុំ ក្នុង​ន័យ ថា ពួក​ជំនុំ​មិន​អាច​ដំណើរ​ការ​ដោយ​គ្មាន​ពួកគេ​នោះ​ទេ ប៉ុន្តែ គេ​គួរតែ​នឹក​យើង បើ​យើង​អ​វត្ត​មាន ព្រោះ​ព្រះ​ទ្រង់​បាន​ប្រទាន​អំណោយ​ទាន​មក​យើង តាម​របៀប​ជាក់​លាក់ ក្នុង​ពេល​ច្បាស់​លាស់ ដើម្បី​ឲ្យ​យើង​មាន​ប្រយោជន៍​ខុសៗ​គ្នា ក្នុង​ក្រុម​មនុស្ស​ណាមួយ ។
ប៉ុន្តែ តើមាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​យើង​អង្គុយ​ចាំ​ឲ្យ​គេ​បម្រើ​យើង ខណៈ​ពេល​ដែល​ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​ថា ព្រះ​ទ្រង់​ធ្វើ​ការ​បម្រើ​ដល់​អ្នក​ដទៃ​តាមរយៈ​យើង? ជា​ការ​ពិត​ណាស់ យើង​ម្នាក់ៗ ត្រូវតែ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទទួល​ការ​បម្រើ​ពី​អ្នក​ដទៃ ខណៈ​ពេល​ដែល​ពួកគេ​ប្រើ​អំណោយ​ទាន ដែល​ព្រះ​ទ្រង់​ប្រទាន​មក​​ពួកគេ ដើម្បី​ជា​ប្រយោជន៍​យើង​រាល់​គ្នា ។ ប៉ុន្តែ យើង​គួរតែ​ផ្តល់​ឲ្យ​ការបម្រើ​ដល់​គេ គឺ​មិន​ត្រូវ​ទទួល​តែមួយ​មុខ​ឡើយ ។ ពួក​ជំនុំ​មិន​សូវ​មាន​កន្លែង​ទំនេរ សម្រាប់​អ្នក​អង្គុយ​ទស្សនា​នោះ​ទេ ។ សូម្បីតែ​មនុស្ស​ក្មេង​ជាងគេ​ក្នុង​ចំណោម​យើង ទោះ​ក្នុង​ជំនឿ ឬ​អាយុ​ក្តី សុទ្ធតែ​មាន​អ្វី​សម្រាប់​រួម​ចំណែក ។ 
ព្រះ​វិញ្ញាណ​ធ្វើ​ការ និង​បញ្ចេញ​ព្រះ​ចេស្តា នៅ​ពេលណា​យើង​ប្រើ​អំណោយ​ទាន ដើម្បី​ប្រយោជន៍​រួម ។ ការ​នេះ​ក៏​រាប់​បញ្ចូល​ការ​កែ​​តម្រង់​បង​ប្អូន​រួម​ជំនឿ ក្នុង​ពួក​ជំនុំ ប៉ុន្តែ ក៏​រាប់​បញ្ចូល​ការ​ធ្វើ​បន្ទាល់​ដល់​មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង​យើង នៅ​ក្រៅ​ព្រះវិហារ​ផង​ដែរ ។ ពួកគេ​អាច​ភាន់​ច្រឡំ និង​មិន​យល់ អំពី «អំណោយ​ទាន​ខាង​វិញ្ញាណ» ប៉ុន្តែ ពួកគេ​អាច​យល់​អំពី​ចិត្ត​ដែល​មាន​ក្តី​អាណិត ។ ពួកគេ​នឹង​ឆ្លើយតប​ចំពោះ​ភាព​ចៅរ៉ៅ ។ ពួក​គេ​នឹង​បើក​ចិត្ត​ទទួល​ពាក្យ​សម្តី​ដែល​យក​ចិត្ត​ទុកដាក់ ឬ​លើក​ទឹក​ចិត្ត​ពួកគេ ។ 
អ្នក​មាន​អ្វីមួយ​សម្រាប់​រួម​ចំណែក ដោយ​លក្ខណៈ​ផ្សេងៗ​គ្នា ។ តែ​សមត្ថភាព​របស់​យើង ក្នុង​ការ​ចូល​រួម​ក្នុង​ព្រះ​រាជ​កិច្ច​របស់​ព្រះ មិន​គួរ​ធ្វើ​ឲ្យ​យើង​មាន​អំនួត​នោះ​ទេ ព្រោះ​វា​ជា​អំណោយ​ទាន​ដែល​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ប្រទាន ហើយ​មានតែ​ព្រះ​ដែល​ព្រះ​ទាន​អំណោយ​ទាន​ទេ ដែល​សក្ដិ​សមនឹង​ទទួល​ការ​សរសើរ ខណៈ​ពេល​ដែល​យើង​ប្រើ​អំណោយ​ទាន បម្រើ​រាស្រ្ត​របស់​ទ្រង់ និង​ពិភពលោក ។ 
ដូច​នេះ យើង​ត្រូវ​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​ប្រទាន​អំណោយ​ទាន​ដល់​យើង​ម្នាក់ៗ ដោយ​ព្រះ​វិញ្ញាណ​ទ្រង់ ដើម្បី​ប្រយោជន៍​រួម ហើយ​ការ​នេះ​គួរតែ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន ជាជាង​គិត​ប្រយោជន៍​ខ្លួនឯង ។ ពួក​ជំនុំ​របស់​អ្នក​ត្រូវ​ការ​អ្វី​ដែល​អ្នក​អាច​ផ្តល់​ឲ្យ​បាន តាមរយៈ​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ ។ គឺ​ដូច​ដែល​បទ​ចម្រៀង​កុមារ​មួយ​បាន​ច្រៀង​ថា «មាន​ការងារ​មួយ​សម្រាប់​ធ្វើ​ថ្វាយ​ព្រះយេស៊ូវ ដែល​ក្រៅពី​អ្នក គ្មាន​នរណា​អាច​ធ្វើ​បានទេ» ។51 តើ​ព្រះអង្គ​កំពុង​បណ្តាល​ចិត្ត​អ្នក​ឲ្យ​ធ្វើ​អ្វី? 


ខ​គម្ពីរ​ជញ្ជឹង​គិត​៖ ១កូរិនថូស ១២:១២-៣១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ចោទិយកថា ១៣-១៥ និង កិច្ចការ ៤:១-២២

ប្រភេទ