នំម៉ាណាប្រចាំថ្ងៃ
ពេលណា​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច​វាយ​ប្រហារ

ពេលណា​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច​វាយ​ប្រហារ

ដោយAlistair Begg

July 3, 2026

«ដ្បិត​ខ្ញុំ​​ជឿ​​ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅមុខ ឬ​ឥទ្ធិ​ឫទ្ធិ​អ្វី​ ។ ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើតមក​ឯ​ទៀត​ក្ដី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ» ។ រ៉ូម ៨:៣៨-៣៩
គ្រីស្ទបរិស័ទ​ស្ទើរតែ​ទាំង​អស់ មាន​ពេល​ដែល​ពួក​គេ​ជួប​ការ​ល្បួង​ឲ្យ​អស់​សង្ឃឹម ដោយ​មិន​ដឹង​ថា នឹង​បាន​ទៅ​ស្ថាន​សួគ៌​​ឬ​អត់​ទេ ឬ​​អាច​បន្ត​ទុកចិត្ត​ព្រះគ្រីស្ទ​នៅ​ថ្ងៃ​បន្ទាប់ ឬ​យើង​អាច​បន្ត​រស់នៅ​ដោយ​ជំនឿ ក្នុង​ការ​វង្វេង​ចេញ និង​បាប​របស់​យើង​ដែរ​ឬ​ទេ​ ។ ហើយ​ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​ព្រះបន្ទូល​សន្យា​ដែល​ថា ព្រះ​ទ្រង់​ស៊ូ​ទ្រាំ ព្រះអង្គ​ជា​អ្នក​ថែរក្សា និង​ការពារ​យើង ជា​រាស្រ្ត​ទ្រង់​ ។
នៅពេល​ដែល​យើង​និយាយ​អំពី​គោល​លទ្ធិ​កំណែ​ទម្រង់​ដ៏​ល្បី​ល្បាញ អំពី «ការ​ស៊ូ​ទ្រាំ​របស់​ពួក​បរិសុទ្ធ» គឺ​យើង​កំពុង​និយាយ​អំពី​ការ​ស៊ូ​ទ្រាំ​របស់​ព្រះអង្គ ដោយ​ផ្ទាល់​ ។ ក្នុង​​បទ​​គម្ពីរ​រ៉ូម ៨:៣៦-៣៦ សាវ័ក​ប៉ុល​បាន​ចោទ​ជា​សំណួរ​ជា​បន្ត​បន្ទាប់ ដើម្បី​សង្កត់​ធ្ងន់​ថា គ្មាន​អ្វី​អាច​បំបែក​កូន​របស់​ព្រះ ចេញពី​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ហើយ​គាត់​ក៏​​បាន​បញ្ជាក់​ការ​ពិត​ដែល​ថា ពេលណា​យើង​បាន​ស្ថិត​នៅ​ក្រោម​ការ​ថែរក្សា​របស់​ព្រះ​ ដែល​ជា​អ្នក​គង្វាល​ល្អ ដែល​បាន «លះបង់​ជីវិត​ដើម្បី​ចៀម»ទ្រង់ (យ៉ូហាន ១០:១១) គឺ​យើង​បាន​នៅ ក្នុង​ការ​ឃុំ​គ្រង​របស់​ព្រះអង្គ​ជា​រៀង​រហូត​ ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា គ្មាន​អ្វី «អាច​នឹង​ពង្រាត់​យើង ចេញពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ​បាន​ឡើយ» ។ បើ​អ្នក​នៅ​ជាប់​ក្នុង​ព្រះគ្រីស្ទ​ហើយ អ្នក​មិន​អាច​បាត់បង់​ឡើយ​ ។ ដូច​នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ចំពោះ​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច​ដែល​វាយ​ប្រហារ​មក​លើ​យើង? គឺ​យើង​ត្រូវតែ​ផ្ចង់​ភ្នែក​របស់​យើង មើលទៅ​ព្រះអម្ចាស់យេស៊ូវ​ ។ ពេលណា​យើង​មើល​មក​ខ្លួនឯង យើង​មាន​ហេតុផល​ដែល​ត្រូវ​បាក់​ទឹក​ចិត្ត និង​ខ្វល់ខ្វាយ​ ។ គឺ​មានតែ​មើលទៅ​ព្រះយេស៊ូវ​ទេ ទើប​យើង​អាច​រត់​ក្នុង​ទី​ប្រណាំង នៅ​ចំពោះ​មុខ​យើង​ ។ ព្រះ​អង្គ​បាន​រង​ទ្រាំ​ការ​ឈឺ​ចាប់ និង​​ក្តី​អា​ម៉ាស​នៅ​លើ​ឈើ​ឆ្កាង ហើយ​បាន​គង់នៅ​ខាង​ស្តាំ​​បល្ល័ង្ក​របស់​ព្រះ (ហេព្រើរ ១២:២) ដើម្បី​ឲ្យ​យើង​អាច​ទទួល​ការ​អត់​ទោស​បាប និង​បន្ត​រស់នៅ​ថ្វាយ​ព្រះអង្គ​ ។ 
ជំនឿ​របស់​យើង​មិន​បាត់បង់​ទេ ព្រោះ​ព្រះអង្គ​ទ្រទ្រង់​ជំនឿ​របស់​យើង​ ។ អ្នក​ដែល​បាន​រត់​ប្រណាំង ដល់ទី​ផ្តាច់​ព្រាត់ ហើយ​ចូល​ទៅ​ក្នុង​អំណរ​របស់​ព្រះអម្ចាស់ កំពុងតែ​មាន​ចិត្ត​សប្បាយ​រីករាយ​ជាង តែ​ក៏​នៅ​ជាប់​ព្រះគ្រីស្ទ ដូច​អ្នកជឿ​ដែល​កំពុង​រស់នៅ ដោយ​ការ​ជំពប់​ដួល ការ​តយុទ្ធ ការ​ទុកចិត្ត ការ​ចម្រើន​ឡើង និង​ការ​ស៊ូ​ទ្រាំ​ ។ គ្មាន​អំណាច ឬ​កលឧបាយ​អ្វី​ដែល​អាច​ពង្រាត់​អ្នកជឿ​ព្រះគ្រីស្ទ ចេញ​ពី​ក្តី​ស្រឡាញ់​របស់​ព្រះ​បានទេ​ ។ ព្រះអង្គ​ស្រឡាញ់​អ្នក​ខ្លាំង​បំផុត ហើយ​អ្នក​ក៏​នៅ​ជាប់​ព្រះអង្គ យ៉ាង​រឹងមាំ​បំផុត​ផង​ដែរ​ ។ 
កិច្ច​ការ​ដែល​សេចក្តី​ល្អ​របស់​ព្រះអង្គ​បាន​ចាប់​ផ្តើម
ព្រះ​ហស្ត​ដ៏​មាន​អំណាច​របស់​ទ្រង់ នឹង​សម្រេច
ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ មានតែ​បាទ និង​អាម៉ែន
ហើយ​មិន​ដែល​ខកខាន​ឡើយ​ ។
គ្មាន​ការ​អ្វី​ក្នុង​ពេល​អនាគត ឬ​ការ​អ្វី​ក្នុង​ពេល​សព្វថ្ងៃ 
គ្មាន​​អ្វី​នៅ​ស្ថាន​ក្រោម ឬ​ស្ថាន​លើ​ក្តី 
ដែល​អាច​រា​រាំង​គោលបំណង​ទ្រង់
ឬ​កាត់​ផ្តាច់​វិញ្ញាណ​ខ្ញុំ​ចេញពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ឡើយ​ ។ 52


ខគម្ពីរ​ជញ្ជឹង​គិត៖ ភីលីព ១:១-៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ចោទិយកថា ១៩-២១ និង កិច្ចការ ៥:១-២១ក

ប្រភេទ