
មុនពេលខ្សែប្រាក់ដាច់
ដោយAlistair Begg
July 5, 2026
«ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ... គឺមុនដែលខ្សែប្រាក់ដាច់ ចានមាសបែក ក្អមបែកនៅឯក្បាលទឹក ឬរហាត់ទឹកនៅអណ្ដូងខូចទៅ» ។ សាស្តា ១២:១,៦
ជីវិតមានភាពផុយស្រួយខ្លាំងណាស់ ហើយបទកំណាព្យដែលអ្នកនិពន្ធកណ្ឌគម្ពីរសាស្តាបាននិពន្ធ បានបង្ហាញថា ជីវិតមនុស្សមានភាពផុយស្រួយប៉ុណ្ណា ។ គឺប្រៀបដូចជាចង្កៀងដែលគេចងព្យួរ ហើយត្រូវធ្លាក់បែកខ្ទេចអស់ ។ ជីវិតរបស់យើងនៅលើផែនដី កំពុងតែចងព្យួរដោយខ្សែអំបោះប្រាក់ដែលតូចល្អិតយ៉ាងខ្លាំង ។
ក្នុងពិភពកំណាព្យ ដែលប្រៀបប្រដូចជីវិត ការកំរើកតែបន្តិចអាចធ្វើឲ្យខ្សែអំបោះប្រាក់នោះដាច់ ចាន និងក្អមធ្លាក់បែក ហើយខ្សែចងយោងធុងទឹកចេញពីអណ្តូងដាច់ ។ ការប្រៀបប្រដូចនេះក្រើនរំឭកយើងថា ពេលវេលារបស់យើងក៏នឹងអស់នៅពេលណាមួយ ដោយមិនមានការជូនដំណឹងជាមុន ។
អ្នកប្រហែលកំពុងធ្វើការ ក្នុងការវិនិយោគ វិស្វកម្ម បច្ចេកវិទ្យា ឬការស្រាវជ្រាវវិទ្យាសាស្ត្រ ឬស្គាល់នរណាម្នាក់ដែលកំពុងធ្វើការក្នុងវិស័យទាំងនេះ ។ ក្នុងអាជីពទាំងអស់នេះ គេត្រូវធ្វើការគណនា ដែលច្រើនតែមានសារៈសំខាន់យ៉ាងខ្លាំង ។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់បានត្រាស់ហៅយើងម្នាក់ៗ ឲ្យគណនាអ្វីមួយដែលសំខាន់ជាងនេះទៀត គឺគណនាពេលវេលានៃជីវិត ។ បើយើងត្រូវរាប់ចំនួនថ្ងៃនៃជីវិតយើងឲ្យបានត្រឹមត្រូវ ឬរកឃើញអត្ថន័យជីវិត និងគោលបំណង គឺយើងត្រូវរាប់ដោយព្រះគុណព្រះ ។
កណ្ឌគម្ពីរសាស្ដាក្រើនរំឭកយើងជាញឹកញាប់ថា ចុងបញ្ចប់នៃជីវិតយើងកំពុងតែមករកយើងហើយ ។ គឺដូចមានសេចក្តីចែងថា «ធូលីត្រឡប់ជាដីដូចដើមវិញ នឹងវិញ្ញាណត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ» (សាស្តា ១២:៧) ។ ប៉ុន្តែ យើងមិនទាន់ដល់ចុងបញ្ចប់នៃជីវិតយើងនៅឡើយទេ ។ ដូចនេះ ថ្ងៃនេះជាថ្ងៃដែលយើងនៅមានឱកាស ។
តើព្រះអង្គកំពុងត្រាស់ហៅយើងឲ្យឆក់ឱកាសអ្វីខ្លះ? ព្រះទ្រង់មិនបានប្រាប់អ្នកឲ្យធ្វើការអ្វីដែលពិបាកពេក ។ ព្រះអង្គមិនមែនកំពុងតែត្រាស់ហៅអ្នក ឲ្យបង្កើតអង្គការមនុស្សធម៌ ឡើងភ្នំអេរើរេស ឬរត់ជុំវិញតំបន់ដែលយើងរស់នៅ ៤៧ជុំ ដោយការអធិស្ឋាននោះទេ ។ ព្រះអង្គគ្រាន់តែប្រាប់អ្នកឲ្យនឹកចាំព្រះអង្គ ហើយថ្វាយជីវិតដាច់ដល់ទ្រង់ ដោយមិនលាក់ទុកអ្វីមួយ ដើម្បីកាលណាខ្សែអំបោះប្រាក់បានដាច់ហើយ អ្នកនឹងចូលទៅក្នុងទីក្រុងដ៏អស់កល្ប ដែលមានផ្លូវក្រាលដោយមាស (វិវរណៈ ២១:២១) ។ តើអ្នកបានធ្វើដូចនេះហើយឬនៅ? តើអ្នកនឹងធ្វើដូចនេះទេ?
ខគម្ពីរជញ្ជឹងគិត៖ សាស្តា ១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ២៥-២៧ និង កិច្ចការ ៦