នំម៉ាណាប្រចាំថ្ងៃ
តម្លា​ភាព​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ

តម្លា​ភាព​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ

ដោយAlistair Begg

July 6, 2026

«ឯ​កិរិយា​របស់​ខ្ញុំ គ្រប់​ពេល​គ្រប់​វេលា ដែល​នៅ​ជាមួយនឹង​អ្នក​រាល់​គ្នា តាំងពី​ថ្ងៃ​ដែល​ខ្ញុំ​ចូល​ទៅ​ស្រុក​អាស៊ី​មុន​ដំបូង គឺ​ដែល​ខ្ញុំ​បាន​បំរើ​ព្រះអម្ចាស់ ដោយ​ចិត្ត​សុភាព​គ្រប់​ជំពូក ហើយ​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន ទាំង​ត្រូវ​សេចក្ដី​ល្បង ដោយ​កិច្ចកល​របស់​ពួក​សាសន៍​យូដា​បែប​យ៉ាងណា នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ ។ ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្ដាល​ជំនុំ​វិញ ហើយពី​ផ្ទះ១ទៅ​ផ្ទះ១ផង» ។ កិច្ចការ ២០:១៨-២០
កាល​សាវ័ក​ប៉ុល​ជួប​ពួក​ចាស់ទុំ​នៅ​ទីក្រុង​អេភេសូរ គាត់​បាន​ក្រើន​រំឭក​បង​ប្អូន​រួម​ជំនឿ​ទាំង​នោះ អំពី​តម្លា​ភាព និង​ស្មោះ​ត្រង់ ក្នុង​របៀប​ដែល​គាត់​រស់នៅ និង​បង្រៀន ក្នុង​ចំណោម​ពួកគេ​ ។ ការ​ប្រព្រឹត្ត​របស់​គាត់ មិន​ដូច​អ្នក​លក់​ឡាន​មិន​ស្មោះ​ត្រង់ ដែល​សង្ឃឹមថា អ្នក​នឹង​ទិញ​ឡាន​របស់​គាត់ ហើយ​បើក​ឡាន​ចេញពី​ការ៉ាស់​របស់​គាត់ ដោយ​មិន​បាន​កត់​សំគាល់​ឃើញ​ច្រេះ​ចាប់ នៅ​លើ​​ផ្ទៃ​ខាង​ក្រោម​របស់​ឡាន​ ។ 
ការ​ចំណាយ​ពេល​របស់​សាវ័ក​ប៉ុល​នៅ​ទីក្រុង​អេភេសូរ មិនមែន​ដូច​គ្រូ​ផ្សាយ​ដំណឹង​ល្អ ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ ចូល​ទៅ​ក្នុង​ទីក្រុង ផ្សាយ​ដំណឹង​ល្អ​ទ្រង់ទ្រាយ​ធំ​ទៅ​កាន់​ប្រជាជន​នៅ​ទីនោះ ហើយ​ជិះ​យន្តហោះ​ត្រឡប់​ទៅវិញ​នោះ​ឡើយ​ ។ ទេ គាត់​បាន​ចំណាយ​ពេល​យ៉ាង​ហោច​​ណាស់២ឆ្នាំ​នៅ​ទីនោះ ដោយ​ចូល​រួម​សកម្មភាព​ជាមួយ​ពួកគេ បង្រៀន​ដំណឹង​ល្អ និង​សង់​ពួក​ជំនុំ (កិច្ចការ ១៩:១-២០:១) ។ ប្រជាជន​នៅ​ទីក្រុង​អេភេសូរ​បាន​ឃើញ​គាត់ នៅ​តាម​ផ្លូវ និង​នៅ​ផ្សា​ ។ មនុស្ស​ជា​ច្រើន​មាន​ឱកាស​សន្ទនា​ជាមួយ​គាត់​ជា​លក្ខណៈ​បុគ្គល​ ។ ពួកគេ​ប្រាកដ​ជា​បាន​ដឹង​ថា នៅពេល​ដែល​គាត់​មាន​ប្រសាសន៍​ថា គាត់​បាន​បម្រើ​ព្រះអម្ចាស់ ដោយ​ការ​បន្ទាប​ខ្លួន​យ៉ាង​ខ្លាំង គឺ​គាត់​មិន​និយាយ​កុហក​ទេ​ ។ ពួកគេ​បាន​ឃើញ​គាត់​ស្រក់​ទឹក​ភ្នែក ដោយសារ​ពួកគេ និង​ដោយសារ​​ទុក្ខ​លំបាក​ដែល​គាត់​ជួប​ប្រទះ ក្នុង​ចំណោម​ពួកគេ​ ។
អាច​និយាយ​ម្យ៉ាង​ទៀត​ថា ការងារ និង​ដួង​ចិត្ត​របស់​សាវ័ក​ប៉ុល មាន​តម្លា​ភាព​ ។ គាត់​មិន​មាន​អ្វី​ដែល​ត្រូវ​លាក់​បាំង ហើយ​គាត់​ក៏​មិន​ដែល​ព្យាយាម​លាក់​បាំង​អ្វី​ដែរ​ ។ ក្រោយមក គាត់​ក៏បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ដោយ​និយាយ​អំពី​ភាព​ចាំបាច់​នៃ​តម្លា​ភាព យ៉ាង​ដូច​នេះ​ថា «យើង​ខ្ញុំ​លះចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយកល ឬ​បំប្លែង​ព្រះបន្ទូល​ឡើយ គឺ​យើង​ខ្ញុំ​ផ្ទុក​ផ្ដាក់​ខ្លួន នឹង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់ នៅ​ចំពោះ​ព្រះ ដោយ​សំដែង​សេចក្ដី​ពិត​វិញ» (២កូរិនថូស ៤:២) ។ គាត់​ក៏​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សារៈសំខាន់​នៃ​តម្លា​ភាព ទៅ​កាន់​លោក ​ធីម៉ូថេ ដែល​ជា​សិស្ស​របស់​គាត់ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​នឹង​សេចក្ដី​បង្រៀន» (១ធីម៉ូថេ ៤:១៦) ។
សាវ័ក​ប៉ុល​ជឿ​ថា គ្រីស្ទបរិស័ទ​ត្រូវ​រស់នៅ ឲ្យ​សម​ស្រប​នឹង​ពាក្យ​សម្តី​របស់​ខ្លួន គឺ​មិនមែន​និយាយ​ផ្សេង ធ្វើ​ផ្សេង​នោះ​ឡើយ​ ។ បើ​អ្នក​ផ្សាយ​ដំណឹង​ល្អ​មិន​មាន​តម្លា​ភាព​ទេ ព្រះបន្ទូល​ដែល​គាត់​ផ្សាយ​ទៅ ក៏​ខ្វះ​អំណាច និង​ប្រសិទ្ធភាព​ដែរ​ ។ នៅពេល​ដែល​អ្នក​ចែក​ចាយ អំពី​ក្តី​សង្ឃឹម និង​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ មនុស្ស​ដែល​​ស្តាប់​ការ​ចែកចាយ​របស់​អ្នក គួរតែ​អាច​សង្កេត​មើល​ជីវិត​របស់​អ្នក ហើយ​បញ្ជាក់​ថា អ្នក​ពិត​ជា​ជឿ​សេចក្តី​ពិត​ដែល​អ្នក​កំពុង​ប្រកាស​ឬ​អត់​ ។ 
ការ​រស់នៅ និង​ពាក្យ​សម្តី​របស់​អ្នក គួរ​តែ​សម​ស្រប​នឹង​ដំណឹង​ល្អ ទាំង​នៅ​ក្នុង និង​ក្រៅ​ព្រះវិហារ​ ។ ការ​នេះ​មិន​មានន័យថា អ្នក​នឹង​រស់នៅ​ដោយ​គ្មាន​បាប​នោះ​ទេ តែ​មានន័យថា ជីវិត​របស់​អ្នក​នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ដឹង​ថា អ្នក​បាន​ផ្លាស់​ប្រែ ដោយសារ​ព្រះគុណ​ព្រះ​ ។ ចូរ​អធិស្ឋាន​សូម​ព្រះ​ជួយ​អ្នក ដោយ​ព្រះគុណ​ទ្រង់ ដើម្បី​រស់នៅ​ជាទី​បន្ទាល់​ដ៏​រស់ នៃ​សេចក្តី​ពិត​នៃ​ព្រះរាជសារ​ដែល​អ្នក​ប្រកាស​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ កិច្ចការ ១៩:១-២០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ចោទិយកថា ២៨-២៩ និង កិច្ចការ ៧:១-២១

ប្រភេទ