
អធិស្ឋានឥតឈប់ឈរ
ដោយAlistair Begg
July 7, 2026
«ចូរអរសប្បាយជានិច្ច ។ ចូរអធិស្ឋានឥតឈប់ឈរ ។ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ» ។ ១ថែស្សាឡូនិច ៥:១៦-១៨
យើងកំពុងតែស្ថិតនៅក្នុងសង្គ្រាមខាងវិញ្ញាណ ។ សង្គ្រាមអាចលេចឡើង នៅចំពោះមុខយើង គ្រប់ច្រកល្ហក ប៉ុន្តែ តាមពិត យើងកំពុងតែតយុទ្ធជាប់ជានិច្ច ជាមួយនឹងអំណាចខាងវិញ្ញាណនៃសេចក្តីអាក្រក់ (អេភេសូរ ៦:១២) ។ នៅក្នុងសមរភូមិនោះ ការអធិស្ឋានពិតជាមានភាពចាំបាច់ ហេតុនេះហើយ សាវ័កប៉ុលបានលើកទឹកចិត្តយើងឲ្យ «អធិស្ឋានឥតឈប់ឈរ» ។
តើការនេះមានន័យដូចនេះ? សាវ័កប៉ុលមិនមែនកំពុងតែបង្គាប់យើង ឲ្យទុកកិច្ចការទាំងអស់ចោល ដើម្បីជួបជុំគ្នាអធិស្ឋានគ្រប់ម៉ោងនោះទេ ។ ជាការពិតណាស់ យើងមានឯកសិទ្ធិពិសេស ក្នុងការអធិស្ឋានឮៗជាមួយពួកបរិសុទ្ធដទៃទៀត ។ ប៉ុន្តែ ជាញឹកញាប់ ការអធិស្ឋានរបស់យើងបន្លឺឡើង តែនៅក្នុងចិត្តយើងប៉ុណ្ណោះ ។
អ្នកនិពន្ធបទចម្រៀងទំនុកសកល បានធ្វើការបកស្រាយអត្ថន័យ យ៉ាងក្បោះក្បាលថា :
ការអធិស្ឋានបង្ហាញបំណងចិត្តដ៏ស្មោះត្រង់
ទោះដោយបន្លឺសម្លេងឡើង ឬក្នុងចិត្តក្តី
ភាពឆេះឆួលដែលកប់នៅក្នុងចិត្ត
គឺជាអារម្មណ៍ដែលញាប់ញ័រនៅចំពោះព្រះ ។53
នេះគឺជាការអធិស្ឋាន ។ ទោះ «ដោយបន្លឺសម្លេង ឬនៅក្នុងចិត្ត» ក្តី ការអធិស្ឋានគឺជាការទំនាក់ទំនងជាមួយព្រះ ។ ហើយការអធិស្ឋានគួរតែបានធ្វើជាផ្នែកមួយនៃជីវិតយើង ដែលមិនចេះអាក់ខាន បូករួមជាមួយនឹងការអរព្រះគុណ ទោះយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
ពុំនោះទេ យើងនឹងបោកខ្លួនឯងឲ្យគិតឃើញថា ការអធិស្ឋានគ្រាន់តែជាសកម្មភាពបន្ទាប់បន្សំដ៏ល្អមួយ ដែលយើងធ្វើក៏បាន មិនធ្វើក៏បាន តែយើងត្រូវចាំថា ការដែលព្រះគម្ពីរប៊ីបបានបង្គាប់យើងឲ្យអធិស្ឋានឥតឈប់ឈរ គឺបានបង្ហាញថា ការអធិស្ឋានមានសារៈសំខាន់ប៉ុណ្ណា ។ ការអធិស្ឋានមិនមែនជាជម្រើស តែមានសារៈសំខាន់ណាស់ ។ ការអធិស្ឋានមិនមែនជាកិច្ចការដែលយើងត្រូវធ្វើតែមួយភ្លែត រួចភ្លេចទៅវិញ ធ្វើមើលតែរយៈពេល៥នាទី នៅពេលព្រឹក មានភាពគ្រប់គ្រាន់សម្រាប់រយៈពេលពេញមួយថ្ងៃនោះឡើយ ។ គ្មាននរណាអាចអរសប្បាយនឹងទំនាក់ទំនងជាមួយព្រះបានឡើយ បើសិនជាពួកគេមិនបានឆ្លងកាត់ពេញពេញមួយថ្ងៃ ដោយវិញ្ញាណនៃការអធិស្ឋានទេនោះ ។
ដូចនេះ ការអធិស្ឋាន ទោះមានការបន្លឺសម្លេងឬអត់ គឺជាការឆ្លុះបញ្ចាំង អំពីសេចក្តីពិតដ៏សំខាន់នៃជំនឿរបស់គ្រីស្ទបរិស័ទ ដែលថា បើដាច់ពីព្រះគ្រីស្ទ អ្នកមិនអាចបង្កើតផលផ្លែបានទេ (យ៉ូហាន ១៥:៥) ។ ពេលណាអ្នកគិតថា អ្នកអាចឈ្នះសង្គ្រាមខាងវិញ្ញាណ ដោយពឹងអាងកម្លាំងខ្លួនឯង អ្នកនឹងទទួលបរាជ័យមិនខាន ។ ប៉ុន្តែ នៅពេលដែលអ្នកទទួលជំនួយពីព្រះគ្រីស្ទ តាមរយៈការអធិស្ឋាន ព្រះអង្គបានសន្យាថា នឹងជួយអ្នកបង្កើតផលផ្លែ និងបំពេញអ្នកដោយក្តីអំណរ ខណៈពេលដែលអ្នកដើរឆ្ពោះទៅមុខ ក្នុងសង្គ្រាម ដើម្បីនគរទ្រង់ ។ ដូចនេះ នៅថ្ងៃនេះ ចូរព្យាយាមអធិស្ឋាន និងអរព្រះគុណព្រះ ក្នុងកាលៈទេសៈទាំងអស់ដែលអ្នកជួបប្រទះ និងព្យាយាមនិយាយទៅកាន់ព្រះវរបិតារបស់អ្នក ក្នុងពេលដែលព្រះអង្គដឹកនាំអ្នកឆ្លងកាត់ ហើយអរសប្បាយចំពោះសេចក្តីពិតដែលថា នៅក្នុងព្រះគ្រីស្ទ ព្រះអាទិករនៃចក្រវាលតែងតែផ្ទៀងព្រះកាណ៌ស្តាប់ពាក្យដែលអ្នកអធិស្ឋានជានិច្ច ។
ខគម្ពីរជញ្ជឹងគិត៖ ខគម្ពីរជញ្ជឹងគិត៖ យ៉ូហាន ១៥:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ៣០-៣១ និង កិច្ចការ ៧:២២-៤៣