
យុត្តិធម៌ដែលយើងមិននឹកស្មានដល់
ដោយAlistair Begg
July 8, 2026
«បើមនុស្សណាធ្វើឲ្យអ្នកជិតខាងខ្លួនមានរបួស នោះគេត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចគ្នាវិញ ត្រូវបំបាក់ឆ្អឹងឲ្យធួននឹងឆ្អឹងដែលបាក់ ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចជាខ្លួនបានធ្វើគេដែរ» ។ លេវីវិន័យ ២៤:១៩-២០
អ្នកខ្លះប្រហែលជាជួបការល្បួង ឲ្យជំពប់ដួល ដោយសារសេចក្តីដែលបានចែងដូចនេះ ក្នុងព្រះគម្ពីរប៊ីប ដោយយល់ឃើញថា នេះជាការបង្គាប់ឲ្យមានការសងសឹកដែលធ្ងន់ធ្ងរពេក ។ ទោះជាយ៉ាងណាក៏ដោយ គោលការណ៍នៃព្រះគម្ពីរសញ្ញាចាស់នេះ មិនបានអនុញ្ញាតឲ្យសងសឹកខ្មាំងសត្រូវ ដោយគ្មានដែនកំណត់នោះទេ ។ ផ្ទុយទៅវិញ គោលការណ៍នេះត្រូវបានបង្កើតមក ដើម្បីធានាថា ការដាក់ទោសនឹងត្រូវបានធ្វើឡើង ឲ្យសមនឹងបទឧក្រឹដ្ឋដែលមនុស្សម្នាក់បានប្រព្រឹត្ត គឺមិនឲ្យលើសឡើយ ។ នេះជាការការពារ មិនឲ្យមានការសងសឹកហួសហេតុពេក ខណៈពេលដែលគេកំពុងសម្រេចយុត្តិធម៌ ។
សង្គមជាច្រើននៃទូទាំងពិភពលោក មានការភាន់ភាំង ចំពោះវប្បធម៌របស់បស្ចិមប្រទេស ដែលខកខានមិនបានដាក់ទោសជនជាប់ចោទ ឲ្យសមនឹងបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្ត ។ ឧទាហរណ៍ សូមយើងស្រមៃថា មនុស្សម្នាក់បានបោកប្រាស់លុយរាប់លានដុល្លា តាមរយៈគម្រោងបោកប្រាស់ដ៏ប៉ិនប្រសប់អស់ជាច្រើនឆ្នាំ ។ បន្ទាប់ពីការជំនុំជម្រះទោសប៉ុន្មានខែក្រោយមក អ្នកនោះទំនងជានឹងត្រូវទទួលទោស ឲ្យជាប់គុកជាច្រើនឆ្នាំ ។ ប៉ុន្តែ ជនរងគ្រោះជាច្រើនរាប់មិនអស់ នៅតែមិនបានទទួលប្រាក់សំណងមកវិញ ។ តាមទស្សនៈនៃព្រះគម្ពីរប៊ីប ឧក្រិដ្ឋជននោះគួរតែប្រឹងប្រែងរកប្រាក់ ទាល់តែគាត់បានសងជនរងគ្រោះម្នាក់ៗ នូវទឹកប្រាក់ដែលគាត់បានបោកប្រាស់ពួកគេ ។ យ៉ាងដូចនេះ ការដាក់ទោសគួរតែសមនឹងបទឧក្រិដ្ឋរបស់គាត់ ។
ដើម្បីឲ្យមានយុត្តិធម៌ គេត្រូវតែដាក់ទោស ។ ហើយក្នុងជម្រៅចិត្តរបស់មនុស្សម្នាក់ៗ ពួកគេចង់បានយុត្តិធម៌ប្រភេទនេះ ។ នៅក្នុងការពិភាក្សា អំពីភាពចាំបាច់នៃចុងបញ្ចប់ដ៏ល្អ សម្រាប់តួឯក ក្នុងខ្សែភាពយន្ត អ្នកស្រីសារ៉ា ខូលេតុន (Sara Colleton) ជានាយកផ្នែកផលិតកម្មវិធីទូរទស្សន៍ បានលើកឡើងថា «ទោះអ្នកចង់ហៅចុងបញ្ចប់នោះថា ការដាក់ទោស ដែលមានលក្ខណៈស្របនឹងព្រះគម្ពីរបន្តិចសម្រាប់ខ្ញុំក៏ដោយ ក៏ការកាត់ទោសផ្នែកក្រមសីលធម៌ក៏មានភាពចាំបាច់ សម្រាប់តួអង្គទាំងនោះ ដែលពួកគេមិនអាចជៀសរួច» ។54យើងបានដឹងថា យុត្តិធម៌ត្រូវតែមាន នេះជាការពិត ដែលបានបង្ហាញថា ព្រះទ្រង់បានបង្កើតយើងមក ជាមនុស្សដែលមានក្រមសីលធម៌ ។ យើងរាល់គ្នាសុទ្ធតែកើតមក ដោយមានការដឹងថា «អ្វីដែលគួរធ្វើ ឬមិនគួរធ្វើ» ទោះអ្នកខ្លះបានព្យាយាមបដិសេធយ៉ាងណាក៏ដោយ ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងព្រះគម្ពីរប៊ីប ព្រះទ្រង់ប្រទានយុត្តិធម៌ចុងក្រោយ តាមរបៀបដែលមនុស្សមិននឹកស្មានដល់ ដែលមិនគ្រាន់តែឆ្លើយតបចំពោះបំណងចិត្តយើងដែលចង់បានយុត្តិធម៌ប៉ុណ្ណោះទេ តែក៏ឆ្លើយតប ចំពោះបំណងចិត្តដែលចង់ឲ្យព្រះទ្រង់ទទួលយកយើងផងដែរ ។ ទោះយើងជាមនុស្សមានបាប ដែលសមនឹងទទួលទោស មានបុគ្គលម្នាក់បានទទួលយកភាពទុច្ចរិត ភាពពុករលួយ និងការបដិសេធន៍ខាងជំនឿរបស់យើង ។ សេចក្តីស្លាប់គឺជាទោសដែលយើងសមនឹងទទួល តែព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ បានទទួលយកទោសជំនួសយើង ហើយបានបំពាក់យើង ដោយអាវនៃសេចក្តីសុចរិត ដែលចាំបាច់សម្រាប់រស់នៅ ជាទូតរបស់ព្រះអង្គ ហើយស្លាប់ជាមិត្តសំឡាញ់របស់ព្រះអង្គ ។
បើអ្នកបានពាក់អាវនៃសេចក្តីសុចរិតនោះហើយ ចូរកុំភ្លេចឲ្យសោះថា អ្នកមិនសមទទួលបានអាវនោះទេ ។ នៅថ្ងៃនេះ ចូរអរសប្បាយជាថ្មី ក្នុងព្រះគុណព្រះ ។ យុត្តិធម៌ដ៏សុចរិតរបស់ព្រះអង្គ គឺបានសម្រេចតាមរយៈការសុគតរបស់ព្រះគ្រីស្ទ ។ ទោសដែលព្រះអង្គទទួល គឺសមនឹងបាបរបស់អ្នក ។ ហើយចៅក្រមរបស់អ្នកបានប្រមូលអ្នកចូលទៅក្នុងរង្វង់ព្រះពាហុនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយហៅយើងថា កូនរបស់ព្រះអង្គ ។ គ្រីស្ទបរិស័ទត្រូវមានការបន្ទាបខ្លួនយ៉ាងខ្លាំង តែគ្រីស្ទបរិស័ទក៏ត្រូវមានអារម្មណ៍ថា ព្រះអង្គបានស្រឡាញ់ពួកគេ ហើយថែរក្សាពួកគេឲ្យជាប់ក្នុងព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត៖ កាឡាទី ៣:១០-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ៣២-៣៤ និង កិច្ចការ ៧:៤៤-៦០