នំម៉ាណាប្រចាំថ្ងៃ
បញ្ហា​នៃ​ការ​ប្រតិបត្តិ​ជំនឿ​ដូច​សាសនា

បញ្ហា​នៃ​ការ​ប្រតិបត្តិ​ជំនឿ​ដូច​សាសនា

ដោយAlistair Begg

July 9, 2026

«ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ពួក​អ្នក​កាត់​ស្បែក​ជាដើម ដែល​រឹងរូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បង្ខូច​គំនិត​មនុស្ស ... គេ​ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ» ។ ទីតុស ១:១០,១៦
ជួនកាល បញ្ហា​ធំ​បំផុត​របស់​ពួក​ជំនុំ កើត​ចេញពី​ខាង​ក្នុង​ពួក​ជំនុំ មិន​មែន​ពី​ខាង​ក្រៅ​ទេ​ ។ 
គឺ​ដូច​ដែល​ពួក​ជំនុំ​នៅ​កោះ​ក្រេត​បាន​ធ្វើ​ជា​គំរូ​ស្រាប់ ដែល​នៅ​ទីនោះ សាវ័ក​ប៉ុល​ដាក់​លោក ​ទីតុស ឲ្យ​សង់​ពួក​ជំនុំ​នៅ​លើ​គ្រឹះ​ដ៏​រឹងមាំ ដោយ​ការ​ដឹកនាំ​ដែល​កោត​ខ្លាច​ព្រះ (ទីតុស ១:៥) ។ ការ​ព្រួយ​បារម្ភ​ជាបឋម​របស់​សាវ័ក​ប៉ុល ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើរ​ទៅ​លោក ​ទីតុស គឺ​មិនមែន​ដោយសារ​បញ្ហា​ដែល​គេ​មិន​ជឿ​ថា ព្រះ​មាន​ពិតមែន ការ​បូក​បញ្ចូល​ជំនឿ​សាសនា​លាយឡំ​គ្នា ឬ​លទ្ធិ​មនុស្ស​និយម ដែល​កំពុង​មាន​វត្ត​មាន​ក្នុង​វប្ប​ធម៌​នៅ​ជុំ​វិញ​ពួកគេ​នោះ​ទេ​ ។ ការ​អាន​កណ្ឌ​គម្ពីរ​ទីតុស​យ៉ាង​ប្រុង​ប្រយ័ត្ន ក៏​ដូច​ជា​ការ​អាន​ប្រវត្តិ​សាស្រ្ត​ពួក​ជំនុំ គឺ​បាន​បង្ហាញថា ការ​គំរាម​កំហែង​ធំ​បំផុត​ចំពោះ​ពួក​ជំនុំ លេច​ចេញពី​មនុស្ស​នៅ​ក្នុង​ពួក​ជំនុំ ដែល​តាំង​ខ្លួន​ជា​អ្នក​ស្គាល់​ព្រះអម្ចាស់ ប៉ុន្តែ បាន​បោក​ប្រាស់​ទាំង​ខ្លួនឯង និង​អ្នក​ដទៃ​ ។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​មនុស្ស​មួយ​ចំនួន ក្នុង​ពួក​ជំនុំ​នេះ​ថា ជា​មនុស្ស​ដែល «ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ» ។ ពួក​គេ​មាន​គោល​ជំនឿ ប៉ុន្តែ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​មិន​សម​ស្រប​នឹង​គោល​ជំនឿ​នោះ​ទេ​ ។ ពួកគេ​អាច​និយាយ​ស្តី​យ៉ាង​ត្រឹម​ត្រូវ តែ​មិន​មានផល​ផ្លែ​ក្នុង​ជីវិត​ទេ​ ។ 
ពួក​ជំនុំ​នៅ​កោះ​ក្រេត មាន​ឈ្មោះ​ជា មនុស្ស​ដែល​ ​«ចេះតែ​ភូត​កុហក ជា​សត្វ​ព្រៃ​កំណាច ជា​ពួក​ល្មោភ ហើយ​កំជិល» (ទីតុស ១:១២) ។ ហើយ​បញ្ហា​ស្ថិត​នៅ​ត្រង់ថា មនុស្ស​មួយ​ចំនួន​ដែល​ប្រកាស​ថា ខ្លួន​ជា​អ្នកជឿ ក្នុង​ពួក​ជំនុំ​នៅ​កោះ​ក្រេត និង​មាន​ឥទ្ធិពល​ខ្លះៗ​មក​លើ​អ្នក​ដទៃ តែ​មិន​មាន​លក្ខណៈ​សម្បត្តិ​ខុសពី​លោកិយ​ទេ​ ។ ហើយ​នៅពេល​ដែល​មនុស្ស​ដែល​តាំង​ខ្លួន​ជា​អ្នកជឿ «និយាយ​ច្រើន​អំពី​ព្រះ» តែ​រស់នៅ​ដោយ​មិន​គោរព​ប្រតិបត្តិ​ព្រះ នោះ​ទង្វើ​របស់​ពួកគេ មិន​ខុសពី​សង្គម​នៅ​ខាង​ក្រៅ​ទេ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​ទី​ន្ទាល់​នៃ​ពួក​ជំនុំ ក្នុង​សង្គម​ផង​ដែរ​ ។
ព្រះវិហារ​អាច​ក្លាយ​ជា​កន្លែង​ដ៏​គ្រោះ​ថ្នាក់​ ។ បើ​យើង​មិន​ប្រយ័ត្ន​ទេ ព្រះវិហារ​អាច​ផ្តល់​ឱកាស សម្រាប់​ឲ្យ​មនុស្ស​មាន​ការ​ផ្លាស់​ប្រែ​តែ​សម្បក​ក្រៅ​បន្តិច​បន្តួច ខណៈ​ពេល​ដែល​ពួកគេ​បន្ត​រស់នៅ​ដូច​មនុស្ស​នៅ​ជុំ​វិញ​ពួកគេ​ ។ ពួកគេ​អាច​មាន​ការ​រស់នៅ ដែល​មើលទៅ​ហាក់​ដូចជា​បាន​ថ្វាយ​ជីវិត​ដល់​ព្រះគ្រីស្ទ តែ​តាម​ពិត ពួកគេ​មិន​ព្រម​ទទួល​អនុញ្ញាត​ឲ្យ​ព្រះអង្គ​គ្រប់​គ្រង​ផ្នែក​ណាមួយ​នៃ​ជីវិត​របស់​ពួកគេ ព្រោះ​ពួកគេ​មិន​ចង់​មាន​ការ​លះបង់​និស្ស័យ​សាច់ឈាម ដែល​ផ្គាប់​ចិត្ត​សង្គម​ ។ នៅ​កោះ​ក្រេត ការ​និយាយ​ការ​ពិត ខិតខំ​ធ្វើ​ការងារ និង​ការ​មិន​ល្មោភ​ស៊ី អាច​ធ្វើ​ឲ្យ​ពួក​ជំនុំ​មាន​ភាព​ខុស​ប្លែក​ពី​លោកិយ​ ។ សម្រាប់​យើង​វិញ យើង​អាច​ខុសពី​លោកិយ បើសិន​ជា​យើង​ឈប់​មាន​អំនួត ឈប់​មាន​សម្ភារៈ​និយម និង​ឈប់​គិតថា នយោបាយ​គឺជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​សង្គម​គ្រប់​យ៉ាង​ ។
យើង​អាច​ផ្លាស់​ប្តូរ​យ៉ាង​ងាយ​ស្រួល ពី​ការ​មិនទៅ​ព្រះវិហារ ទៅជា​​ការ​ទៅ​ព្រះវិហារ​ទៀត​ទាត់ ដោយ​មិន​មាន​ការ​ផ្លាស់​ប្រែ​ពិត​ប្រាកដ ដោយ​ព្រះគុណ​ព្រះ​ ។ គ្រោះ​ថ្នាក់​ស្ថិត​នៅ​ត្រង់ថា ការ​ជឿ​ព្រះ​ដូច​ការ​កាន់​តាម​សាសនា គឺ​ជា​ឧបសគ្គ ដែល​រារាំង​យើង មិន​ឲ្យ​ឱប​ក្រសោប​យក​សេចក្តី​ពិត​អំពី​ព្រះយេស៊ូវ​ ។ យើង​គួរតែ​សួរ​ខ្លួន​ឯង​ថា តើ​ការ​ប្រព្រឹត្តិ​របស់​ខ្ញុំ បាន​ឆ្លុះ​បញ្ចាំ​អំពី​ជំនឿ​ដែល​ខ្ញុំ​មាន​ចំពោះ​ព្រះគ្រីស្ទ​ទេ? ឬ​វា​មិន​មាន​អ្វី​ខុសពី​អ្នក​ជិត​ខាង​របស់​ខ្ញុំ ដែល​មិន​ជឿ​ព្រះ? 
តើមាន​ថ្នាំ​បន្សាប​អ្វី សម្រាប់​ភាព​ខ្វះ​ចន្លោះ​នៃ​សេចក្តី​ជំនឿ​ដូច​នេះ? គឺ​ត្រូវ​ទទួល​ស្គាល់​ថា ជំនឿ​គ្រីស្ទាន​ពិត​ប្រាកដ មិន​គ្រាន់តែ​ផ្តល់​ឲ្យ​យើង​នូវ​គោល​ជំនឿ​ថ្មី​មួយ តែ​ក៏​កែ​​ប្រែ​ការ​ប្រព្រឹត្ត​របស់​យើង​ផង​ដែរ​ ។ ហើយ​ត្រូវ​ដឹង​ថា ជីវិត​យើង​បាន​ផ្លាស់​ប្រែ​ពី​ក្នុង​មក​ក្រៅ ជា​ជាង​ពី​​ក្រៅ​មក​ក្នុង គឺ​មិន​ចាំបាច់​ត្រូវ​ផ្លាស់​ប្រែ​ភ្លាមៗ តែ​ត្រូវ​ផ្លាស់​ប្រែ​តាម​របៀប​មួយ ដែល​មិន​អាច​ច្រឡំ​នឹង​លោកិយ​បាន​ ។ គឺ​ទាល់តែ​យើង​មើល​ទៅ​សេចក្តី​មេត្តា​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទ ទើប​យើង​មាន​ការ​បណ្តាល​ចិត្ត​ឲ្យ​ថ្វាយ​ជីវិត​ដាច់​ព្រះអង្គ ក្នុង​ការ​ថ្វាយបង្គំ (រ៉ូម ១២:១) ។


ខគម្ពីរ​ជញ្ជឹង​គិត៖ កាឡាទី ៣:១-៩
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ អូបាឌា និង កិច្ចការ ៨:១-២៥

ប្រភេទ