នំម៉ាណាប្រចាំថ្ងៃ
លើក​បន្ទុក​របស់​បាប​ចេញ

លើក​បន្ទុក​របស់​បាប​ចេញ

ដោយAlistair Begg

July 11, 2026

«លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះយេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះន៏ កូនចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក​ ។ គឺ​ពី​ព្រះអង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា ក្រោយ​ខ្ញុំ​មាន​ព្រះ១អង្គយាងមក ដែល​បាន​ត្រឡប់ជា​មុន​ខ្ញុំ ដ្បិត​ទ្រង់​គង់នៅ​មុន​ខ្ញុំ» ។ យ៉ូហាន ១:២៩-៣០
តើ​អ្នក​មាន​អារម្មណ៍​ថា នឿយ​ព្រួយ មាន​អ្វី​តាម​រំខាន និង​សង្កត់​ពីលើ ដោយសារ​បន្ទុក​នៃ​អំពើបាប​របស់​អ្នក​ឬទេ? តើ​អ្នក​ខ្វះ​ការ​ធានា អំពី​ការ​អត់​ទោស​បាប​របស់​អ្នក នៅ​ចំពោះ​ព្រះ​ឬ ? បើ​ដូច្នោះ​មែន ដំណោះ​ស្រាយ​គឺ​ត្រូវ​ផ្ចង់​ភ្នែក​របស់​អ្នក មើលទៅ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដោយ​ការ​បន្ទាប​ខ្លួន និង​ជំនឿ​ ។ គ្មាន​នរណា ឬអ្វី​ផ្សេង​ទៀត ដែល​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ដើម្បី​ដោះ​បន្ទុក​ដ៏​ធ្ងន់​របស់​បាប​ចេញ​ឡើយ​ ។
នៅ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​សញ្ញា​ចាស់ យើង​រក​ឃើញថា ការ​យក​បុគ្គល​ដែល​គ្មាន​បាប មក​ស្លាប់​ជំនួស​មនុស្ស​ដែល​មាន​បាប គឺជា​គោលការណ៍​របស់​ព្រះ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​បាប​ ។ ព្រះ​ទ្រង់​បាន​ប្រទាន​ប្រព័ន្ធ​នៃ​ការ​ថ្វាយ​ដង្វាយ​លោះ​បាប និង​ការ​តម្រូវ​នៃ​ការ​ថ្វាយ​ដង្វាយ​លោះ​បាប ដើម្បី​លើកយក​បញ្ហា​នៃ​ការ​មិន​ស្តាប់​បង្គាប់​របស់​រាស្រ្ត​ទ្រង់ មក​ដោះ​ស្រាយ​ ។ ប៉ុន្តែ នៅពេល​ដែល​យើង​តាមដាន​រឿង​របស់​រាស្រ្ត​ទ្រង់ យើង​ដឹង​ច្បាស់​ថា ប្រព័ន្ធ​នៃ​ការ​លោះ​បាប​នោះ មិន​មាន​ភាព​គ្រប់​គ្រាន់​ទេ​ ។ ពួក​សង្ឃ និង​សត្វ​ដែល​ត្រូវ​ថ្វាយ មិន​មាន​ភាព​គ្រប់​គ្រាន់​ទេ​ ។ ពួកគេ​មិន​អាច​ដក​បាប​ចេញ​បាន​ទេ​ ។ ពួកគេ​មិន​អាច​សង្គ្រោះ​ ។ ពួកគេ​មិន​អាច​ធ្វើ​ឲ្យ​រាស្រ្ត​របស់​ព្រះ​សុចរិត និង​បរិសុទ្ធ​បានទេ​ ។
ប៉ុន្តែ ប្រព័ន្ធ​នៃ​ការ​ថ្វាយ​ដង្វាយ​លោះ​បាប​មាន​ភាព​ចាំបាច់​យ៉ាង​ខ្លាំង ត្រង់​ចំណុច​ដែល​ថា វា​បាន​ឆ្លុះ​បញ្ចាំង​ទុកជា​មុន និង​ពន្យល់​អំពី​ការ​មកដល់​នៃ​កូនចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​ ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ពន្យល់​ថា «ដ្បិត​បើសិន​ជា​សញ្ញា​ចាស់​ឥតមាន​កំហុស នោះ​មិន​បាន​រក​កន្លែង​ឲ្យ​បាន​តាំង១ទៀត​ឡើយ» (ហេព្រើរ ៨:៧) ។ ហេតុ​នេះ​ហើយ នៅពេល​ដែល​លោក ​យ៉ូហាន បាទីស្ទ​ឃើញ​ព្រះយេស៊ូវ គាត់​បាន​ប្រកាស​ថា «នុ៎ះន៏ កូនចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក» ។ គាត់​កំពុង​ប្រកាស​សេចក្តី​ពិត​ដែល​ថា ព្រះយេស៊ូវ​គឺជា​អង្គ ដែល​បាន​យាង​មក ដើម្បី​លះបង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​លោះ​បាប​មនុស្ស មួយដង​ជា​សម្រេច​សម្រាប់​មនុស្ស​ទាំង​អស់​ដែល​ជឿ​ ។
ក្នុង​ព្រះយេស៊ូវ យើង​មិន​គ្រាន់តែ​មាន​កូនចៀម​ដែល​ស្ម័គ្រ​ព្រះទ័យ​សុគត និង​គ្មាន​បាប​សោះ តែ​ក៏​មាន «ស​ម្តេច​សង្ឃ» ដែល «យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត១ដង​ជា​សំរេច ទាំង​បាន​សេចក្ដី​ប្រោស​លោះ នៅ​អស់​កល្ប​ជានិច្ច មិនមែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូនគោ​ទេ គឺ​ដោយ​យក​ព្រះ​លោហិត​នៃ​អង្គ​ទ្រង់​វិញ» (ហេព្រើរ ៩:១១,១២) ។ ព្រះយេស៊ូវ​អាច​មាន​បន្ទូល​ថា «ការ​ស្រេច​ហើយ» ហើយ​បាន​គង់នៅ​ខាង​ស្តាំ​ព្រះ​ហស្ត​ព្រះ (យ៉ូហាន ១៩:៣០ ហេព្រើរ ១០:១២) គឺ​ខុសពី​ពួក​សង្ឃ​នៅ​សញ្ញា​ចាស់ ដែល​មិន​អាច​ថ្វាយ​ដង្វាយ​លោះ​បាប​មួយដង​ជា​សម្រេច​ ។
ឱ ក្តី​អំណរ និង​សេរី​ភាព ដែល​យើង​ទទួល​បាន ពេល​យើង​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ដង្វាយ​លោះ​បាប​ចុង​ក្រោយ​របស់​យើង! វិញ្ញាណ​ដែល​នឿយ​ព្រួយ​អាច​មាន​សន្តិភាព និង​ការ​សម្រាក​ដ៏​ប្រសើរ! ក្នុង​ព្រះអង្គ បន្ទុក​យើង​ត្រូវ​បាន​លើក​ចេញ ហើយ​ព្រះ​អង្គ​បាន​អត់​ទោស​បាប​យើង បានជា​យើង​អាច​ច្រៀង​ជា​រៀង​រហូត​ថា : 
ខ្ញុំ​មិន​ត្រូវ​ការ​ការ​តវ៉ា​ផ្សេង​ទៀត 
ខ្ញុំ​មិន​ត្រូវ​ការ​ការ​អង្វរ​ផ្សេង​ទៀត 
ការ​សុគត​របស់​ព្រះយេស៊ូវ មាន​ភាព​គ្រប់​គ្រាន់
ហើយ​ព្រះអង្គ​បាន​សុគត​ដើម្បី​ខ្ញុំ​ ។55


ខគម្ពីរ​ជញ្ជឹង​គិត៖ លេវី​វិន័យ ១៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ១-៣ និង កិច្ចការ ៩:១-២២

ប្រភេទ