នំម៉ាណាប្រចាំថ្ងៃ
គ្រាន់តែ​ជា​ស្រមោល ដែល​គ្មាន​អំណាច

គ្រាន់តែ​ជា​ស្រមោល ដែល​គ្មាន​អំណាច

ដោយAlistair Begg

July 13, 2026

«‍សេចក្ដី​ជ័យជំនះ​បាន​លេប​សេចក្ដី​ស្លាប់​បាត់​ហើយ» ។ «‍ឱ​សេចក្ដី​ស្លាប់​អើយ ទ្រនិច​ឯង​នៅឯណា សេចក្ដី​ស្លាប់​អើយ ជ័យជំនះ​របស់​ឯ​ង​នៅ​ឯ​ណា‍» ។ រីឯ​ទ្រនិច​នៃ​សេចក្ដី​ស្លាប់ គឺជា​អំពើបាប ហើយ​អំណាច​របស់​បាប គឺជា​ក្រិត្យ​វិន័យ​ ។ តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ពីព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យជំនះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង» ។ ១កូរិនថូស ១៥:៥៤-៥៧
ក្នុង​ខ​គម្ពីរ​ទាំង​នេះ សាវ័ក​ប៉ុល​កំពុងតែ​ប្រមាថ​សេចក្តី​ស្លាប់ ដោយ​បើក​ចំហ​ ។ ហេតុ​អ្វី​គាត់​អាច​ធ្វើ​ដូច​នេះ​បាន? សេចក្តី​ស្លាប់​មាន​លក្ខណៈ​គួរ​ឲ្យ​ភ័យ​ខ្លាច​ ។ សេចក្តី​ស្លាប់​​ពិតជា​សោកសៅ​ណាស់ ហើយ​ហាក់​ដូចជា​ចំណុច​ចុង​ក្រោយ​ ។ តើ​សាវ័ក​ប៉ុល​បាន​ដឹង​អំពី​អ្វី​ខ្លះ បានជា​គាត់​អាច​ប្រមាថ​អំណាច​ដ៏​គួរ​ឲ្យ​ខ្លាច​របស់​វា ដោយ​ទំនុក​ចិត្ត​យ៉ាង​ដូច​នេះ​បាន? 
គឺ​ដោយសារ​សេចក្តី​ស្លាប់​បាន​បាត់​ទ្រនិច​របស់​វា​ហើយ​ ។ 
ដើម្បី​បក​ស្រាយ​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល​ត្រង់​ចំណុច​នេះ យើង​អាច​ស្រមៃ​អំពី​ក្មេង​ស្រី​ម្នាក់ ដែល​កំពុង​លេង​ជាមួយ​ឪពុក​របស់​គាត់ ក្នុង​ទី​ធ្លា​ក្រោយ​ផ្ទះ​ ។ មាន​សត្វ​ឃ្មុំ​មួយ​ក្បាល​ចាប់​ផ្តើម​ហោះ​ហើរ​នៅ​ក្បែរ​ពួកគេ​ ។ នៅពេល​ដែល​នាង​ឃើញ​វា នាង​ក៏បាន​ស្រែក​ប្រាប់​ឪពុក​របស់​នាង ឲ្យ​ដេញ​វា​ចេញ​ឲ្យ​ឆ្ងាយ ដើម្បី​កុំ​ឲ្យ​វា​ទិច​នាង​ ។ នៅ​ពេល​ដែល​វា​ចូល​កាន់តែ​កៀក ឪពុក​របស់​នាង​ក៏បាន​ចាប់​ផ្តើម​យកដៃ​គ្រវី​ដេញ​វា ហើយ​វា​ក៏​បាន​ទិច​ដៃ​គាត់​ ។ គាត់​ក៏បាន​ដក​ទ្រនិច​នោះ​ចេញ ហើយ​បង្ហាញ​ការ​ឈឺ​ចាប់​របស់​គាត់​ ។ ក្មេង​តូច​នោះ​ក៏បាន​រួចពី​គ្រោះ​ថ្នាក់​ ។
ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួលរង​ទ្រនិច​នៃ​សេចក្តី​ស្លាប់ ជំនួស​យើង នៅ​លើ​ឈើ​ឆ្កាង​ ។ បាប​នាំ​ទៅ​រក​សេចក្តី​ស្លាប់ ហើយ​សេចក្តី​ស្លាប់​ទិច​មនុស្ស ដោយសារ​បាប​របស់​ពួកគេ ព្រោះ​បាប​ត្រូវតែ​នាំ​ទៅ​រក​ការ​ជំនុំជម្រះ​ ។ ប៉ុន្តែ ព្រះគ្រីស្ទ​បាន​ទទួល​ទោស នៅ​លើ​ព្រះ​កាយ​ទ្រង់ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​អស់អ្នក​ដែល​ទុកចិត្ត​ព្រះអង្គ នឹង​មិន​ត្រូវ​ជួប​ការ​ជំនុំជម្រះ​ឡើយ (កាឡាទី ៣:១៣) ។ យើង​ប្រហែល​នៅតែ​ដើរ កាត់ «ជ្រលង​ម្លប់​នៃ​សេចក្តី​ស្លាប់» (ទំនុក​ដំកើង ២៣:៤) ប៉ុន្តែ ដោយសារ​ការ​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ នោះ​សេចក្តី​ស្លាប់​គ្រាន់តែ​ជា​ស្រមោល ដែល​គ្មាន​អំណាច​អ្វី​ឡើយ​ ។ នេះ​ជា​មូល​ហេតុ​ដែល​ព្រះ​យេស៊ូវ​បាន​យក​កំណើត​ជា​មនុស្ស​ ។ ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់ឈាម​ដូច្នោះ​ដែរ «ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អានោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺជា​អារក្ស ដោយ​ទ្រង់​សុគត ហើយ​ឲ្យ​បាន​ប្រោស​ដល់​ពួក​អ្នក​នោះ ដែល​ជាប់​ជា​បាវ​បំរើ​គ្រប់១ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ» (ហេព្រើរ ២:១៤-១៥) ។ 
អ្នក​មិន​ចាំបាច់​ត្រូវ​រស់នៅ ក្នុង​ភាពជា​ទាសករ​ប្រភេទ​នេះ ឬ​ដើរ​នៅ​ក្នុង​ការ​ភ័យ​ខ្លាច​​ទៀត​ទេ​ ។ ព្រះ​យេស៊ូវ​បាន​លប់​បំបាត់​អំណាច​របស់​សេចក្តី​ស្លាប់​ជា​រៀង​រហូត តាមរយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះអង្គ​ ។ ព្រះ​អង្គ​ទទួលយក​ទ្រនិច​របស់​សេចក្តី​ស្លាប់ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឈម​មុខ​ដាក់​អំណាច ដែល​វា​មាន​មក​លើ​បាប​របស់​យើង​ឡើយ​ ។ ផ្ទុយ​ទៅវិញ អ្នក​អាច​ដើរ​ដោយ​សេរី​ភាព នៅ​ថ្ងៃ​នេះ និង​ជា​រៀង​រាល់​ថ្ងៃ ដោយ​ដឹង​ថា ព្រះ​ទ្រង់​បាន​ប្រទាន​អ្នក​នូវ​ជ័យ​ជម្នះ​លើ​​បាប និង​សេចក្តី​ស្លាប់ តាមរយៈ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ហើយ​ ។ បានជា​អ្នក​អាច​មើល​ទៅ​សេចក្តី​ស្លាប់​ហើយ​និយាយ​ថា «ទោះ​ឯង​មាន​លក្ខណៈ​គួរ​ឲ្យ​ភ័យ​ខ្លាច និង​គួរ​ឲ្យ​សោកសៅ​យ៉ាងណា​ក៏ដោយ ក៏​ឯង​បាន​បាត់​ទ្រនិច​របស់​ឯង​ហើយ» ។ ហើយ​អ្នក​អាច​មើល​ព្រះ ដែល​បាន​ទទួល​ទ្រនិច​ជំនួស​អ្នក ហើយ​និយាយ​ថា សិរី​ល្អ គឺជា​របស់​ផង​ព្រះរាជបុត្រា ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​ជ័យ​ជម្នះ ព្រះអង្គ​បាន​ឈ្នះ​សេចក្តី​ស្លាប់ ជា​រៀង​រហូត!56


ខគម្ពីរ​ជញ្ជឹង​គិត៖ ហេព្រើរ ២:១០-១៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ៧-៩ និង កិច្ចការ ១០:‌១-២៣

ប្រភេទ