
ការរកឃើញដែលមិននឹកស្មាន
ដោយAlistair Begg
July 16, 2026
«សម័យនោះហ្វូងលារបស់គីស ជាឪពុកសូល បានវង្វេងបាត់ទៅ នោះគីសនិយាយទៅសូល ជាកូនថា ចូរឯងនឹងបាវម្នាក់នាំគ្នាទៅរកហ្វូងលាទៅ» ។ ១សាំយ៉ូអែល ៩:៣
កាលលោក គីស បានចាត់លោក សូលជាកូន ឲ្យទៅរកសត្វលាដែលបានបាត់ ពួកគាត់ទាំងពីរនាក់មិនបានដឹងថា ការស្វែងរកនោះបាននាំពួកគាត់ទៅជួបរឿងអ្វីទេ ។ នៅពីក្រោយរឿងនេះ ខណៈពេលដែលលោក សូលកំពុងតែធ្វើកិច្ចការរបស់គាត់ ព្រះទ្រង់កំពុងតែបញ្ជូនគាត់ទៅរកហោរាសាំយូអែល ។ មិនយូរប៉ុន្មាន អនាគតស្តេចអ៊ីស្រាអែលអង្គនោះ ក៏បានជួបហោរារបស់ព្រះ ដោយសារតែសត្វពាហនៈដែលបានវង្វេងបាត់នោះ!
រឿងនេះបានឆ្លុះបញ្ចាំងពីគោលលទ្ធិនៃផែនការរបស់ព្រះយ៉ាងច្បាស់លាស់ ។ ព្រះដ៏មានចេស្តាទ្រង់ធ្វើការ នៅក្នុង និងតាមរយៈរឿងដ៏តូច ក្នុងជីវិតយើង ដែលយើងមិនបានព្រៀងទុក ។ ព្រះទ្រង់សម្រេចផែនការសម្រាប់ស្នាព្រះហស្តទ្រង់ តាមរបៀបដ៏អាថ៌កំបាំង ដោយយើងអាចគិត និងមានសកម្មភាពដោយសេរី តែព្រះគម្ពីរប៊ីបបានធានាយើងថា សេរីភាពរបស់យើងមិនអាចរារាំងបំណងព្រះទ័យដ៏អាថ៌កំបាំងរបស់ព្រះអង្គឡើយ ។ ព្រះអង្គក៏បានប្រើមធ្យោបាយផ្សេងៗ ដើម្បីសម្រេចគោលបំណងទ្រង់ តាំងពីអស់កល្បជានិច្ច ។ ការយល់ដឹងដូចនេះ គឺផ្ទុយនឹងទស្សនៈរបស់វប្បធម៌សម័យទំនើប ដែលច្រើនតែមើលឃើញជីវិតជាការកំណត់ដែលគ្មានមេត្តា ឬគ្មានន័យ ។
ដូចនេះ នៅពេលដែលអ្នកធ្វើដំណើរទៅកន្លែងធ្វើការដដែល ជារៀងរាល់ថ្ងៃ ឬធ្វើកិច្ចការដដែលប្រចាំថ្ងៃ និងហ៊ុមព័ទ្ធដោយមនុស្សដដែលរៀងរាល់ថ្ងៃ ចូរដឹងថា ព្រះទ្រង់កំពុងសម្រេចបំណងព្រះទ័យទ្រង់ ក្នុងជីវិតអ្នក និងដឹកនាំអ្នក ។ ក្នុងការធ្វើដំណើរទៅមុខ អ្នកអាចក្រឡេកមកក្រោយ ហើយទទួលស្គាល់ថា តាមពិត រឿងដែលអ្នកបានជួប គឺជាផ្នែកមួយនៃការតម្រង់ផ្លូវអ្នក (សុភាសិត ១៦:៩) ទោះរឿងទាំងនោះហាក់ដូចជាចៃដន្យ ឬសាមញ្ញយ៉ាងណាក៏ដោយ ។
ក្នុងជីវិតអ្នក អ្នកនឹងមានអារម្មណ៍នឿយណាយ ប្រៀបដូចជាការបាត់សត្វលា ដោយការស្វែងរកដោយភាពមិនច្បាស់លាស់ ហើយក៏មានការរកឃើញ ប្រៀបដូចជាការជួបហោរារបស់ព្រះ ។ ក្នុងដំណើរឡើងចុះៗនៃជីវិត ចូរចាំថា អ្នកមិនរសាត់អណ្ដែតឃ្លីងឃ្លោង នៅលើមហាសមុទ្រនៃភាពចៃដន្យ ឬអ្នកស្ថិតនៅក្រោមការគ្រប់គ្រងរបស់អំណាចដែលកំណត់ជីវិតអ្នក យ៉ាងងងឹតងងុលដែរ តែអ្នកបានទទួលការហ្វឹកហាត់ ក្នុងសាលានៃផែនការរបស់ព្រះ ។ គ្រប់ទាំងអ្វីៗដែលល្អ ស្អាត ឬអាក្រក់ ល្ងង់ខ្លៅ ឬឆ្លាត មនុស្សលើកទឹកចិត្ត ឬពិបាក និងមិនច្បាស់លាស់ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រង របស់ព្រះ ដែល «បានធ្វើការទាំងអស់សុទ្ធតែល្អ» (ម៉ាកុស ៧:៣៧) ។ តើសេចក្តីពិតនេះអាចផ្លាស់ប្តូរទស្សនៈដែលអ្នកមាន នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ខគម្ពីរជញ្ជឹងគិត៖ ១កូរិនថូស ១០:៣១-៣៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ១៦-១៧ និង កិច្ចការ ១២