នំម៉ាណាប្រចាំថ្ងៃ
ការ​រក​ឃើញ​ដែល​មិន​នឹក​ស្មាន

ការ​រក​ឃើញ​ដែល​មិន​នឹក​ស្មាន

ដោយAlistair Begg

July 16, 2026

«សម័យ​នោះ​ហ្វូង​លា​របស់​គីស ជា​ឪពុក​សូល បាន​វង្វេង​បាត់​ទៅ នោះ​គីស​និយាយ​ទៅ​សូល ជា​កូន​ថា ចូរ​ឯង​នឹង​បាវ​ម្នាក់​នាំ​គ្នា​ទៅ​រក​​ហ្វូង​លា​ទៅ» ។ ១សាំយ៉ូអែល ៩:៣
កាល​លោក ​គីស បាន​ចាត់​លោក ​សូល​ជា​កូន ឲ្យ​ទៅ​រក​សត្វ​លា​ដែល​បាន​បាត់ ពួក​គាត់​ទាំង​ពីរ​នាក់​មិន​បាន​ដឹង​​ថា ការ​ស្វែងរក​នោះ​បាន​នាំ​ពួក​គាត់​ទៅ​ជួប​រឿង​អ្វី​ទេ​ ។ នៅ​ពី​ក្រោយ​រឿង​នេះ ខណៈ​ពេល​ដែល​លោក ​សូល​កំពុងតែ​ធ្វើ​កិច្ចការ​របស់​គាត់ ព្រះ​ទ្រង់​កំពុងតែ​បញ្ជូន​គាត់​ទៅ​រក​​ហោរា​សាំយូអែល​ ។ មិន​យូរ​ប៉ុន្មាន អនាគត​ស្តេច​អ៊ីស្រាអែល​អង្គ​នោះ ក៏​បាន​ជួប​ហោរា​របស់​ព្រះ ដោយសារតែ​សត្វ​ពាហនៈ​ដែល​បាន​វង្វេង​បាត់​នោះ!
រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​គោល​លទ្ធិ​នៃ​ផែនការ​របស់​ព្រះ​យ៉ាង​ច្បាស់​លាស់​ ។ ព្រះ​ដ៏​មាន​ចេស្តា​ទ្រង់​ធ្វើ​ការ នៅ​ក្នុង និង​តាមរយៈ​រឿង​ដ៏​តូច ក្នុង​ជីវិត​យើង ដែល​យើង​មិន​បាន​ព្រៀង​ទុក​ ។ ព្រះ​ទ្រង់​សម្រេច​ផែនការ​សម្រាប់​ស្នា​ព្រះ​ហស្ត​ទ្រង់ តាម​របៀប​ដ៏​អាថ៌កំបាំង ដោយ​យើង​អាច​គិត និង​មាន​សកម្មភាព​ដោយ​សេរី តែ​ព្រះ​គម្ពីរប៊ីប​បាន​ធានា​យើង​ថា សេរី​ភាព​របស់​យើង​មិន​អាច​រា​រាំង​បំណង​ព្រះទ័យ​ដ៏​អាថ៌កំបាំង​របស់​ព្រះអង្គ​ឡើយ​ ។ ព្រះអង្គ​ក៏បាន​ប្រើ​មធ្យោបាយ​ផ្សេងៗ ដើម្បី​សម្រេច​គោលបំណង​ទ្រង់ តាំងពី​អស់​កល្ប​ជានិច្ច​ ។ ការ​យល់​ដឹង​ដូច​នេះ គឺ​ផ្ទុយ​នឹង​ទស្សនៈ​របស់​វប្បធម៌​សម័យ​ទំនើប ដែល​ច្រើនតែ​មើល​ឃើញ​ជីវិត​ជា​ការ​កំណត់​ដែល​គ្មាន​មេត្តា ឬ​គ្មានន័យ​ ។ 
ដូច​នេះ នៅពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្វើ​ការ​ដដែល ជា​រៀង​រាល់​ថ្ងៃ ឬ​ធ្វើ​កិច្ចការ​ដដែល​ប្រចាំ​ថ្ងៃ និង​ហ៊ុម​ព័ទ្ធ​ដោយ​មនុស្ស​ដដែល​រៀង​រាល់​ថ្ងៃ ចូរ​ដឹង​ថា ព្រះ​ទ្រង់​កំពុង​សម្រេច​បំណង​ព្រះទ័យ​ទ្រង់ ក្នុង​ជីវិត​អ្នក និង​ដឹកនាំ​អ្នក​ ។ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅមុខ អ្នក​អាច​ក្រឡេកមក​ក្រោយ ហើយ​ទទួល​ស្គាល់​ថា​ តាម​ពិត រឿង​ដែល​អ្នក​បាន​ជួប គឺជា​ផ្នែក​មួយ​នៃ​ការ​តម្រង់​ផ្លូវ​អ្នក (សុភាសិត ១៦:៩) ទោះ​រឿង​ទាំង​នោះ​ហាក់​ដូចជា​ចៃដន្យ ឬ​សាមញ្ញ​យ៉ាងណា​ក៏ដោយ​ ។ 
ក្នុង​ជីវិត​អ្នក អ្នក​នឹង​មាន​អារម្មណ៍​នឿយណាយ ប្រៀប​ដូចជា​ការ​បាត់​សត្វ​លា ដោយ​ការ​ស្វែងរក​ដោយ​ភាព​មិន​ច្បាស់​លាស់ ហើយក៏​មាន​ការ​រក​ឃើញ ប្រៀប​ដូច​ជា​ការ​ជួប​ហោរា​របស់​ព្រះ​ ។ ក្នុង​ដំណើរ​ឡើង​ចុះៗ​នៃ​ជីវិត ចូរ​ចាំ​ថា អ្នក​មិន​រសាត់​អណ្ដែត​​ឃ្លីងឃ្លោង នៅ​លើ​មហា​សមុទ្រ​នៃ​ភាព​ចៃដន្យ ឬ​អ្នក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អំណាច​ដែល​កំណត់​ជីវិត​អ្នក យ៉ាង​ងងឹត​ងងុល​ដែរ តែ​អ្នក​បាន​ទទួល​ការ​ហ្វឹក​ហាត់ ក្នុង​សាលា​នៃ​ផែនការ​របស់​ព្រះ​ ។ គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ ស្អាត ឬ​អាក្រក់ ល្ងង់​ខ្លៅ ឬ​ឆ្លាត មនុស្ស​លើក​ទឹក​ចិត្ត ឬ​ពិបាក និង​មិន​ច្បាស់​លាស់ សុទ្ធតែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង របស់​ព្រះ ដែល «បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធតែ​ល្អ» (ម៉ាកុស ៧:៣៧) ។ តើ​សេចក្តី​ពិត​នេះ​អាច​ផ្លាស់​ប្តូរ​ទស្សនៈ​ដែល​អ្នក​មាន នៅ​ថ្ងៃ​នេះ ដូច​ម្តេច​ខ្លះ? 


ខគម្ពីរ​ជញ្ជឹង​គិត៖ ១កូរិនថូស ១០:៣១-៣៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ១៦-១៧ និង កិច្ចការ ១២

ប្រភេទ