នំម៉ាណាប្រចាំថ្ងៃ
ក្លាយ​ជា​អ្នក​មាន​រួច​ហើយ

ក្លាយ​ជា​អ្នក​មាន​រួច​ហើយ

ដោយAlistair Begg

July 18, 2026

«ត្រូវ​ឲ្យ​បង​​ប្អូន​ណា ដែល​មាន​សណ្ឋាន​ទាបថោក​បាន​ត្រេកអរ ដោយ​បាន​តម្កើង​ឡើង» ។ យ៉ាកុប ១:៩
យើង​ប្រហែល​ពិបាក​យល់ នៅពេល​ដែល​យើង​ឮ​បទ​គម្ពីរ​នេះ​ប្រាប់​ថា «បង​ប្អូន​ណា ដែល​មាន​សណ្ឋាន​ទាបថោក» គួរ​តែ​អរ​សប្បាយ និង​មាន​មោទនភាព ដោយសារ​ព្រះអង្គ​បាន «តម្កើង​ពួកគេ​ឡើង» ។ យើង​ប្រហែល​ជា​ឆ្ងល់​ថា «តើ​តម្កើង​យើង​ឡើង នៅ​ត្រង់​ចំណុច​ណា?» បើ​គេ​វាយ​តម្លៃ​មក​លើ​ជីវិត​មនុស្ស គ្រាន់តែ​ផ្អែក​ទៅលើ​ពេល​វេលា ទ្រព្យ​សម្បត្តិ និង​ថានៈ នោះ​មនុស្ស​តូច​ទាប មិន​មាន​តំណែង​ខ្ពស់​ទេ​ ។ ប៉ុន្តែ នៅ​ពេលណា​យើង​មើលទៅ​ជីវិត ដោយ​ប្រាជ្ញា​ដែល​កោត​ខ្លាច​ព្រះ ដោយ​នឹក​ចាំ​ភាព​មាន​បាន​នៃ​សិរី​ល្អ ដែល​ព្រះយេស៊ូវ​ប្រទាន យើង​ឃើញថា តាម​ពិត អ្នកជឿ​ដែល​រស់នៅ​ក្នុង​សណ្ឋាន​ទន់​ទាប ក្នុង​សង្គម មាន​តំណែង​ដ៏​សំខាន់ និង​ស្ថិត​ស្ថេរ​មួយ ព្រោះ​ពួកគេ​ស្ថិត​នៅ​ក្នុង​ការ​ថែរក្សា​របស់​ព្រះអង្គ​ ។ 
ព្រះ​គម្ពីរប៊ីប​មាន​រឿង​ពីរ ដែល​បាន​បក​ស្រាយ អំពី​គ្រោះ​ថ្នាក់​នៃ​ការ​មើល​ទៅ​សណ្ឋាន​ដ៏​តូច​ទាប ដោយ​មិន​បាន​ប្រើ​ប្រាជ្ញា និង​ព្រះពរ​នៃ​ប្រាជ្ញា ដែល​ព្រះអង្គ​ប្រទាន​ក្នុង​ភាព​ក្រីក្រ​ ។ 
ក្នុង​បទ​គម្ពីរ ២ពង្សាវតាក្សត្រ ៥:១៥-២៧ លោក ​កេហា​ស៊ី ជា​អ្នក​បម្រើ​របស់​ហោរា​អេលីសេ បាន​ដេញ​តាម​ភាព​ចម្រុង​ចម្រើន​របស់​លោក ​ណាម៉ាន ដោយ​ស្វែងរក​ភាព​មាន​បាន​សម្រាប់​ខ្លួនឯង​ ។ ប៉ុន្តែ ហោរា​អេលីសេ​ក៏បាន​ប្រឈម​មុខ​ដាក់​លោក ​កេហា​ស៊ី ជា​ពិសេស​បាន​ជំរុញ​គាត់ មិន​ឲ្យ​មើលងាយ​មុខ​តំណែង​គាត់​ជា​អ្នក​បម្រើ​ឡើយ តែ​ត្រូវ​ជឿ​ថា ព្រះ​ទ្រង់​នឹង​ផ្គត់ផ្គង់​គាត់​ ។ ដោយសារ​កេហាស៊ី​មិន​បាន​ទុកចិត្ត​ព្រះ គាត់​និង​កូនចៅ​គាត់​ក៏បាន​កើត​ឃ្លង់​ ។ រឿង​របស់​គាត់​បាន​ក្រើន​រំឭក​យើង អំពី​គ្រោះ​ថ្នាក់​នៃ​ភាព​លោភលន់ ការ​ច្រណែន និង​ការ​រមិល​គុណ​ព្រះ​ ។
ចំណែកឯ​រឿង​នាងរស់​វិញ នាងរស់​គឺជា​មនុស្ស​ទាល់ក្រ​ ។ ​នាង​បាន​ផ្លាស់ទី​លំនៅ​ម​ក​ភូមិ​បេថ្លេហិម បន្ទាប់ពី​ស្វាមី​នាង​បាន​ស្លាប់ ។ នាង រស់ និង​នាង ​ណាអូមី ជា​ម្តាយ​ក្មេង មិន​មាន​អ្វី​បរិភោគ ក្រៅពី​គួរ​ស្រូវ​ដែល​នាង រស់​ទៅ​រើស នៅ​វាល​ស្រែ​ដែលគេ​ទើបតែ​បាន​ច្រូត​កាត់​ហើយ​នោះ​ទេ​ ។ នៅពេល​ដែល​នាង​ទទួល​បាន​សេចក្តី​មេត្តា ពី​លោក ​បូអូស «នោះ​នាង​ក៏​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា ហេតុ​អ្វី​បានជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ» (នាងរស់ ២:១០) ។ ដោយសារ​នាង​មាន​ការ​បន្ទាប​ខ្លួន នៅ​ចំពោះ​មុខ​លោក ​បូអូស និង​ជា​ពិសេស នៅ​ចំពោះ​ព្រះ នាង​អាច​ទទួល​សេចក្តី​សប្បុរស ដែល​នាង​មិន​នឹក​ស្មាន​ដល់​ ។ ជាជាង​ប្រញាប់​ស្វែងរក​ទ្រព្យ​សម្បត្តិ​បន្ថែម នាង​ក៏បាន​ប្រញាប់​មាន​ការ​ដឹង​គុណ សម្រាប់​ការ​អ្វី​ដែល​នាង​ទទួល​បាន​ ។ រឿង​របស់​នាងរស់​ក៏បាន​បង្រៀន​យើង​នូវ​មេរៀន​ផ្សេង​ទៀត​ផង​ដែរ​ ។ ដែល​លោក ​បូអូស គឺជា​អ្នក​លោះ​នាងរស់​ជា​សាច់​ញាតិ​ជា​យ៉ាងណា នោះ​ព្រះយេស៊ូវ​ក៏​ជា​អ្នក​ប្រោស​លោះ ដែល​បាន​បង្ហូរ​ព្រះ​លោហិត សម្រាប់​មនុស្ស​ប្រុស​ស្រី​ដូច​នាង រស់ ដែលគេ​មិន​ឲ្យ​តម្លៃ និង​មិន​រាប់​រក​ ។ សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា នៅពេល​ដែល​ព្រះ​អង្គ​ត្រាស់ហៅ​យើង «មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់ឈាម ឬ​ច្រើន​នាក់​មាន​អំណាច និង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ» (១កូរិនថូស ១:២៦) ។ ព្រះ​យេស៊ូវ​បាន​យាង​មក​រក​មនុស្ស ដែល​តូច​ទាប​បំផុត នៅ​លើ​កាំ​ជណ្តើរ​ខាង​វិញ្ញាណ គឺ​អ្នក និង​ខ្ញុំ ហើយក៏​បាន​បណ្តាល​ឲ្យ​យើង​ចោទ​សួរ​សំណួរ​ដូច​នាង រស់​ផង​ដែរ​ថា «ហេតុ​អ្វី​ព្រះ​អង្គ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​មនុស្ស​ដូច​ទូល​បង្គំ?»
ព្រះរាជសារ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប មិន​បាន​ប្រាប់​យើង​ថា យើង​នឹង​ក្លាយ​ជា​អ្នក​មាន ដោយសារ​យើង​មាន​ប្រាជ្ញា​នោះ​ទេ​ ។ ផ្ទុយ​ទៅវិញ បទ​គម្ពីរ​នេះ​ចង់​ឲ្យ​យើង​ដឹង​ថា បើ​យើង​មើលទៅ​ជីវិត​យើង ដោយ​ទស្សនៈ​ត្រឹម​ត្រូវ យើង​នឹង​ដឹង​ថា យើង​បាន​ក្លាយ​ជា​អ្នក​មាន លើស​ការ​ស្រមៃ​របស់​យើង​ហើយ​ ។ ប្រាជ្ញា​របស់​ព្រះ​បាន​មកដល់​យើង ក្នុង​ភាព​ក្រីក្រ​របស់​យើង ដើម្បី​បង្ហាញ​យើង នូវ​ភាព​ធំធេង​នៃ​អ្វីៗ​ដែល​យើង​មាន​ក្នុង​ព្រះគ្រីស្ទ ហើយ​មក​រក​យើង ក្នុង​ពេល​យើង​មាន​បាប​នៅឡើយ ដើម្បី​ក្រើន​រំឭក​យើង​ថា ទ្រព្យ​សម្បត្តិ​ដែល​សំខាន់ គឺជា​អ្វីៗ​ដែល​យើង​មាន​ក្នុង​ព្រះគ្រីស្ទ​ ។ ពេលណា​អ្នក​យល់​អំពី​រឿង​នេះ អ្នក​អាច​មើលទៅ​ស្ថានភាព​ដ៏​លំបាក​ណាមួយ ហើយ​បន្ត​ដំណើរ​នៃ​សេចក្តី​ជំនឿ​ទៀត ដោយ​ភ្នែក​អ្នក​ផ្ចង់​ទៅលើ​អ្វី​ដែល​កំពុង​រង់​ចាំ​អ្នក​នៅ​ស្ថាន​សួគ៌ ជា​កន្លែង​ដែល​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ពិត​ប្រាកដ​ ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ យ៉ាកុប ១:៩-១៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ២០-២២ និង កិច្ចការ ១៣:២៦-៥២

ប្រភេទ