នំម៉ាណាប្រចាំថ្ងៃ
ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់

ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់

ដោយAlistair Begg

July 19, 2026

«វេលា​ដែល​អ៊ីស្រាអែល​ត្រូវ​ស្លាប់ នោះ​កាន់តែ​ជិត​ដល់ គាត់​ហៅ​យ៉ូសែប​ជា​កូន​មក​​ផ្តាំ​ថា ... នោះ​ចូរ​ឯង​យក​សព​អញ​ចេញពី​ស្រុក​​អេស៊ីព្ទ ទៅ​កប់​នៅ​ក្នុង​ផ្នូរ​របស់​ពួក​អយ្យកោ​ទៅ» ។ លោកុប្បត្តិ ៤៧:២៩-៣០
សេចក្តី​ស្លាប់​នឹង​កើត​ឡើង​ចំពោះ​យើង​រាល់​គ្នា​ ។ ដូច​នេះ សំណួរ​ដ៏​សំខាន់​អំពី​ជីវិត ភាគ​ច្រើន​មិន​សួរ​ថា «តើ​អ្នក​ប្រឈម​មុខ​ដាក់​ជីវិត និង​រស់នៅ​ក្នុង​លោកិយ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ​?» តែ​ផ្ទុយ​ទៅវិញ គឺ​សួរ​ថា «តើ​យើង​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​យ៉ាងណា​ខ្លះ ហើយ​តើ​យើង​នឹង​ទៅ​រស់នៅ​ទីណា បន្ទាប់ពី​យើង​ស្លាប់?» ជា​ការ​ពិត​ណាស់ ជីវិត​យើង​ពិតជា​សំខាន់​ខ្លាំង​ណាស់! ប៉ុន្តែ យើង​យល់​អត្ថន័យ​ជីវិត ទាល់តែ​យើង​បាន​រៀន​ស្លាប់​ជា​មុន​សិន​ ។
លោក ​យ៉ាកុប​បាន​បង្ហាញ​អំពី​របៀប​រស់នៅ និង​ស្លាប់ ដោយ​យល់​ដល់​ផែនការ​ដែល​ព្រះ​ទ្រង់​បាន​សន្យា​ ។ គាត់​បាន​ផ្តាំ​ផ្ញើ​យ៉ាង​ជាក់​លាក់ អំពី​ការ​ស្លាប់ និង​ការ​បញ្ចុះសព​គាត់ ហើយ​ការ​ដែល​គាត់​ខ្វល់​អំពី​កន្លែង​បញ្ចុះសព​របស់​គាត់ មាន​លក្ខណៈ​ទេវសាស្ត្រ ច្រើន​ជាង​លក្ខណៈ​ភូមិ​សាស្រ្ត​ ។ គាត់​ទទួល​ស្គាល់​ថា តាមរយៈ​ការ​ស្លាប់​របស់​គាត់ គាត់​កំពុង​ឆ្លុះ​បញ្ចាំង​អំពី​ទី​កន្លែង​របស់​គាត់ នៅ​ក្នុង​ផែនការ​ដែល​កំពុង​បើក​បង្ហាញ និង​បំណង​ព្រះទ័យ ដែល​ព្រះ​ទ្រង់​មាន ក្នុង​ទំនាក់​ទំនងជា​មួយ​រាស្រ្ត​ទ្រង់​ ។ 
ព្រះអង្គ​បាន​តាំង​សញ្ញា​ជាមួយ​លោក ​អ័ប្រាហាំ ដោយ​សន្យា​ថា គាត់​នឹង​បាន​ធ្វើ​ជា​ឪពុក​របស់​ជាតិ​សាសន៍​ធំ​មួយ ក្នុង​ទឹកដី​កាណាន ជា​ទឹកដី​សន្យា​ ។ ព្រះបន្ទូល​សន្យា​នេះ បាន​បន្ត​ពី​លោក ​អ៊ីសាក ទៅ​លោក ​យ៉ាកុប​ ។ ព្រះបន្ទូល​សន្យា​នេះ​បាន​ធ្វើ​ឲ្យ​គាត់​បន្ទាប​ខ្លួន ហើយក៏​បាន​ផ្ទុកផ្ដាក់​ព្រះបន្ទូល​សន្យា​នេះ​នឹង​គាត់ ហើយ​គាត់​ចង់​បន្ត​ព្រះបន្ទូល​សន្យា​នេះ​ ទៅដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត តាមរយៈ​ការ​ឲ្យពរ​ចុង​ក្រោយ និង​តាមរយៈ​ទី​កន្លែង​បញ្ចុះសព​របស់​គាត់​ ។ គាត់​ចង់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់​ចាំ​ថា គោលដៅ​ពិត​ប្រាកដ​របស់​ពួកគេ គឺ​ទឹកដី​កាណាន មិនមែន​អេស៊ីព្ទ​នោះ​ទេ ហើយ​គាត់​ចង់​ឲ្យ​ពួកគេ​នឹក​ចាំ​អំពី​សេចក្តី​ជំនឿ ដែល​គាត់​មាន​ចំពោះ​ភាព​ច្បាស់​លាស់​នៃ​ផែនការ និង​គោលបំណង​របស់​ព្រះ​ ។ លោក ​យ៉ូសែប​ក៏បាន​ធ្វើ​តាម​បណ្តាំ​របស់​ឪពុក​គាត់ ហើយ​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក៤៩-៥០ បាន​ពិពណ៌នា អំពី​ការ​ដង្ហែ​សព​ធំ​មួយ ពី​ស្រុក​អេស៊ីព្ទ ទៅ​ទឹកដី​កាណាន និង​ការ​កាន់​ទុក្ខ​ ។ ព្រះ​គម្ពីរ​ក៏បាន​ចែងថា ជនជាតិ​កាណាន បាន​កត់​សំ​គាល់​ឃើញ​ពិធី​ដ៏​ធំ​នោះ (លោកុប្បត្តិ ៥០:១១) ប៉ុន្តែ ពួកគេ​មិន​យល់​អត្ថន័យ​នៃ​ពិធី​នោះ​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ​ ។ ស្រដៀង​គ្នា​នេះ​ដែរ មនុស្ស​ជា​ច្រើន​មិន​បាន​យល់ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ អំពី​មូល​ហេតុ​ដែល​គ្រីស្ទបរិស័ទ​អាច​ប្រឈមមុខ​ដាក់​សេចក្តី​ស្លាប់ តាម​របៀប​ដែល​ព្រះ​គម្ពីរ​បាន​ចែងថា យើង​អាច​ធ្វើ​បាន ព្រោះ​ពួកគេ​មិន​អាច​យល់​ទេ​ ។ គ្រីស្ទបរិស័ទ​គួរតែ​មាន​ទស្សនៈ ​អំពី​សេចក្តី​ស្លាប់​ខុសពី​លោកិយ​ ។ បើ​យើង​គ្រាន់តែ​ធ្វើ​តាម​ទំនៀម​ទំលាប់​ដូច​អ្នក​ដទៃ ដោយ​ពិធី​បុណ្យសព​ដូច​គេ និង​ដោយ​ភ្លេង​កាន់​ទុក្ខ​ដូច​គេ ហើយ​បង្ហាញ​ពី​ភាព​បាត់បង់​ដូច​គេ យើង​នឹង​បាត់បង់​ឱកាស​និយាយ នៅ​ក្នុង​ការ​ស្លាប់ និង​ការ​សោក​សង្រេង​របស់​យើង​ថា «សេចក្តី​ស្លាប់​មិន​ចង​យើង​ជាប់​ជា​រហូត​ទេ​ ។ ព្រះ​ទ្រង់​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប និង​រួច​ពី​​ភាព​គួរ​ឲ្យ​ភ័យ​ខ្លាច​នៃ​សេចក្តី​ស្លាប់​ហើយ​ ។ សូម​អរ​ព្រះគុណ​ព្រះ ដែល​បាន​ប្រទាន​យើង​ជ័យ​ជម្នះ តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ!» (មើល ១កូរិនថូស ១៥:៥៧) ។
នៅពេល​ដែល​លោកិយ​កំពុង​មើល​យើង តាម​របៀប​ដែល​យើង​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ យើង​មាន​​ឱកាស ប្រកាស​ថា ក្សត្រ​នៃ​ស្ថាន​សួគ៌​យាង​ចុះ​មក​ផែនដី ហើយ​កែ​ប្រែ​របៀប​ដែល​យើង​រស់នៅ និង​ស្លាប់​ ។ សេចក្តី​សញ្ញា​ដែល​ព្រះគ្រីស្ទ​បាន​តាំង​នៅ​លើ​ឈើ​ឆ្កាង បាន​លប់​បំណុល​របស់​បាប​អ្នក ហើយ​ធានា​ដល់​អ្នក និង​អ្នកជឿ​ទាំង​អស់​ថា នឹង​បាន «មរដក​ដែល​មិន​ចេះ​ពុករលួយ ក៏​ឥត​សៅ​ហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរដក ដែល​បំរុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថានសួគ៌» (១ពេត្រុស ១:៤) ។ ចូរ​យើង​យក​គំរូ​តាម​លោក ​យ៉ាកុប និង​ពួក​បរិសុទ្ធ​ជា​ច្រើន​រាប់​មិន​អស់ នៅ​សម័យ​ដើម ដោយ​ប្រាកដ​ថា យើង​ប្រកាស តាម​របៀប​ដែល​យើង​និយាយ​អំពី​សេចក្តី​ស្លាប់ តាម​របៀប​ដែល​អ្នក​សោក​សង្រេង សម្រាប់​ពួក​បរិសុទ្ធ​ដែល​បាន​លាចាក​លោក និង​តាម​របៀប​ដែល​យើង​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​របស់​យើង​ ។ តើ​ការ​នេះ​បាន​កម្សាន្ត​ចិត្ត​អ្នក​ដូច​ម្តេច​ខ្លះ នៅ​ថ្ងៃ​នេះ? នៅ​ថ្ងៃ​នេះ តើ​ការ​នេះ​បាន​កែ​ប្រែ​ទស្សនៈ​ដែល​អ្នក​មាន ចំពោះ​ពេល​អនាគត​របស់​អ្នក​ទេ? 


ខគម្ពីរ​ជញ្ជឹង​គិត៖ ១ថែស្សាឡូនិច ៤:១៣-១៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ២៣-២៥ និង កិច្ចការ ១៤
 

ប្រភេទ