នំម៉ាណាប្រចាំថ្ងៃ
ក្សត្រ​លើ​អស់​ទាំង​ក្សត្រ

ក្សត្រ​លើ​អស់​ទាំង​ក្សត្រ

ដោយAlistair Begg

July 21, 2026

«រីឯ​នៅ​គ្រា​អ័ហាស៊ូរុស ជា​ស្ដេច​ដែល​សោយរាជ្យលើ១២៧ខេត្ត ចាប់​តាំងពី​ស្រុក​ក្លិង្គ រហូត​ដល់​អេធីយ៉ូពី ... គឺ​នៅ​ឆ្នាំទី៣ក្នុង​រាជ្យ​ទ្រង់ នោះ​ទ្រង់​បាន​ជប់លៀង​ដល់​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ជំនិត​ទ្រង់ មាន​ទាំង​ពួក​មេទ័ព​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី ពួក​អ្នក​ធំ នឹង​ពួក​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ទ្រង់​ដែរ​ ។ ទ្រង់​ក៏​បង្ហាញ​អស់​ទាំង​មហា​សម្បត្តិ​នៃ​នគរ​ដ៏​ឧត្ដុង្គ​ឧត្ដម​របស់​ទ្រង់ នឹង​កិត្តិយស​នៃ​អានុភាព​ដ៏​វិសេស​របស់​ទ្រង់ ឲ្យ​គេ​ឃើញ​ជា​យូរ​ថ្ងៃ គឺ​អស់១៨០ថ្ងៃ» ។ នាងអេសធើរ ១:១,៣-៤
កណ្ឌ​គម្ពីរ​នាងអេសធើរ បាន​ចែង​អំពី​ស្តេច​អ័ហាស៊ូរុស ក្នុង​លក្ខណៈ​ជា​បុគ្គល​ដ៏​សំខាន់​ ។ ទ្រង់​ជា​បុគ្គល​ខ្ពង់ខ្ពស់ ដោយសារ​ព្រះ​នាម​ទ្រង់​បាន​លេច​ឡើង ម្តង​ហើយ​ម្តង​ទៀត ក្នុង​កណ្ឌ​គម្ពីរ​នាង​អេសធើ​រទាំង​មូល​ ។ ទ្រង់​ក៏​ជា​បុគ្គល​ខ្ពង់ខ្ពស់​ខាង​ផ្នែក​នយោបាយ​ផង​ដែរ ដោយ​ទ្រង់​បាន​គ្រប់​គ្រង​ទឹកដី​ចាប់​ពី​ព្រំ​ដែល​ប្រទេស​ឥណ្ឌា ដល់​ប្រទេស​អេធីយ៉ូពី ជា​ចក្រភព​ដែល​មាន​ទឹក​ដី​​ធំ​យ៉ាង​ខ្លាំង នៅ​សម័យ​នោះ​ ។ ហើយ​ភាព​អស្ចារ្យ​របស់​ទ្រង់ បាន​បង្ហាញ​ចេញ​ឡើង នៅពេល​ដែល​ទ្រង់​ប្រទាន​ឲ្យ​គេ​ធ្វើ​ពិធី​ជប់​លៀង​រយៈ​​ពេល​៦​ខែ! រយៈ​ពេល​ដ៏​យូរ​នៃ​ការ​ជប់​លៀង​នេះ ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន គឺ​និមិត្តរូប​បង្ហាញ​ពី​ភាព​ខ្ពស់​ខ្ពស់​របស់​ទ្រង់​ ។ ក្នុង​ប្រវត្តិ​សាស្រ្ត​ទាំងមូល គេ​បាន​ចាត់​ទុក​ទ្រង់​ជា​ក្សត្រ​ដ៏​ខ្ពង់ខ្ពស់​មួយ​អង្គ ក្នុង​ចំណោម​ក្សត្រ​ល្បីៗ​ជា​ច្រើន​ ។
ច្បាស់​ណាស់ ស្តេច​អ័ហាស៊ូរុស ជា​បុគ្គល​ខ្ពង់ខ្ពស់​ម្នាក់​ ។ ប៉ុន្តែ នៅពេល​ដែល​យើង​ប្រៀបធៀប​​ក្សត្រ​ទាំង​អស់​ដែល​មាន​លក្ខណៈ​ដូច​ទ្រង់ ជាមួយនឹង​ព្រះយេស៊ូវ ជា​ក្សត្រ​លើ​អស់​ទាំង​ក្សត្រ យើង​ឃើញថា មានតែ​ព្រះយេស៊ូវ​ទេ ជា​អង្គ​បុគ្គល​ដែល​ពិតជា​ខ្ពង់ខ្ពស់ ។
ស្តេច​អ័ហាស៊ូរុស​បាន​គ្រប់​គ្រងលើ១២៧ខេត្ត គឺជា​ទឹកដី​ធំធេង​ណាស់! ប៉ុន្តែ ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌ បាន​មាន​បន្ទូល​ទៅ​កាន់​ហោរា​អេសាយ​ថា «ចូរ​សូម​ពី​អញ នោះអញ​នឹង​ឲ្យ​សាសន៍​ទាំងឡាយ​ដល់​ឯង ទុកជា​មរដក ហើយ​អស់​ទាំង​ចុង​ផែនដី​ទុកជា​កេរ្តិ៍​អាករ​របស់​ឯង» (ទំនុក​ដំកើង ២:៨) ។
ស្តេច​អ័ហាស៊ូរុស​បាន​គង់​នៅ​លើ​បល្ល័ង្ក​ទ្រង់ ខណៈ​ពេល​ដែល​មន្រ្តី​ជាន់​ខ្ពស់​រាប់​រយ​នាក់​បាន​ចូល​មក​គាល់​ទ្រង់ ជា​ការ​បង្ហាញ​សិទ្ធិ​អំណាច​ដ៏​សំខាន់​ ។ ប៉ុន្តែ សិទ្ធិ​អំណាច​ទ្រង់​មិន​អស្ចារ្យ​ទេ នៅពេល​ដែល​យើង​បាន​ឮ​បទ​គម្ពីរ​ដែល​បាន​ចែងថា «ឯ​ព្រះអង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​បន្ទូល​ថា មើល អញ​ធ្វើ​ទាំង​អស់​ឡើងជា​ថ្មី ... ស្រេច​ហើយ អញ​ជា​អាលផា នឹង​អូ​មេកា គឺជា​ដើម ហើយ​ជា​ចុង បើ​អ្នកណា​ស្រេក អញ​នឹង​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ឥត​យក​ថ្លៃ» (វិវរណៈ ២១:៥-៦) ។ សិទ្ធិ​អំណាច​ជា​ក្សត្រ​របស់​ព្រះយេស៊ូវ លាត​សន្ធឹង​ទៅដល់​ជើង​មេឃ ជា​រៀង​រហូត​ ។ ស្តេច​អ័ហាស៊ូរុស​បាន​ធ្វើ​ពិធី​ជប់​លៀង​រយៈ​ពេល១៨០ថ្ងៃ លើស​ស្តេច​ផ្សេង​ទៀត​ក្នុង​ប្រវត្តិ​សាស្រ្ត​ ។ ប៉ុន្តែ ពិធីជប់លៀង នៃ​មង្គល​ការ​របស់​កូនចៀម គឺជា​ពិធីជប់លៀង​អស់​កល្ប​ជានិច្ច (វិវរណៈ ១៩:៦-៩) ។ ទន្ទឹម​នឹង​នោះ ទ្រង់​ប្រទាន​យើង​នូវ​ពិធី​លៀង​ព្រះអម្ចាស់​តូច​មួយ​ មុន​ពេល​ព្រះអង្គ​សុគត សម្រាប់​ឲ្យ​យើង​នឹក​ចាំ ដើម្បី​ឲ្យ​យើង​ចូល​មក​តុ​របស់​ព្រះអង្គ ដើម្បី​ទទួល​ស្គាល់​ថា ព្រះគ្រីស្ទ​គឺជា​ក្សត្រ​ដែល​បាន​សុគត​ជំនួស​យើង (លូកា ២២:១៩) ។ 
ស្តេច​អ័ហាស៊ូរុស​បាន​គង់​នៅ​លើ​បល្ល័ង្ក​នៅ​ផែនដី​ដ៏​រុងរឿង ប៉ុន្តែ តើ​គ្រឿង​តុប​តែង ភាព​ខ្ពង់ខ្ពស់ និង​អំណាច​របស់​ទ្រង់​នៅ​ទីណា ក្នុង​ពេល​សព្វថ្ងៃ? គឺ​បាន​កប់​បាត់​អស់​ហើយ​ ។ តែ​ព្រះយេស៊ូវ បន្ត​គង់នៅ​ខាង​ស្តាំ​ព្រះ​ហស្ត​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ជា​ក្សត្រ​ដែល​បាន​យាង​ឡើង​ស្ថាន​សួគ៌ និង​ព្រះអម្ចាស់​ដែល​គ្រងរាជ្យ​ ។ បុគ្គល​ខ្ពង់ខ្ពស់​របស់​ពិភពលោក ទោះ​ពួកគេ​រស់នៅ​ក្នុង​សតវត្សរ៍ទី៥មុន​គ្រីស្ទ​សករាជ ឬ​នៅ​សតវត្សរ៍ទី២១ក៏ដោយ ក៏​ពួកគេ​នឹង​ក្រាប​ថ្វាយបង្គំ នៅ​ចំពោះ​មុខ​អំណាច​របស់​ព្រះអង្គ​ ។ ព្រះអង្គ​មាន​ភាព​ខ្ពង់ខ្ពស់​ពិត​ប្រាកដ តែ​ព្រះអង្គ​អញ្ជើញ​យើង​ឲ្យ​ចូល​មក ជួប​ព្រះអង្គ! យើង​ងាយ​នឹង​មាន​ការ​ជក់​ចិត្ត ស្ងើច​សរសើរ ចំពោះ​ការ​ដឹកនាំ​របស់​បុរស និង​ស្ត្រី​របស់​លោកិយ​នេះ ដែល​ជា​បុគ្គល​ខ្ពង់ខ្ពស់​ ។ ប៉ុន្តែ ចូរ​យើង​ចំណាយ​ពេល​មួយ​ភ្លែត ដើម្បី​គិត​អំពី​សារៈសំខាន់​របស់​ព្រះយេស៊ូវ​ ។ ខណៈ​ពេល​ដែល​អ្នក​ចូល​មក​ឈរ​នៅ​ចំពោះ​ព្រះ​វត្ត​មាន​នៃ​ព្រះ ដែល​ជា​ក្សត្រ​ធំ​ប្រសើរ​តែមួយ​អង្គ ចូរ​ក្រាប​បង្គំ និង​ទទួល​ស្គាល់​ភាព​សក្ដិសម​របស់​ព្រះអង្គ ហើយ​អនុញ្ញាត​ឲ្យ​ភាព​ធំ​ប្រសើរ សេចក្តី​បរិសុទ្ធ និង​សេចក្តី​សប្បុរស​របស់​ព្រះអង្គ ដឹកនាំ​អ្នក ឲ្យ​ចុះ​ចូល​ដោយ​អំណរ ចំពោះ​ការ​ដឹកនាំ​របស់​ព្រះអង្គ ដែល​ជា​ក្សត្រ​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ដានីយ៉ែល ៧:១-១៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ២៩-៣០ និង កិច្ចការ ១៥:២២-៤១

ប្រភេទ