នំម៉ាណាប្រចាំថ្ងៃ
ពលរដ្ឋ និង​ជន​បរទេស

ពលរដ្ឋ និង​ជន​បរទេស

ដោយAlistair Begg

July 23, 2026

«រីឯ​នៅ​ស៊ូសាន ជាទី​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា​ដេកាយ ជា​កូន​យ៉ា​អ៊ារ ដែល​ជា​កូន​ស៊ី​ម៉ាយ‍​ៗ​ជា​កូន​គីស ក្នុង​ពូជ​បេនយ៉ាមីន​ ។ គាត់​ត្រូវ​ដឹកនាំ​ចេញពី​ទីក្រុង​យេរូសាឡិម ជាមួយនឹង​ពួក​ឈ្លើយ ដែល​បាន​នាំទៅ ក្នុង​គ្រា​ដែល​នេប៊ូក្នេសា ជា​ស្ដេច​បាប៊ីឡូន​បាន​ចាប់​យេកូនាស ជា​ស្ដេច​យូដា​នាំ​យក​ទៅ» ។ នាងអេសធើរ ២:៥-៦
ក្នុង​នាម​អ្នក​ជា​គ្រីស្ទ​បរិស័ទ អ្នក​គឺ​ជា​ជន​បរទេស នៅ​ក្នុង​ពិភពលោក​នេះ​ ។
ត្រង់​ចំណុច​នេះ គឺ​មានន័យថា យើង​មាន​លក្ខណៈ​មិន​ខុសពី​លោក ​ម៉ាដេកាយ​ទេ​ ។ ក្នុង​នាម​គាត់​​ជា «សាសន៍​យូដា​ម្នាក់ នៅ​ទីក្រុង​ស៊ូសាន» គាត់​បាន​ចាប់​កំណើត ក្នុង​គ្រួសារ ដែល​ត្រូវ​គេ​ដឹក​ធ្វើ​ជា​ចំណាប់​ខ្មាំង ក្នុង​អំឡុង​សម័យ​ចក្រភព​បាប៊ីឡូន​ឈ្លានពាន​ទីក្រុង​យេរូសាឡិម​ ។ ពីរបី​ជំនាន់​ក្រោយមក លោក ​ម៉ាដេកាយ បាន​រស់នៅ ក្នុង​ចក្រភព​ពើស៊ី​ ។ គាត់​គឺជា​ចាស់ទុំ​ម្នាក់ ដែល​មាន​តួនាទី​ដូច​ឪពុក ដោយ​បាន​ចិញ្ចឹម​នាង អេសធើរ​ជា​ប្អូន​ជីដូនមួយ ដែល​ជា​ក្មេង​កំព្រា (នាងអេសធើរ ២:៧) ។ គាត់​គឺជា​មនុស្ស​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត តាម​ទិដ្ឋភាព​ជាក់​ស្តែង​ ។ គាត់​យល់​ឃើញថា ការ​ដែល​នាង អេសធើរ​ប្រកាស​ថា ខ្លួនឯង​គឺជា​ជនជាតិ​យូដា មិន​មាន​ប្រយោជន៍​អ្វី​ដល់​នាង​ទេ បានជា​គាត់​បង្គាប់​នាង ឲ្យ​លាក់​អត្ត​សញ្ញាណ​របស់​ខ្លួន ពេល​ដែលគេ​នាំ​នាង​ចូល​វាំង (ខ.១០) ។ បន្ទាប់មក លោក ​ម៉ា​ដេកាយ ក៏បាន​ដាក់​ខ្លួន​គាត់ ចំ​កន្លែង​ដែល​គាត់​អាច​​សង្កេត​មើល​អ្វីៗ​ដែល​កំពុង​កើត​ឡើង ចំពោះ​ប្អូន​ជីដូនមួយ​ដែល​គាត់​បាន​ថែរក្សា​នោះ (ខ.១១) ។ ហើយ​ក្រោយមក គាត់​ក៏​បាន​រក​ឃើញ​ផែនការ​ធ្វើឃាត​ស្តេច ហើយ​ការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ស្តេច​សព្វ​ព្រះទ័យ​នឹង​គាត់ (ខ.២១-២៣) ។ 
រឿង​នេះ​ហាក់​ដូច​ជា​បង្ហាញថា លោក ​ម៉ា​ដេកាយ បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខុមាល​ភាព​របស់​ប្រទេស​ដែល​គាត់​កំពុង​ស្នាក់​នៅ ដូច​ពួក​ឈ្លើយសឹក​នៅ​ជំនាន់​ទីពីរ និងទី៣ដែរ​ ។ គេ​បាន​ពង្រាត់​គាត់​ចេញពី​ទឹកដី​កំណើត​របស់​គ្រួសារ​គាត់ ហើយ​គាត់​កំពុង​ព្យាយាម​ស្វែងរក​វិធី​រស់នៅ​ជា​ជនជាតិ​យូដា និង​ពលរដ្ឋ​ដ៏​ល្អ ក្នុង​ចក្រភព​ពើរ​ស៊ី​ ។ ស្ថានភាព​មិន​អំណោយផល ដោយ​គាត់ និង​ពួក​ឈ្លើយសឹក​ដទៃ​ទៀត ដែល​កំពុង​រស់នៅ​ជាមួយ​គាត់ គឺ​ជា​ជន​ភាគ​តិច ក្នុង​ចំណោម​មនុស្ស​ភាគ​ច្រើន ដែល​ទាស់​ប្រឆាំង​នឹង​ពួកគេ​ ។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​នាម​គាត់​ជា​ជនជាតិ​យូដា ក្នុង​ទឹកដី​បរទេស​នេះ ការងារ​របស់​គាត់ មិនមែន​ដើម្បី​គ្រប់​គ្រង​ចក្រភព​ពើ​ស៊ី ឬ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ​ ។ ការងារ​របស់​ពួកគេ គឺ​ត្រូវ​រៀន​រក្សា​សេចក្តី​ជំនឿ នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក ដែល​ពួកគេ​មិន​ធ្លាប់​ឆ្លង​កាត់​ ។ 
គ្រីស្ទបរិស័ទ​ជា​ច្រើន នៅ​បស្ចិម​ប្រទេស ចាំ​បាច់​ត្រូវ​ឈប់​គិត ក្នុង​នាម​ជា​មនុស្ស​ភាគ​ច្រើន​ ។ គ្រីស្ទបរិស័ទ​ពិត​ប្រាកដ ដែល​ជឿ​ព្រះ​គម្ពីរប៊ីប និង​ជឿ​ដំណឹង​ល្អ គឺ​ជា​ជន​ភាគ​តិច​ ។ (ជា​ការ​ពិត​ណាស់ រឿង​នេះ​ច្រើនតែ​ជា​ការ​ពិតមែន ប្រហែល​លើស​ពី​អ្វី​ដែល​យើង​ធ្លាប់​គិត) ។ យើង​ប្រៀប​ដូច​ជា​ជន​និរទេស ក្នុង​ទឹកដី​បរទេស​ ។ ប៉ុន្តែ យើង​មិន​ចាំបាច់​ត្រូវ​ជ្រួល​ច្របល់​ទេ​ ។ រឿង​នាងអេសធើរ​បាន​ក្រើន​រំឭក​យើង​ថា ព្រះ​ទ្រង់​ថែរក្សា​រាស្រ្ត​ទ្រង់ នៅ​ក្នុង​បរិយាកាស​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះអង្គ ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​ជា​ស្មរ​បន្ទាល់​ពី​ព្រះ​នាម​ទ្រង់​ ។ សំណួរ​ដែល​យើង​គួរ​យក​មក​ពិចារណា​នៅ​ថ្ងៃ​នេះ​គឺ តើ​ខ្ញុំ​អាច​រស់នៅ​ជា​គ្រីស្ទបរិស័ទ​ល្អ និង​ពលរដ្ឋ​ល្អ យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​ខ្ញុំ​អាច​រស់នៅ​ថ្វាយ​ព្រះយេស៊ូវ និង «ស្វែងរក​សេចក្តី​សុខ​របស់​ទីក្រុង» ដែល​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ យ៉ាង​ដូច​ម្តេច​ខ្លះ (យេរេមា ២៩:៧)? 
សាវ័ក​ប៉ុល​បាន​ធានា​ដល់​យើង​ថា យើង​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះ​មែន គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា «ដែល​យើង​រាល់​គ្នា​បាន​កេរ្តិ៍​អាករ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​តំរូវ​យើង​ទុកជា​មុន តាម​ដំរិះ​សំរេច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់ ប្រយោជន៍​ឲ្យ​យើង​ខ្ញុំ ដែល​បាន​ទុក​ចិត្តជឿ​ដល់​ព្រះគ្រីស្ទ​ជាមុន បាន​សំរាប់​នឹង​សរសើរ​ដល់​សិរី​ល្អ​ទ្រង់» (អេភេសូរ ១:១១-១២) ។ ដូច​នេះ ខណៈ​ពេល​ដែល​អ្នក​ព្យាយាម​រស់នៅ​ដោយ​ស្មោះ​ត្រង់ ថ្វាយ​ព្រះ ក្នុង​នាម​ជា​ជន​បរទេស ឬ​អ្នក​ដំណើរ​នៅ​លើ​ផែនដី​នេះ ចូរ​កុំ​ច្រឡំ​ឡើយ បើ​អ្នក​ជា​អ្នកជឿ ដែល​កំពុង​រស់​នៅ​លើ​ពិភពលោក​នេះ អ្នក​គឺ​ជា​ជន​បរទេស! តែ​អ្នក​នៅតែ​មាន​ហេតុផល​ធំ​មួយ ដែល​ត្រូវ​មាន​សង្ឃឹម​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ រ៉ូម ១៣:១-១០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ៣៣-៣៤ និង កិច្ចការ ១៦:២២-៤០

ប្រភេទ