នំម៉ាណាប្រចាំថ្ងៃ
មិន​តែងតែ​មាន​របៀប​រៀបរយ

មិន​តែងតែ​មាន​របៀប​រៀបរយ

ដោយAlistair Begg

July 24, 2026

«គេ​ក៏​នាំ​អេសធើរ​ចូល​ទៅ​ថ្វាយ​ស្ដេច​អ័ហាស៊ូរុស នៅ​ក្នុង​ព្រះ​រាជ ... ស្ដេច​ទ្រង់​ក៏​ស្រឡាញ់​អេសធើរ​លើស​ជាង​ស្ត្រី​ឯទៀត ហើយ​នាង​ទទួល​បាន​ព្រះគុណ នឹង​សេចក្ដី​ប្រោស​ប្រាណ នៅ​ចំពោះ​ទ្រង់ លើស​ជាង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន ដល់​ម្ល៉េះ​បានជា​ទ្រង់​បំពាក់​មកុដ​រាជ តាំង​នាង​ឡើងជា​អគ្គ​មហេសី​ជំនួស​វ៉ាសធី» ។ នាងអេសធើរ ២:១៦-១៧
នាង ​ហាដាសា គឺជា​នារី​ជនជាតិ​យូដា ដែល​បាន​ក្លាយ​ជា​អគ្គមហេសី នៃ​​ចក្រភព​ពើស៊ី ដែល​យើង​បាន​ស្គាល់​ឈ្មោះ​នាង​ថា​ជា អេសធើរ មានន័យថា «ផ្កាយ» ។ នាង​គឺជា​ក្មេង​កំព្រា ដែល​បង​ប្រុស​ជី​ដូច​មួយ​បាន​ចិញ្ចឹម ហើយ​នាង​មាន​រូប​សម្រស់​គួរ​ឲ្យ​ទាក់ទាញ​យ៉ាង​ពិសេស (នាងអេសធើរ ២:៧) ។ នៅពេល​ដែល​ស្តេច​បើក​កម្មវិធី​ស្វែងរក​បវរកញ្ញា ធ្វើ​ជា​មហេសី​ថ្មី «គេ​ក៏​នាំ​យក​អេសធើរ​​ទៅ​ក្នុង​ដំណាក់​ស្ដេច ប្រគល់​ក្រោម​អំណាច​ហេ​កាយ ជា​អ្នក​រក្សា​ពួក​ស្រី‍​ៗ​ដែរ» (ខ.៨) ។ គិត​មក​ត្រឹម​ចំណុច​នេះ នាង​បាន​លាក់​អត្ត​សញ្ញាណ​របស់​នាង ជា​ជនជាតិ​យូដា​ (ខ.១០) ។
លោក ​ហេ​កាយ ជា​មហាតលិក មាន​តួនាទី​មើល​ការ​ខុស​ត្រូវ​ស្រ្តី​ទាំង​អស់​នោះ ក៏​មាន​ការ​ពេញ​ចិត្ត​ចំពោះ​នាង អេសធើរ​ផង​ដែរ ដោយ​ជួយ​ជ្រោមជ្រែង​នាង ហើយ​ពេល​នាង​ដល់​វេន​ដែល​ត្រូវ​ចូល​គាល់​ស្តេច គាត់​ក៏បាន​បង្រៀន​នាង​ពី​របៀបរបប​ក្នុង​រាជវាំង (នាងអេសធើរ ២:៩,១៥) ។ អ្វីៗ​មាន​ដំណើរ​ការ​ល្អ ដោយ​នាង​បាន​ជាប់លេខ​មួយ ហើយក៏​បាន​ទទួល​ការ​តែងតាំង​ធ្វើ​ជា​មហេសី​ស្តេច​ ។ នាង អេសធើរ មាន​មុខ​នាទី ដែល​អាច​ជួយ​សាសន៍​របស់​នាង​បាន ប៉ុន្តែ មិន​មាន​ការ​លើក​ឡើង​ណា​មួយ​ថា នាង​មាន​គោលដៅ ដែល​ធំជាង​ការ​ពាក់​មកុដ​នោះ​ឡើយ​ ។
រឿង​នេះ​មាន​ធាតុ​ផ្សំ ដែល​ហាក់​ដូចជា​មិន​ទំនង និង​ពិបាក​ផង​ ។ ស្ត្រី​ជា​ម្តាយ​ជនជាតិ​យូដា ជា​ទូទៅ មិន​រំភើប​ចិត្ត​ទេ នៅពេល​ដែល​បាន​ដឹង​ថា កូន​ស្រី​របស់​ខ្លួន កំពុងតែ​រួម​ដំណេក​ជាមួយ​ស្តេច​សាសន៍​ដទៃ ដែល​មិន​កាត់​ស្បែក​ ។ បុរស​ជា​ឪពុក​សាសន៍​យូដា ក៏​មិន​រំភើប​ចិត្ត​ដែល នៅពេល​បាន​ដឹង​ថា កូន​ស្រី​ខ្លួន​បាន​លាក់​ការ​សម្ងាត់ ក្នុង​ចក្រភព​ពើស៊ី ដោយ​មិន​ព្រម​ឲ្យ​នរណា​ដឹង អំពី​សាច់​ញាតិ ប្រវត្តិ ឬ​អត្ត​សញ្ញាណ​របស់​ខ្លួន​ ។ នាង​គឺ​ជា​វីរ​នារី​ក្នុង​រឿង​នេះ ប៉ុន្តែ គឺ​ជា​វីរនារី ដែល «គេ​អាច​ចោទ​សួរ​អំពី​ក្រម​សីលធម៌ និង​វិន័យ​ចាស់​របស់​នាង ដោយ​ការ​សង្ស័យ​បាន» ។60
ទោះជា​យ៉ាងណា​ក៏ដោយ យើង​មិន​ចាំបាច់​ត្រូវ​យល់​ស្រប ចំពោះ​ការ​សម្រេច​ចិត្ត​នីមួយៗ​របស់​នាង អេសធើរ​នោះ​ទេ​ ។ យើង​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មាន​អំណាច​គ្រប់​គ្រង​លើ​ដំណើរ​រឿង កំពុង​កើត​ឡើង​ក្នុង​ជីវិត​នាង តែ​យើង​មិន​ចាំបាច់​ត្រូវ​និយាយ​ថា នាង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ គ្រប់​ជំហាន​ឡើយ​ ។ ព្រះ​ទ្រង់​បាន​ឲ្យ​នាង​មាន​ចំណែក​បន្តិច​បន្តួច ក្នុង​រឿង​ធំជាង ដែល​ត្រូវ​បើក​បង្ហាញ​ ។ ប៉ុន្តែ យើង​ត្រូវ​មើល​បង្ហួស​នាង អេសធើរ និង​ការ​សម្រេច​ចិត្ត​របស់​នាង ហើយ​មើលទៅ​ឲ្យ​ដល់​វីរបុរស​ពិត​នៃ​រឿង​នោះ គឺ​ព្រះអម្ចាស់ ដែល​ប្ដេជ្ញា​​ព្រះ​ទ័យ​ថា នឹង​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​សុខុមាល​ភាព​របស់​រាស្រ្ត​ទ្រង់​ ។ 
ហេតុការណ៍​ក្នុង​រឿង​នាង អេសធើរ មិន​មាន​របៀប​​រៀបរយ ដូច​ដែល​យើង​ចង់​បាន​នោះ​ទេ​ ។ ជា​ការ​ពិត​ណាស់ វា​មិនមែន​ជា​ការ​យកលេស ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ចេតនា ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​មិន​សព្វ​ព្រះទ័យ​នោះ​ទេ​ ។ ប៉ុន្តែ នេះ​ជា​ហេតុផល​ដែល​យើង​ត្រូវ​មាន​ការ​លើក​ទឹក​ចិត្ត ព្រោះ​ហេតុការណ៍​ដែល​កើត​ឡើង​តាម​ផែនការ​ព្រះ ក្នុង​ជីវិត​យើង ក៏​មិន​មាន​របៀប​រៀបរយ ដូច​ដែល​យើង​ចង់​បាន​ដែរ​ ។ ចូរ​ពិនិត្យ​មើល​ជីវិត​អ្នក​ឡើង​វិញ ហើយ​ដឹង​ថា ទោះ​ការ​សម្រេច​ចិត្ត​របស់​អ្នក​មិន​ល្អ​ទាំង​អស់ ផែនការ​របស់​អ្នក​មិន​សុទ្ធតែ​គ្មាន​ភាព​អាត្មា​និយម​ក៏ដោយ ក៏​ព្រះ​ទ្រង់​បាន​នាំ​អ្នក​មកដល់​ចំណុច​នេះ នៅ​ថ្ងៃ​នេះ ដោយ​អំណាច​គ្រប់​គ្រង​របស់​ទ្រង់​ ។ ខណៈ​ពេល​ដែល​អ្នក​ចែក​ចាយ​រឿង​របស់​អ្នក អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ចែក​ចាយ​រឿង​នោះ អំពី​ព្រះ​ដែល​ជា​វីរបុរស​ពិត​ប្រាកដ ជាដើម ហើយ​ជា​ចុង ដែល​កំពុង​សម្រេច​គោលបំណង​ទ្រង់​ក្នុង​ជីវិត​អ្នក​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ពួក​ចៅហ្វាយ ១៣:១-៤ ១៦:២៣-៣០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ៣៥-៣៦ និង កិច្ចការ ១៧:១-១៥

ប្រភេទ