នំម៉ាណាប្រចាំថ្ងៃ
តើ​ព្រះអង្គ​កំពុង​ធ្វើ​អ្វី?

តើ​ព្រះអង្គ​កំពុង​ធ្វើ​អ្វី?

ដោយAlistair Begg

July 25, 2026

«រីឯ​នៅ​គ្រា​នោះ កាល​ម៉ា​ដេកាយ​កំពុងតែ​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ​រាជ​វាំង នោះ​មាន​ភ្នាក់ងារ​របស់​ស្ដេច២នាក់ ឈ្មោះ​ប៊ីកថាន និង​ថេរែស ក្នុង​ពួក​អ្នក​ចាំ​យាម​នៅ​មាត់​ទ្វារ​ព្រះ​រាជ​វាំង គេ​មាន​សេចក្ដី​កំហឹង ហើយ​រក​ឱកាស​ដល់​ព្រះ​ជន្ម​ស្ដេច​អ័ហាស៊ូរុស ... លុះ​កាល​គេ​ស៊ើប​សួររក​ពី​រឿង​នោះ​ទៅ ក៏​ឃើញ​ពិត​ដូច្នោះ​មែន រួច​គេ​ចង​ក​អ្នក​ទាំង២ព្យួរ​នៅ​ដើមឈើ...ក្រោយ​នោះ​មក ស្ដេច​អ័ហាស៊ូរុស​ទ្រង់​លើក​ដំកើង​ហា​ម៉ាន កូន​ហាំ​ម្ដា​ថា ជា​សាសន៍​អ័កាក់ ទាំង​លើក​លោក​ឡើង» ។ នាងអេសធើរ ២:២១-៣:១
តើ​អ្នក​ធ្លាប់​បាន​សម្រេច​កិច្ចការ​ធំ​នៅ​សាលា​រៀន នៅ​កន្លែង​ធ្វើ​ការ ឬ​ប្រហែល​ជា​នៅ​ព្រះវិហារ ប៉ុន្តែ អ្នក​ដទៃ​បាន​ទទួល​ការ​សរសើរ​ឬ​ទេ? 
នេះ​ជា​បញ្ហា​ដែល​លោក ​ម៉ាដេកាយ​​បាន​ជួប​ផង​ដែរ​ ។ គាត់​បាន​រក​ឃើញ​គេ​មាន​​គម្រោង​ធ្វើឃាត​ស្តេច​អ័ហាស៊ូរុស ហើយក៏​បាន​រាយ​ការណ៍​ដល់​ស្តេច ហើយ​ស្តេច​ក៏​បាន​លើ​ក​ដំកើង​ហា​ម៉ាន​ទៅវិញ ដោយ​ឲ្យ​ដំណែង​គាត់​ខ្ពស់​ជាងគេ ក្នុង​រាជការ ដើម្បី​ឲ្យ​មន្ត្រី​ទាំង​អស់​ស្ថិត​ក្រោម​បង្គាប់​គាត់​ ។ អ្វី​ដែល​លោក ​ម៉ាដេកាយ​ទទួល​បាន គឺ​មានតែ​ពាក្យ​ពីរបី​បន្ទាត់ ដែល​បាន​កត់ទុក​ក្នុង​បញ្ជី​ពង្សាវតារ​របស់​ចក្រភព​ពើស៊ី​ ។ ប៉ុន្តែ លោក ​ម៉ាដេកាយ​មិន​បាន​ដឹង​ថា ការ​កត់ទុក​អំពី​សកម្មភាព​របស់​គាត់ មាន​សារៈ​សំខាន់​ប៉ុណ្ណា​ទេ គឺ​មិន​គ្រាន់តែ​ក្នុង​ជីវិត​គាត់ តែ​សម្រាប់​ប្រជាជន​យូដា​ទាំង​អស់ ហើយក៏​សម្រាប់​ពិភពលោក​ទាំងមូល​ផង​ដែរ​ ។ ៥ឆ្នាំ​ក្រោយមក នៅពេល​ដែល​រាស្រ្ត​របស់​ព្រះ​ប្រឈម​មុខ​នឹង​អំពើ​ប្រល័យ​ពូជ​សាសន៍ នៅ​ក្រោម​បង្គាប់​របស់​ហាម៉ាន នៅ​ពេលយប់​មួយ​នោះ ស្តេច​មិន​អាច​ផ្ទំ​លក់ «ដូច្នេះ ទ្រង់​បង្គាប់​ឲ្យ​គេ​យក​សៀវភៅ ដែល​កត់​អស់​ទាំង​រឿង​ទុក​សំរាប់​ពង្សាវតារ​មក រួច​គេ​ក៏​អាន​មើល​ថ្វាយ​ស្ដេច នោះ​ឃើញ​មាន​សេចក្ដី​កត់ទុក ពី​ម៉ា​ដេកាយ​បាន​ប្ដឹង​ពី​ប៊ីកថាន និង​ថេរែស ... ដែល​បាន​រក​ឱកាស​ដល់​ព្រះ​ជន្ម​នៃ​ស្ដេច​អ័ហាស៊ូរុស» (នាងអេសធើរ ៦:១-២) ។ ពិភពលោក​អាច​និយាយ​ថា នេះ​ជា​រឿង​ចៃដន្យ​ ។ អ្នកជឿ​ព្រះ​បាន​ដឹង​ថា នេះ​ជា​ការ​រៀបចំ​របស់​ព្រះ​ ។ 
យើង​មិន​ត្រូវ​កាត់​ស្រាយ​ព្រឹត្តិការណ៍​នៃ​ជីវិត​យើង ផ្អែក​ទៅលើ​របៀប​ដែល​ពួកវា​មាន​ផល​ប៉ះ​ពាល់​មក​លើ​ជីវិត​របស់​យើង ​ក្នុង​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្អែក​ទៅលើ​សារៈសំខាន់​របស់​ពួកវា​ផង​ដែរ​ ។ ការ​រៀបចំ​របស់​ព្រះ មិន​តែងតែ​ងាយ​ស្រួល​យល់ ពេល​យើង​មើល​មួយ​ភ្លែត​នោះ​ទេ​ ។ បើ​យើង​ព្យាយាម​ពន្យល់​អ្វីៗ​ទាំង​អស់ តាម​សម្ពាធ និង​អារម្មណ៍​ដែល​យើង​មាន ក្នុង​ពេលណា​មួយ យើង​ច្រើនតែ​យល់​ច្រឡំ​អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​កំពុង​ធ្វើ​ ។ យើង​ចង់​បាន​ចម្លើយ ដែល​ច្បាស់​លាស់ និង​ឆាប់​រហ័ស និង​ចង់​បាន​ដំណោះ​ស្រាយ​នៅពេល​នេះ ប៉ុន្តែ ព្រះ​ទ្រង់​ត្រាស់ហៅ​យើង​ឲ្យ​មើលទៅ​ព្រះអង្គ ដោយ​ទុក​ចិត្ត​លើ​ផែនការ​របស់​ព្រះ​អង្គ​ដែល​កំពុង​បើក​​សម្ដែង ដោយ​គ្រប់​គ្រង​ពីលើ​អ្វីៗ​ទាំង​អស់ នៅ​ពេល​អតីតកាល បច្ចុប្បន្ន និង​ពេល​អនាគត​ ។ យើង​ត្រូវ​រស់នៅ និង​ស្លាប់ ដោយ​ជំនឿ ដោយ​ជឿ​ថា ព្រះ​ទ្រង់​នឹង​សម្រេច​គោលបំណង​ទ្រង់ ក្នុង​ព្រឹត្តិការណ៍​នីមួយៗ ទាំង​តូច​ទាំង​ធំ ដែល​យើង​បាន​ស្រមៃ ក៏​ដូចជា​ព្រឹត្តិការណ៍​ដែល​ប្រៀប​ដូច​ជា​សុបិន្ដ​អាក្រក់​ ។
យើង​ប្រហែល​ជា​ឆ្ងល់​ថា ព្រះ​ទ្រង់​កំពុង​ធ្វើ​អ្វី ក្នុង​ជីវិត​យើង និង​ក្នុង​លោកិយ​ ។ ការ​ឆ្ងល់​ដូច​នេះ មិនមែន​ជា​រឿង​ចម្លែក​ទេ​ ។ អ្នក​ប្រហែល​មិន​អាច​យល់​ភ្លាមៗ បើ​អ្នក​គ្រាន់តែ​មើលទៅ​ស្ថានភាព​ក្នុង​ពេល​បច្ចុប្បន្ន ផ្អែក​ទៅលើ​អារម្មណ៍​ដែល​អ្នក​មាន​ភ្លាមៗ​ ។ កិច្ចការ​ដែល​ព្រះ​ទ្រង់​ធ្វើ​នៅ​ក្នុង តាមរយៈ ជាមួយ និង​សម្រាប់​អ្នក មាន​ភាព​ធំធេង​ជាង​អ្វី​ដែល​អ្នក​មើល​ឃើញ​ក្នុង​ពេល​ឥឡូវ​នេះ​ ។ ព្រះអង្គ​គឺជា​ព្រះ​ដែល​ស្មោះ​ត្រង់ ដែល​រក្សា​ព្រះបន្ទូល​សន្យា​តាម​សេចក្តី​សញ្ញា​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​គ្រប់​គ្រង​លើ​ផ្នែក​លម្អិត​បំផុត​នៃ​ជីវិត​អ្នក​ ។ អ្នក​ត្រូវ​ផ្អែក​ទៅលើ​សេចក្តី​ពិត​នេះ​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ សុភាសិត ១៦:១-៩
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ៣៧-៣៩ និង កិច្ចការ ១៧:១៦-៣៤

ប្រភេទ