
សេរីភាពក្នុងការសោកសង្រេង
ដោយAlistair Begg
July 28, 2026
«ចំណែកម៉ាដេកាយ កាលបានដឹងពីការដែលកើតមកទាំងនោះហើយ នោះគាត់ហែកអាវខ្លួន ហើយស្លៀកសំពត់ធ្មៃរោយផែះផង រួចចេញទៅកណ្ដាលទីក្រុងស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ហើយជូរចត់ ។ គាត់ក៏ទៅរហូតដល់មុខទ្វារព្រះរាជវាំង ដ្បិតគ្មានច្បាប់នឹងចូលទៅក្នុងព្រះរាជវាំងទាំងស្លៀកសំពត់ធ្មៃបានឡើយ» ។ នាងអេសធើរ ៤:១-២
ខគម្ពីរនេះបានពិពណ៌នាអំពីសំលៀកបំពាក់ដែលលោក ម៉ាដេកាយពាក់ គឺបានបង្ហាញការកាន់ទុក្ខ ដែលកំពុងជោរជន់ក្នុងចិត្តគាត់ ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល ការហែកអាវ និងស្លៀកអាវធ្មៃរោយផែះ គឺជាវិធីបង្ហាញការកាន់ទុក្ខ និងការសោកសង្រេង (យ៉ូប ១:២០ និង យ៉ូណាស ៣:៦-៩) ។
ការឈឺចាប់នេះ គឺជារឿងផ្ទាល់ខ្លួនរបស់លោក ម៉ាដេកាយ ព្រោះគាត់កំពុងសែងបន្ទុក ដោយដឹងថា ប្រជាជនគាត់ជិតដល់ពេលដែលគេសម្លាប់បំផុតពូជ ដោយសារតែគាត់បដិសេធមិនព្រមឱនក្បាលគោរពលោក ហាម៉ាន (នាងអេសធើរ ៣:២-៦) ។ គាត់បានធ្វើអ្វីដែលគាត់គិតថា ជាទង្វើដ៏ត្រឹមត្រូវ ហើយសូមឲ្យព្រះទ្រង់សម្រេចជោគវាសនាគាត់ ។ ប៉ុន្តែ មិនមានន័យថា គាត់ដើរចេញយ៉ាងរំភើយ ដោយចម្រៀងសរសើរអំពីការគ្រប់គ្រងរបស់ព្រះអម្ចាស់នោះឡើយ ។ ទេ លោក ម៉ាដេកាយ បានទៅកណ្តាលទីក្រុង ហើយទួញយំដោយចិត្តជូរល្វីងយ៉ាងខ្លាំង ។ នេះជាទិដ្ឋភាពដ៏សោកសៅណាស់ ហើយមានមនុស្សជាច្រើនក៏ធ្វើដូចនេះដែរ បន្ទាប់ពីដំណឹងនោះបានឮសុះសាយ (៤:៣) ។
ខណៈពេលដែលគាត់ទួញយំ និងសោកសង្រេង នៅកន្លែងដែលមិនឆ្ងាយប៉ុន្មានពីទ្វាររាជវាំងរបស់ស្តេច បើសិនជាគាត់ហ៊ានចូលទៅជិតតែបន្តិច គាត់នឹងត្រូវស្លាប់មិនខាន ។ ជាទូទៅ ពួកស្តេចមិនចូលចិត្តឲ្យគេសោកសង្រេងចំពោះរាជក្រឹត្យរបស់ខ្លួនទេ ។ នៅពេលខ្លះ យើងមានការមិនពេញចិត្តស្រដៀងនេះដែរ ចំពោះទុក្ខសោកក្នុងពួកជំនុំ ។ អ្នកប្រហែលជាធ្លាប់ឮគេនិយាយថា វិញ្ញាណដែលរឹងមាំ មានជំនឿខ្លាំង និងទុកចិត្តព្រះ មិនដែលចាំបាច់ត្រូវក្រាបទួញយំ និងសោកសង្រេង នៅលើដីទេ ។ នេះជាការយល់ខុស ដែលបានបាញ់សំដៅយ៉ាងល្ងង់ខ្លាំងមកលើអ្នកជឿ ហើយកើតចេញពីសៀវភៅដែលបង្រៀនមនុស្សជួយខ្លួនឯង ជាជាងព្រះបន្ទូលព្រះ ។
លោកគ្រូ ចច ឡសិន (George Lawson) បានសរសេរថា «ការទុកចិត្តព្រះ មិនមានន័យថា រាស្រ្តរបស់ព្រះ គួរតែឈប់មានការសោកសង្រេង ពេលដែលពួកគេជួបរឿងដ៏ឈឺចាប់នោះទេ ។ ជំនឿមិនលុបបំបាត់ទុក្ខសោកទេ ។ អ្នកជឿអាចទុកចិត្តលើការរៀបចំរបស់ព្រះ ហើយនៅតែសោកសង្រេងយ៉ាងត្រឹមត្រូវ» ។61 «ការសោកសង្រេង ដោយទុកចិត្តលើការរៀបចំរបស់ព្រះ» យ៉ាងដូចនេះ អាចជាការសោកសង្រេង ដោយសារសោកនាដកម្មដែលដកជីវិតប្តីប្រពន្ធរបស់អ្នក នៅពេលដែលអ្នកចង់ឲ្យនាងរស់នៅជាមួយអ្នក ឬដកជីវិតកូនរបស់អ្នក ពេលដែលអ្នករំពឹងថា ពួកគេនឹងចម្រើនវ័យធំឡើង ។ ការសោកសង្រេងនេះធ្វើឲ្យអ្នកខូចសុខភាព បាត់បង់ទំនុកចិត្ត ឬក្តីស្រមៃរបស់អ្នក ធ្វើឲ្យអ្នកមានអារម្មណ៍ភាន់ភាំង ។
ហើយយើងឃើញលោក ម៉ាដេកាយ មានប្រតិកម្មតប ដោយចិត្តស្មោះត្រង់ និងអាចយល់បាន ដែលយើងអាចធ្វើដូចគាត់ដែរ ដោយមានអារម្មណ៍ និងទទួលស្គាល់ ហើយបង្ហាញអារម្មណ៍របស់យើង តាមរបៀបដែលគោរពប្រតិបត្តិព្រះ ជាជាងព្យាយាមគ្របសង្កត់ ឬមិនអើពើចំពោះអារម្មណ៍ទាំងនោះ ។
យើងត្រូវទុកចិត្តព្រះ និងមានការយល់ដឹងដ៏មុតមាំថា ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ ដើម្បីសរសើរដំកើងសិរីល្អទ្រង់ ហើយនឹងដាក់អ្វីៗនៅក្រោមការគ្រប់គ្រងរបស់ព្រះគ្រីស្ទ ប៉ុន្តែ ការនេះមិនមានន័យថា យើងនឹងមិនត្រូវសោកសង្រេង ចំពោះភាពប្រេះបែក និងការឈឺចាប់ដោយសារអំពើបាប ក្នុងលោកិយនេះទេ ។ ពេលណាផ្លូវជីវិតយើងកំពុងឆ្លងកាត់ទុកលំបាក យើងអាចបង្ហាញចេញការសោកសង្រេង ទុក្ខសោក ការបាក់ទឹកចិត្ត ការខកចិត្ត ការភ័យខ្លាច និងការតក់ស្លុត ព្រោះវាជាទង្វើត្រឹមត្រូវ ហើយថែមទាំងល្អផង ។
ពេលណាអ្នកមានអារម្មណ៍ដូចនេះ ចូរស្រែករកព្រះ ។ ព្រះអង្គមិនបោះបង់ចោលរាស្រ្តរបស់ទ្រង់ឡើយ ។ ព្រះអង្គមិនមានការស្អប់ខ្ពើមចំពោះការឈឺចាប់របស់អ្នក ឬចំអកឲ្យទឹកភ្នែករបស់អ្នកឡើយ ជាការពិតណាស់ «ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង» (ទំនុកដំកើង ៣៤:១៨) ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ៣៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ៤៦-៤៨ និង កិច្ចការ ១៩:២១-៤១