នំម៉ាណាប្រចាំថ្ងៃ
សេរីភាព​ក្នុង​ការ​សោក​សង្រេង

សេរីភាព​ក្នុង​ការ​សោក​សង្រេង

ដោយAlistair Begg

July 28, 2026

«ចំណែក​ម៉ា​ដេកាយ កាល​បាន​ដឹងពី​ការ​ដែល​កើតមក​ទាំង​នោះ​ហើយ នោះ​គាត់​ហែក​អាវ​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ​រោយ​ផែះ​ផង រួច​ចេញទៅ​កណ្ដាល​ទីក្រុង​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ហើយ​ជូរចត់​ ។ គាត់​ក៏​ទៅ​រហូត​ដល់​មុខទ្វារ​ព្រះ​រាជ​វាំង ដ្បិត​គ្មាន​ច្បាប់​នឹង​ចូល​ទៅ​ក្នុង​ព្រះ​រាជ​វាំង​ទាំង​ស្លៀក​សំពត់​ធ្មៃ​បាន​ឡើយ» ។ នាងអេសធើរ ៤:១-២
ខ​គម្ពីរ​នេះ​បាន​ពិពណ៌នា​អំពី​សំលៀក​បំពាក់​ដែល​លោក ​ម៉ាដេកាយ​ពាក់ គឺ​បាន​បង្ហាញ​ការ​កាន់​ទុក្ខ ដែល​កំពុង​ជោរជន់​ក្នុង​ចិត្ត​គាត់​ ។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទាំងមូល ការ​ហែ​កអាវ និង​ស្លៀក​អាវ​ធ្មៃ​រោយផែះ គឺជា​វិធី​បង្ហាញ​ការ​កាន់​ទុក្ខ និង​ការ​សោក​សង្រេង (យ៉ូប ១:២០ និង យ៉ូណាស ៣:៦-៩) ។
ការ​ឈឺ​ចាប់​នេះ គឺជា​រឿង​ផ្ទាល់​ខ្លួន​របស់​លោក ​ម៉ា​ដេកាយ ព្រោះ​គាត់​កំពុង​សែង​បន្ទុក ដោយ​ដឹង​ថា ប្រជាជន​គាត់​ជិត​ដល់​ពេល​ដែល​គេ​សម្លាប់​បំផុត​ពូជ ដោយសារតែ​គាត់​បដិសេធ​មិន​ព្រម​ឱន​ក្បាល​គោរព​លោក ​​ហា​ម៉ាន (នាងអេសធើរ ៣:២-៦) ។ គាត់​បាន​ធ្វើ​អ្វី​ដែល​គាត់​គិតថា ជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ ហើយ​សូម​ឲ្យ​ព្រះ​ទ្រង់​សម្រេច​ជោគវាសនា​គាត់​ ។ ប៉ុន្តែ មិន​មានន័យថា គាត់​ដើរ​ចេញ​យ៉ាង​រំភើយ ដោយ​ចម្រៀង​សរសើរអំពី​​ការ​គ្រប់​គ្រង​របស់​ព្រះអម្ចាស់​នោះ​ឡើយ​ ។ ទេ លោក ​ម៉ា​ដេកាយ បាន​ទៅ​កណ្តាល​ទី​ក្រុង ហើយ​ទួញយំ​ដោយ​ចិត្ត​ជូរ​ល្វីង​យ៉ាង​ខ្លាំង​ ។ នេះ​ជា​ទិដ្ឋភាព​ដ៏​សោកសៅ​ណាស់ ហើយ​មាន​មនុស្ស​ជា​ច្រើន​ក៏​ធ្វើ​ដូច​នេះ​ដែរ បន្ទាប់ពី​ដំណឹង​នោះ​បាន​ឮ​សុះសាយ (៤:៣) ។
ខណៈ​ពេល​ដែល​គាត់​ទួញ​យំ និង​សោក​សង្រេង នៅ​កន្លែង​ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទ្វារ​រាជ​វាំង​របស់​ស្តេច​​ បើសិន​ជា​គាត់​ហ៊ាន​ចូល​ទៅ​ជិត​តែ​បន្តិច គាត់​នឹង​ត្រូវ​ស្លាប់​មិន​ខាន​ ។ ជា​ទូទៅ ពួក​ស្តេច​មិន​ចូល​ចិត្ត​ឲ្យ​គេ​សោក​សង្រេង​ចំពោះ​រាជ​ក្រឹត្យ​របស់​ខ្លួន​ទេ​ ។ នៅពេល​ខ្លះ យើង​មាន​ការ​មិន​ពេញ​ចិត្ត​ស្រដៀង​នេះ​ដែរ ចំពោះ​ទុក្ខសោក​ក្នុង​ពួក​ជំនុំ​ ។ អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​គេ​និយាយ​ថា វិញ្ញាណ​ដែល​រឹងមាំ មាន​ជំនឿ​ខ្លាំង និង​ទុកចិត្ត​ព្រះ មិន​ដែល​ចាំបាច់​ត្រូវ​ក្រាប​ទួញ​យំ និង​សោក​សង្រេង នៅ​លើ​ដី​ទេ​ ។ នេះ​ជា​ការ​យល់​ខុស ដែល​បាន​បាញ់​សំដៅ​យ៉ាង​ល្ងង់​ខ្លាំង​មក​លើ​អ្នកជឿ ហើយ​កើត​ចេញពី​សៀវភៅ​ដែល​បង្រៀន​មនុស្ស​ជួយ​ខ្លួនឯង ជាជាង​ព្រះបន្ទូល​ព្រះ​ ។ 
លោក​គ្រូ ចច ឡសិន (George Lawson) បាន​សរសេរ​ថា «ការ​ទុកចិត្ត​ព្រះ មិន​មានន័យថា រាស្រ្ត​របស់​ព្រះ គួរ​តែ​ឈប់​មាន​ការ​សោក​សង្រេង ពេល​ដែល​ពួក​គេ​ជួប​រឿង​ដ៏​ឈឺ​ចាប់​នោះ​ទេ​ ។ ជំនឿ​មិន​លុបបំបាត់​ទុក្ខសោក​ទេ​ ។ អ្នកជឿ​អាច​ទុក​ចិត្ត​លើ​ការ​រៀបចំ​របស់​ព្រះ ហើយ​នៅតែ​សោក​សង្រេង​យ៉ាង​ត្រឹម​ត្រូវ» ។61 «ការ​សោក​សង្រេង ដោយ​ទុក​ចិត្ត​លើ​ការ​រៀបចំ​របស់​ព្រះ» យ៉ាង​ដូច​នេះ ​អាច​ជា​​ការ​សោក​សង្រេង ដោយសារ​សោក​នាដកម្ម​ដែល​ដក​ជីវិត​ប្តី​ប្រពន្ធ​របស់​អ្នក​ នៅពេល​ដែល​អ្នក​ចង់​ឲ្យ​នាង​រស់នៅ​ជាមួយ​អ្នក ឬ​ដក​ជីវិត​កូន​របស់​អ្នក ពេល​ដែល​អ្នក​រំពឹង​ថា ពួកគេ​នឹង​ចម្រើន​វ័យ​ធំឡើង​ ។ ការ​សោក​សង្រេង​នេះ​ធ្វើ​ឲ្យ​អ្នក​ខូច​សុខ​ភាព បាត់បង់​ទំនុក​ចិត្ត ឬ​ក្តី​ស្រមៃ​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ភាន់​ភាំង​ ។
ហើយ​យើង​ឃើញ​លោក ​ម៉ាដេកាយ មាន​ប្រតិកម្ម​តប ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​អាច​យល់​បាន ដែល​យើង​អាច​ធ្វើ​ដូច​គាត់​ដែរ ដោយ​មាន​អារម្មណ៍ និង​ទទួល​ស្គាល់ ហើយ​បង្ហាញ​អារម្មណ៍​របស់​យើង តាម​របៀប​ដែល​គោរព​ប្រតិបត្តិ​ព្រះ ជាជាង​ព្យាយាម​គ្រប​សង្កត់ ឬ​មិន​អើពើ​ចំពោះ​អារម្មណ៍​ទាំង​នោះ​ ។ 
យើង​ត្រូវ​ទុកចិត្ត​ព្រះ និង​មាន​ការ​យល់​ដឹង​ដ៏​មុត​មាំ​ថា ព្រះអង្គ​គ្រប់​គ្រង​លើ​​អ្វីៗ​ទាំង​អស់ ដើម្បី​សរសើរ​ដំកើង​សិរី​ល្អ​ទ្រង់ ហើយ​នឹង​ដាក់​អ្វីៗ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះគ្រីស្ទ ប៉ុន្តែ ការ​នេះ​មិន​មានន័យថា យើង​នឹង​មិន​ត្រូវ​សោក​សង្រេង ចំពោះ​ភាព​ប្រេះ​បែក និង​ការ​ឈឺ​ចាប់​ដោយសារ​អំពើបាប ក្នុង​លោកិយ​នេះ​ទេ​ ។ ​ពេលណា​ផ្លូវ​ជីវិត​យើង​កំពុង​ឆ្លង​កាត់​ទុក​លំបាក​ យើង​​អាច​បង្ហាញ​ចេញ​ការ​សោក​សង្រេង ទុក្ខសោក ការ​បាក់​ទឹក​ចិត្ត ការ​ខក​ចិត្ត ការ​ភ័យ​ខ្លាច និង​ការ​តក់ស្លុត ព្រោះ​វា​ជា​ទង្វើ​ត្រឹម​ត្រូវ ហើយ​ថែម​ទាំង​ល្អ​ផង ។ 
ពេលណា​អ្នក​មាន​អារម្មណ៍​ដូច​នេះ ចូរ​ស្រែក​រក​ព្រះ​ ។ ព្រះអង្គ​មិន​បោះបង់ចោល​រាស្រ្ត​របស់​ទ្រង់​ឡើយ​ ។ ព្រះអង្គ​មិន​មាន​ការ​ស្អប់​ខ្ពើម​ចំពោះ​ការ​ឈឺ​ចាប់​របស់​អ្នក ឬ​ចំអក​ឲ្យ​ទឹក​ភ្នែក​របស់​អ្នក​ឡើយ ជា​ការ​ពិត​ណាស់ «ព្រះយេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់អ្នក​ដែល​មាន​ចិត្ត​សង្រេង» (ទំនុក​ដំកើង ៣៤:១៨) ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ ទំនុក​ដំកើង ៣៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ៤៦-៤៨ និង កិច្ចការ ១៩:២១-៤១

ប្រភេទ