នំម៉ាណាប្រចាំថ្ងៃ
ចាក​ចេញពី​ជីវិត​លាក់​កំបាំង

ចាក​ចេញពី​ជីវិត​លាក់​កំបាំង

ដោយAlistair Begg

July 30, 2026

«ក៏​ឲ្យ​សំណៅ​ព្រះ​រាជ​ឱង្ការ១ច្បាប់ ជា​សេចក្ដី​ដែល​បាន​ប្រកា​ស​ប្រាប់​នៅ​ក្រុង​ស៊ូសាន បង្គាប់​ឲ្យ​សំឡាប់​គេ ដល់​ភ្នាក់ងារ​នោះ ឲ្យ​នាំ​យក​ទៅ​បង្ហាញ​ដល់​អេសធើរ ហើយ​រាប់រៀប​ទូល​ព្រះ​នាង​ឲ្យ​ជ្រាប ព្រម​ទាំង​ផ្ដាំ ឲ្យ​ព្រះ​នាង​ចូល​ទៅ ទូល​អង្វរ​ចំពោះ​ស្ដេច ថ្វាយ​ពាក្យ​សំណូម​ជំនួស​សាសន៍​របស់​ខ្លួន​ផង» ។ នាងអេសធើរ ៤:៨
ព្រះ​នាងអេសធើរ​ក៏​បាន​ដឹង​ថា រឿង​នោះ គឺជា​រឿង​របស់ «សាសន៍​ព្រះ​នាង» ។ ព្រះ​នាង​បាន​ដឹង​ការ​ពិត​ហើយ​ ។ ព្រះ​នាងអេសធើរ​គឺជា​នារី​ដែល​បាន​ឈ្នះ​ការ​ប្រកួត​បវរកញ្ញា បាន​ក្លាយ​ជា​មហេសី​របស់​ស្តេច​ដែល​មាន​អំណាច​បំផុត ក្នុង​ពិភពលោក នៅ​សម័យ​នោះ ហើយក៏​បាន​លាក់​បាំង​អត្ត​សញ្ញាណ​ពិត​របស់​ព្រះ​នាង​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ ។ ​លោក ​ហាថាច់​ជា​មហាតលិក បាន​ដឹង​នៅ​ពេល​នោះ​ថា ព្រះ​មេហេសី គឺជា​ជនជាតិ​យូដា​ ។ គេ​បាន​រាប់​បញ្ចូល​ព្រះ​នាង និង​គ្រួសារ​របស់​ព្រះ​នាង ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​សម្លាប់ តាម​ព្រះ​រាជ​ក្រឹត្យ​ ។ អត្ត​សញ្ញាណ​របស់​ព្រះ​នាង​ក៏បាន​បង្ហាញ​ចេញ​មក មិនមែន​ដោយសារ​ការ​អស្ចារ្យ​នៃ​គុម្ព​បន្លា​ឆេះ ឬ​ទី​សំគាល់​អស្ចារ្យ​អ្វីមួយ ឬ​ក៏​ដោយសារ​សម្លេង​ពី​ស្ថាន​សួគ៌ តែ​ដោយសារ​​តែ​សារ​ដែល​បង​ជីដូនមួយ​របស់​ព្រះ​នាង​បាន​ផ្ញើ​មក​ ។
អគ្គ​​មហេសី​បាន​ប្រឈម​មុខ​ដាក់​ស្ថានភាព​មួយ ដែល​តម្រូវ​ឲ្យ​ព្រះ​នាង​ចាក​ចេញពី​ភាព​លាក់​បាំង ហើយ​បើក​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ព្រះ​នាង​ជា​នរណា ព្រះ​នាង​ជឿ​លើ​អ្វី ហើយ​​ជា​សាសន៍​អ្វី​ ។ ក្នុង​ពិភព​ឯកជន​របស់​ព្រះ​នាង ព្រះ​នាង​ជ្រាប​ថា ខ្លួនឯង​គឺជា​សាសន៍​យូដា ជា​សមាជិក​គ្រួសារ​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ តែ​ព្រះ​នាង​បាន​រស់នៅ​ក្នុង​ពិភព​សាធារណៈ ដោយ​ការ​លាក់​បាំង​ការ​ពិត​នេះ​ ។ ក្នុង​ឯកជន​ភាព ព្រះ​នាង​មាន​អត្ត​សញ្ញាណ​មួយ តែ​ក្នុង​ជីវិត​សាធារណៈ​ព្រះ​នាង​មាន​អត្ត​សញ្ញាណ​មួយ​ទៀត ហើយ​ឥឡូវ​នេះ កាលៈទេសៈ​បាន​ជំរុញ​ព្រះ​នាង​ឲ្យ​កំណត់​ថា ខ្លួនឯង​ជា​នរណា​ពិត​ប្រាកដ​ ។ តើ​ព្រះ​នាង​មាន​អត្ត​សញ្ញាណ​ជា​អគ្គ​មហេសី​នៃ​ចក្រភព​ពើស៊ី ឬ​ជា​ស្រ្តី​របស់​ព្រះ?
អ្នកជឿ​ខ្លះ​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត​ដូច​នេះ​ផង​ដែរ ដោយ​យើង​មាន​ពិភព​ឯកជន​ដ៏​តូច យើង​ជឿ​ដំណឹង​ល្អ​ក្នុ​ចិត្ត ហើយ​យើង​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អា​ទិត្យ ប៉ុន្តែ គ្មាន​នរណា​ម្នាក់ ក្នុង​ការិយាល័យ​យើង នៅ​តាម​ផ្លូវ​យើង​ធ្វើ​ដំណើរ ឬ​នៅ​កន្លែង​ណាមួយ​ដឹង​ថា យើង​ជឿ​ព្រះ​ទេ​ ។ ហើយ​ពេល​មួយ​ក៏បាន​មកដល់ ដែល​យើង​មិន​អាច​ញែក​ជីវិត​ឯក​ជន និង​សាធារណៈ​ឲ្យ​ដាច់​​ចេញពី​គ្នា​បាន​ គឺ​នៅពេល​ដែល​មិត្ត​ភក្តិ​ម្នាក់​ផ្ញើ​សារ​មក ម្តាយ​របស់​យើង​ទូរស័ព្ទ​មក យើង​ជជែក​គ្នា​ជាមួយ​មិត្ត​រួម​ការងារ ឬ​ក្នុង​ការ​ជួប​គ្នា​ណាមួយ​ដែល​មិន​បាន​ព្រៀង​ទុក បាន​នាំ​ឲ្យ​យើង​ដល់​ពេល​សម្រេច​ចិត្ត​ថា យើង​ត្រូវ​បើក​ចំហ​អត្ត​សញ្ញាណ​ពិត​របស់​យើង​ឬ​អត់​ ។ ពាក្យ​ចាស់​បុរាណ​ពី​​លោក ​យ៉ូស្វេ ក៏បាន​ជំរុញ​ចិត្ត​យើង ឲ្យ​រើស​យក​ព្រះ​ណា ដែល​យើង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ (យ៉ូស្វេ ២៤:១៥) ។ ដ្បិត​នៅ​ទី​បំផុត ជំនឿ​បែប​ឯកជន​ដែល​មិន​បង្ហាញ​ឲ្យ​គេ​ដឹង​ជា​សាធារណៈ មិនមែន​ជា​ជំនឿ​ពិត​ប្រាកដ និង​ជំនឿ​ដែល​រស់​សោះ​ឡើយ​ ។ បើ​យើង​ពិតជា​ស្មោះ​ស្ម័គ្រ​នឹង​ព្រះយេស៊ូវ​ដែល​ជា​ក្សត្រ​របស់​យើង​មែន យើង​ត្រូវតែ​មាន​សេចក្តី​ជំនឿ​ដែល​បើក​ចំហ​ ។
ខ​គម្ពីរ​ខាងលើ និង​អត្ថបទ​ដែល​អ្នក​កំពុង​តែ​អាន​នេះ ប្រហែល​កំពុង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ផង​ដែរ​ ។ ថ្ងៃ​នេះ អ្នក​ប្រហែល​ជា​ដឹង​ថា ខ្លួនឯង​កំពុង​ស្ថិត​ក្នុង​ពិភព​លាក់​កំបាំង នៅ​ចន្លោះ​ពិភព​ពីរ ហើយ​អ្នក​ដឹង​ថា អ្នក​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​ប្រកាស​ដោយ​ចិត្ត​ក្លាហាន​ថា «នេះ​ជា​អត្ត​សញ្ញាណ​ពិត​របស់​ខ្ញុំ ខ្ញុំ​គឺជា​រាស្រ្ត​របស់​ព្រះ ខ្ញុំ​គឺជា​អ្នកជឿ​ព្រះយេស៊ូវ» ។ តើ​អ្នក​នឹង​សម្រេច​ចិត្ត​ដូច​នេះ​ទេ? ព្រះ​ទ្រង់​សក្តិ​សមនឹង​ទទួល​ភាព​ស្មោះ​ស្ម័គ្រ​ទាំងស្រុង និង​ការ​​បើក​ចំហ​ពី​អ្នក​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ កិច្ចការ ៥:១៧-៤២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ ទំនុក​ដំកើង ៥១-៥៣ និង កិច្ចការ ២០:១៧-៣៨

ប្រភេទ