
បង្ហាញចេញលក្ខណៈល្អបំផុតរបស់មនុស្ស
ដោយAlistair Begg
July 31, 2026
«រួចអេសធើរមានសវនីយ៍នឹងហាថាក់ផ្ដាំឲ្យទៅជំរាបម៉ាដេកាយថា អស់ទាំងពួកបំរើរបស់ស្ដេច នឹងពួកបណ្ដាជន នៅគ្រប់ទាំងខេត្តរបស់ទ្រង់ សុទ្ធតែដឹងថា បើស្ដេចមិនបានហៅរក នោះអ្នកណាក៏ដោយទោះប្រុសឬស្រីក្ដី ដែលនឹងចូលទៅឯស្ដេច ក្នុងព្រះរាជរោងខាងក្នុង នោះមានច្បាប់តែ១ចំពោះអ្នកនោះ គឺត្រូវសំឡាប់បង់ លើកតែអ្នកណាដែលទ្រង់នឹងហុចព្រះដំបងមាស មកប្រោសឲ្យបានរស់ប៉ុណ្ណោះ តែស្ដេចមិនបានហៅខ្ញុំឲ្យចូលទៅចំពោះទ្រង់អស់៣០ថ្ងៃនេះហើយ» ។ នាងអេសធើរ ៤:១០-១១
លោក ម៉ាដេកាយ មានសំណើធំមួយទៅកាន់ព្រះនាងអេសធើរ គឺសូម«ឲ្យព្រះនាងចូលទៅ ទូលអង្វរចំពោះស្ដេច ថ្វាយពាក្យសំណូមជំនួសសាសន៍របស់ខ្លួនផង» (នាងអេសធើរ ៤:៨) ។ ព្រះនាងអេសធើរក៏បានឆ្លើយតបជាដំបូងថា នេះមិនមែនជាការងារស្រួលទេ ។ មនុស្សជាច្រើនមានការឆ្លើយតបស្រដៀងនេះ នៅពេលដែលយើងជួបរឿងធំ មានដំណើរដ៏គ្រោះថ្នាក់កំពុងរង់ចាំយើង ឬមានបញ្ហាប្រឈមនៅចំពោះមុខ ។ យើងច្រើនតែជាន់ហ្វ្រាំងបន្ថយល្បឿន ហើយទទូចថា «ចូរយើងកុំរំភើបពេក ។ ចូរយើងប្រើគំនិត និងធ្វើអ្វីដែលសមហេតុផល» ។
រឿងដែលលោក ម៉ាដេកាយសុំឲ្យព្រះនាងអេសធើរធ្វើ គឺពិតជាគ្រោះថ្នាក់ណាស់ ។ ព្រះនាងអេសធើរទំនងជាត្រូវដាច់ក្បាល ។ មានវិធីតែមួយប៉ុណ្ណោះដែលព្រះនាងអាចរួចជីវិតបាន បើសិនជាស្តេចបង្ហាញការសព្វព្រះទ័យ ដោយហុចដំបងមាសឲ្យនាង ពុំនោះទេ ព្រះនាងអេសធើរមិនមានសង្ឃឹមនោះទេ ។ ព្រះនាងមិនមានអារម្មណ៍ថា ខ្លួនមានផ្លូវចូលពិសេសណាមួយ ឬមានឯកសិទ្ធិដែលអាចចូលគាល់ស្តេច ដោយទ្រង់មិនបានកោះហៅជាមុននោះទេ ខណៈពេលដែលការសព្វព្រះទ័យរបស់ស្តេចបានថយចុះ ក្នុងពេលថ្មីៗនេះ ។
ព្រះនាងអេសធើរជ្រាបថា លោក ម៉ាដេកាយ និងប្រជាជនយូដា មានបញ្ហាធំមួយ ប៉ុន្តែ យ៉ាងហោចណាស់ ពីដំបូង ព្រះនាងមិនបានឃើញខ្លួនឯងនៅក្នុងបញ្ហានោះជាមួយពួកគេទេ ។ ព្រះនាងនឹងមិនប្រើសម្រស់ ឬសិទ្ធិជាមហេសីរបស់ស្តេចទេ ។ ការចូលរួមក្នុងរឿងនេះ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។
យើងអាចទទួលការលើកទឹកចិត្ត ដោយដឹងថា ព្រះនាងក៏មានការភ័យខ្លាចដែរ ។ នៅពេលដែលពាក្យរបស់លោក ហាម៉ានបានមកដល់ព្រះនាង ព្រះនាងមិនមានព្រះទ័យក្លៀវក្លាក្នុងការទៅជួយរាស្រ្តរបស់ព្រះទេ ។ និយាយដោយស្មោះត្រង់ទៅ យើងក៏អាចឃើញខ្លួនយើងមានចិត្តដូចនេះ ក្នុងការឆ្លើយតបរបស់ព្រះនាងផងដែរ ។ មនុស្សភាគច្រើនមានការស្ទាក់ស្ទើរ ក្នុងការបោះជំហានទៅមុខ ថ្វាយព្រះដ៏រស់ និងរាស្រ្តរបស់ទ្រង់ ដោយប្រថុយនឹងការបាត់បង់កេរ្តិ៍ឈ្មោះ ឬភាពសុខស្រួល ឬក៏ប្រាក់ចំណូល (កុំថាឡើយជីវិតយើង) ។ យើងច្រើនតែចង់ឆ្លើយតបថា «ខ្ញុំនឹងមិនធ្វើអញ្ចឹងទេ ។ ខ្ញុំនឹងមិនទៅកន្លែងនោះទេ» ។
ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មិនបានដកព្រះនាងចេញពីរឿងនេះទេ ។ ព្រះនាងអេសធើរក៏បានចូលគាល់ស្តេច ហើយក៏បានក្លាយជាមធ្យោបាយដែលព្រះទ្រង់ប្រើ ដើម្បីសង្គ្រោះរាស្រ្តរបស់ទ្រង់ ។ ព្រះទ្រង់ធ្វើការក្នុងជីវិតរបស់រាស្រ្តទ្រង់ ដោយបង្ហាញចេញលក្ខណៈសម្បត្តិល្អបំផុតរបស់ពួកគេ ដើម្បីសម្រេចគោលបំណងទ្រង់ ទោះយើងមិនបានបដិសេធមិនព្រមឲ្យព្រះអង្គប្រើពីដំបូងក៏ដោយ ។ នេះជារឿងដែលគួរឲ្យកត់សំគាល់! ដូចនេះ ចូរមានចិត្តក្លាហាន ដើម្បីចេញទៅធ្វើការអ្វីដែលអ្នកដឹងថា ព្រះទ្រង់កំពុងត្រាស់ហៅឲ្យអ្នកធ្វើ ទោះអ្នកមានអារម្មណ៍ភ័យខ្លាចក៏ដោយ ។
ខគម្ពីរជញ្ជឹងគិត៖ កិច្ចការ ១:៤-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ៥៤-៥៦ និង កិច្ចការ ២១:១-១៧