នំម៉ាណាប្រចាំថ្ងៃ
បម្រើ នៅ​កន្លែង​ដែល​ព្រះអង្គ​ដាក់​អ្នក

បម្រើ នៅ​កន្លែង​ដែល​ព្រះអង្គ​ដាក់​អ្នក

ដោយAlistair Begg

August 1, 2026

«កុំ​ឲ្យ​គិត​ស្មានថា​ព្រះ​នាង​នឹង​រួច​ជីវិត នៅ​ក្នុង​ដំណាក់​ស្ដេច ជាជាង​ពួក​សាសន៍​យូដា​ឯទៀត​នោះ​ឡើយ ដ្បិត​បើ​ព្រះ​នាង​នឹង​ស្ងៀម​នៅ​ក្នុង​វេលា​នេះ នោះ​នឹង​កើត​មាន​សេចក្ដី​សង្គ្រោះ នឹង​សេចក្ដី​ប្រោស​ឲ្យ​រួច ដល់​ពួក​យូដា​ពី​កន្លែង​ផ្សេង​ទៀត តែ​ព្រះ​នាង នឹង​ញាតិ​វង្ស​របស់​បិតា​នៃ​ព្រះ​នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ​នាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេល​នេះឯង​ទេ​ដឹង» ។ នាងអេសធើរ ៤:១៣-១៤
នៅពេល​ដែល​ព្រះ​នាងអេសធើរ​មាន​ការ​ស្ទាក់ស្ទើរ ក្នុង​ការ​ចូល​គាល់​ស្តេច  ​អ័ហាស៊ូរ៉ុស អំពី​ផែនការ​របស់​ហា​ម៉ាន​ទាស់​ប្រឆាំង​មក​លើ​ជនជាតិ​យូដា លោក ​ម៉ាដេកាយ​ក៏​បាន​ឆ្លើយតប ផ្អែក​ទៅលើ​ទិដ្ឋភាព​ពិត​ជាក់​ស្តែង និង​ភាព​ចាំបាច់​នៃ​ការ​ធ្វើ​អន្តរាគមន៍​របស់​ព្រះ​ ។62 គាត់​ដឹង​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​តាម​សេចក្តី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​រាស្រ្ត​ទ្រង់ ហើយ​អាច​ជ្រើសរើស​អ្នក​ផ្សេង បើសិន​ជា​ព្រះ​នាងអេសធើរ​នៅតែ​ស្ងៀម មិន​ព្រម​និយាយ​អ្វី​មួយ ។ ប៉ុន្តែ លោក ​ម៉ាដេកាយ​ក៏បាន​សូម​ឲ្យ​ព្រះ​នាង​ព្រះ​តម្រិះ អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​ដាក់​ព្រះ​នាង ចំ​ពេល និង​ចំ​ទីកន្លែង ដើម្បី​ជួយ​សង្គ្រោះ​សាសន៍​របស់​ព្រះ​នាង​ ។ ព្រះ​នាង​បាន​ឈ្នះ​ការ​ប្រកួត​បវរកញ្ញា ហើយ​បាន​ក្លាយ​ជា​អគ្គ​មហេសី ប៉ុន្តែ ព្រះ​នាង​មិនមែន​ជា​អ្នក​បង្កើត​រូបរាង​សម្រស់​របស់​ខ្លួនឯង​​នោះ​ទេ​ ។ ព្រះ​នាង​មិន​បាន​កំណត់​ថា​ច្រមុះ​របស់​ខ្លួន​ត្រូវ​នៅ​លើ​មុខ​យ៉ាង​ដូច​ម្តេច ប្រស្រី​​ភ្នែក​ត្រូវ​មាន​​ពណ៌​អ្វី ឬ​ជើង​ត្រូវ​វែង​ប៉ុណ្ណា​នោះ​ទេ​ ។ ព្រះ​ទ្រង់​ជា​អ្នក​ប្រទាន​រូប​សម្រស់​នេះ​មក​ ។ លោក ​ម៉ា​ដេកាយ​មិន​បាន​អះអាង​ថា គាត់​មាន​ការ​យល់​ដឹង​ជាក់​លាក់​ណាមួយ អំពី​បំណង​ព្រះទ័យ​ព្រះ​នោះ​ទេ តែ​គាត់​ដឹង​ថា ព្រះ​ទ្រង់​បាន​ដាក់​ព្រះ​នាងអេសធើរ ឲ្យ​មាន​កន្លែង​ពិសេស ដើម្បី​បំពេញ​គោលបំណង​ពិសេស​មួយ​ ។
យើង​មិន​តែងតែ​មាន​ការ​យល់​ឃើញ​ដូច​នេះ​ទេ តែ​ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​ដាក់​យើង​ម្នាក់ៗ ក្នុង​កន្លែង​ពិសេស ដើម្បី​បំពេញ​គោលបំណង​ពិសេស​មួយ​ ។ ព្រះអង្គ​ដាក់​យើង​ចំ​កន្លែង ដែល​ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​នៅ ដើម្បី​ធ្វើ​ការ​ល្អ ដែល​ព្រះ​អង្គ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ធ្វើ (អេភេសូរ ២:‌១០) ។ ដូច​នេះ ជាជាង​ប្រា​ថ្នា​រក​ការងារ​ថ្មី ទី​កន្លែង​ថ្មី ឬ​លទ្ធ​ភាព​ដើម្បី​សម្រេច​ផែនការ​ដ៏​ធំ​របស់​យើង ចូរ​យើង​ទទួល​ស្គាល់​ថា ផែនការ​របស់​ព្រះ​អាច​រាប់​បញ្ចូល​ការ​ធ្វើ​ការ​អ្វី​ដែល​យើង​កំពុង​ធ្វើ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​ ។
គ្មាន​កន្លែងណា​ដែល​ល្អ​ឥត​ខ្ចោះ សម្រាប់​បម្រើ​ព្រះ ក្រៅពី​កន្លែង​ដែល​ព្រះអង្គ​បាន​ដាក់​អ្នក​ឲ្យ​នៅ​នោះ​ទេ ទោះ​​កន្លែង​នោះ​នៅ​ទីណា​ក៏ដោយ​ ។ ការ​យល់​ឃើញ​ដូច​នេះ អាច​កែ​ប្រែ​ការងារ​បោស​សម្អាត​អាគារ ឲ្យ​ក្លាយ​ទៅជា​ការងារ​បម្រើ​ព្រះ​ ។ អ្នក​មិនមែន​ជា​អគ្គ​មហេសី​ដូច​ព្រះ​នាងអេសធើរ​ទេ តែ​តួនាទី​របស់​អ្នក​ក៏​សំខាន់​ដែរ​ ។ សេចក្តី​ពិត​នេះ​ជួយ​អ្នក​ឲ្យ​រួច​ផុត​ពី​​ការ​ភ័យ​ខ្លាច​ខ្លួនឯង​កំពុង​នៅ​កន្លែង​ខុស ហើយក៏​ជា​ការ​ជំរុញ​ចិត្ត​យើង​យ៉ាង​ខ្លាំង ឲ្យ​បន្ត​ស្តាប់​បង្គាប់​ព្រះជាម្ចាស់ នៅ​ទីកន្លែង​​ដែល​យើង​កំពុង​នៅ និង​ក្នុង​ពេល​ឥឡូវ​នេះ​ ។ ទោះ​ព្រះអង្គ​ដាក់​អ្នក​នៅ​កន្លែងណា​ក៏ដោយ ចូរ​ឆ្លើយតប នៅ​ថ្ងៃ​នេះ ដោយ​ការ​ស្តាប់​បង្គាប់ ចំពោះ​គោលបំណង​ដែល​ព្រះអង្គ​បាន​កំណត់​ទុកជា​មុន​សម្រាប់​អ្នក​ ។ នៅពេល​ដែល​អ្នក​ទៅ​កន្លែង​ធ្វើ​ការ ឬ​ទៅ​សាលា​រៀន នៅ​ក្នុង​ទីក្រុង ឬ​តំបន់​ដែល​អ្នក​រស់នៅ ចូរ​អធិស្ឋាន​តាម​លំនាំ​បទ​ទំនុក​សកល​ខាង​ក្រោម​នេះ :
ឱ​ព្រះអម្ចាស់ ទូល​បង្គំ សូម​ទៅ​ក្នុង​ព្រះ​នាម​ព្រះអង្គ
ដោយ​ខិតខំ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ 
ទូល​បង្គំ​ខិតខំ​ស្គាល់​ព្រះអង្គ
ក្នុង​ការ​គិត ការ​និយាយ ឬ​ការ​ប្រព្រឹត្ត​ ។
កិច្ចការ​ដែល​ប្រាជ្ញា​របស់​ព្រះអង្គ​បាន​ចាត់​តាំង
សូម​ឲ្យ​ទូល​បង្គំ​សម្រេច ដោយ​ចិត្ត​ក្លៀវក្លា
សូម​ព្រះ​វត្ត​មាន​ព្រះអង្គ នៅ​ក្នុង​កិច្ចការ​ទាំង​អស់​ដែល​ទូល​បង្គំ​ធ្វើ
ហើយ​បង្ហាញ​បំណង​ព្រះទ័យ​ដ៏​ល្អ និង​ឥត​ខ្ចោះ​របស់​ព្រះអង្គ​ ។63


ខគម្ពីរ​ជញ្ជឹង​គិត ៖ ១កូរិនថូស ៧:២៥-៣៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ៥៧-៥៩ និង កិច្ចការ ២១:១៨-៤០

ប្រភេទ