នំម៉ាណាប្រចាំថ្ងៃ
មាន​អាកប្ប​កិរិយា​ដូច​ព្រះគ្រីស្ទ

មាន​អាកប្ប​កិរិយា​ដូច​ព្រះគ្រីស្ទ

ដោយAlistair Begg

August 3, 2026

«កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់អាន​គេ​ឲ្យលើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ​ ។ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រកតែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែងរក​ចំពោះ​អ្នក​ដទៃ​ផង​ ។ ត្រូវតែ​មាន​គំនិត​គិត​ដូចជា​ព្រះគ្រីស្ទ​យេស៊ូវ​វិញ» ។ ភីលីព ២:៣-៥
ពាក្យ​សម្តី​ដែល​និយាយ​ខុស​ពេល និង​កែវ​ភ្នែក​ដែល​មើល​ដោយ​ចិត្ត​អាក្រក់ អាច​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់​ ។ យើង​រាល់​គ្នា​សុទ្ធតែ​ដឹង​ថា ចំណង​មិត្តភាព​ងាយ​ស្រួល​បាក់​បែក​យ៉ាងណា តាមរយៈ​កំហុស​ទាំង​នេះ ដែល​ហាក់​ដូចជា​តូច​ ។ ប៉ុន្តែ បើសិន​ជា​យើង​ជីក​រក​ឫស​គុល​នៃ​បញ្ហា​នោះ យើង​នឹង​ឃើញថា នៅ​ចំណុច​កណ្តាល​នៃ​ការ​បែក​បាក់​របស់​យើង គឺ​មាន​អំនួត និង​ការ​លើក​ដំកើង​ខ្លួនឯង​ដ៏​អាក្រក់​ ។ យើង​និយាយ​ថា «បើ​នាង​គិតថា ខ្ញុំ​នឹង​សុំ​ទោស​នាង នោះ​នាង​គឺជា​មនុស្ស​ឆ្កួត​ហើយ! បើ​គាត់​ចង់​ឲ្យ​ខ្ញុំ​និយាយ​សុំ​ទោស គាត់​ត្រូវ​ធ្វើ​អ្វីមួយ ជា​មុន​សិន​ ។ ខ្ញុំ​មិនមែន​ជា​អ្នក​ចាប់​ផ្តើម​ទេ ដូច​នេះ ខ្ញុំ​មិន​ចាំបាច់​ធ្វើ​ជា​អ្នក​បញ្ចប់​ដែរ» ។
កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព គាត់​មាន​ការ​ព្រួយ​បារម្ភ​អំពី​អាកប្ប​កិរិយា​របស់​ពួកគេ​ ។ គាត់​ចង់​ប្រាកដ​ថា ពួកគេ​មាន​ទំនាក់​ទំនង​ដ៏​សុខដុម និង​មាន​ចិត្ត​ទន់​សន្តោស​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ ។ ក្នុង​នាម​ពួកគេ​ជា​គ្រួសារ​នៃ​ពួក​ជំនុំ ពួកគេ​ចាំ​បាច់​ត្រូវ​អរ​សប្បាយ​នឹង​ការ​រួបរួម​ចិត្ត គំ​និង និង​គោលបំណង​តែមួយ ជា​ពិសេស នៅពេល​ដែល​ពួកគេ​ស្ថិត​នៅ​ក្រោម​សំពាធ​នៃ​វប្បធម៌ ​ដែល​បង្ខំ​ពួកគេ​ឲ្យ​លះចោល​ព្រះគ្រីស្ទ ឬ​មាន​ការ​បន្ថែម​បន្ថយ ក្នុង​ការ​ស្តាប់​បង្គាប់​ព្រះអង្គ​ ។
ក្នុង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​វិញ្ញាណ​នៃ​ការ​រួបរួម ក្នុង​ចំណោម​អ្នកជឿ​ព្រះ​នៅ​ទីក្រុង​ភីលីព សាវ័ក​ប៉ុល​មិន​បាន​ផ្តល់​មេរៀន​ឲ្យ​ពួកគេ ដូចជា​មេរៀន អំពី​គោលការណ៍​ទាំង៧ សម្រាប់​បង្កើត​ឲ្យ​មាន​ការ​រួបរួម​នោះ​ឡើយ​ ។ ផ្ទុយ​ទៅវិញ គាត់​បាន​ចង្អុល​បង្ហាញ​ពួកគេ ឲ្យ​ងាក​​ទៅ​រក​ការ​បន្ទាប​ខ្លួន ដែល​ជា​ធាតុ​ផ្សំ ជា​គ្រឹះ​នៃ​ទំនាក់​ទំនង​ដ៏​សុខដុម​ ។ ដើម្បី​បង្ហាញ​ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ យើង​ត្រូវ​មើលទៅ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ តើមាន​វិធី​អ្វី​ល្អ​ជាង​នេះ​ទៀត​ទេ? សាវ័ក​ប៉ុល​ដឹង​ថា ទាល់តែ​ពួកគេ​ពិចារណា​អំពី​ព្រះយេស៊ូវ ទើប​ពួកគេ​អាច​មើល​ឃើញ​គំរូ​នៃ​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះអង្គ ក្នុង​គំនិត និង​ទំនាក់​ទំនង​របស់​ពួកគេ​ ។
ក្នុង​ពួក​ជំនុំ យើង​គួរតែ​អធិស្ឋាន សូម​ឲ្យ​គេ​មើលទៅ​ទំនាក់​ទំនង​របស់​យើង ហើយ​និយាយ​ថា «មនុស្ស​មួយ​ក្រុម​នេះ មាន​ការ​រួបរួម និង​ភាព​សុខដុម ក្នុង​ការ​ទំនាក់​ទំនង​ ។ ពួកគេ​ហាក់​ដូចជា​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ព្រះគ្រីស្ទ និង​ដើម្បី​គ្នា​ទៅវិញ​ទៅមក​ ។ ពួកគេ​មាន​អាកប្ប​កិរិយា​ដូច​ព្រះគ្រីស្ទ​ ។ ខ្ញុំ​ឆ្ងល់​ថា តើ​ពួកគេ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ដូច​នេះ ដោយ​របៀបណា?»
យើង​ខិតខំ​បន្ទាប​ខ្លួន មិនមែន​ដោយ​ពឹង​អាង​ប្រាជ្ញា​របស់​ខ្លួនឯង តែ​​ពឹង​ផ្អែក​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ជួយ​ឲ្យ​យើង​អាច​បន្ទាប​ខ្លួន ខណៈ​ពេល​ដែល​ព្រះ​អង្គ​កែ​ប្រែ​យើង​ឲ្យ​ត្រូវ​នឹង​រូប​អង្គ​របស់​ព្រះគ្រីស្ទ​ ។ សូម​អាន​ពាក្យ​ពេចន៍​ក្នុង​សំបុត្រ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ ទៅ​ពួកគេ​ជំនុំ​នៅ​ទីក្រុង​ភីលីព ហើយ​ភ្នែក​របស់​អ្នក​ផ្ដោត​ទៅលើ​ព្រះ​អង្គ​សង្គ្រោះ​របស់​អ្នក​ ។ ចូរ​ជញ្ជឹង​គិត​អំពី​ការ​យាងមក​​ប្រសូត​របស់​ព្រះយេស៊ូវ ដោយ​ការ​លះបង់ និង​ការ​ស្តាប់​បង្គាប់​របស់​ព្រះអង្គ​រហូត​អស់​ព្រះ​ជន្ម នោះ​ភាព​អាត្មា​និយម និង​អំនួត​របស់​អ្នក​នឹង​មាន​ការ​អន់​ខ្សោយ​ ។ អ្នក​មិន​អាច​ពិចារណា​អំពី​ព្រះយេស៊ូវ ដោយ​យកលេស​ការពារ​ភាព​អាត្មា​និយម​របស់​អ្នក​បានទេ​ ។ ដូច​នេះ ចូរ​មើលទៅ​ព្រះអង្គ! ហើយ​សម្លាប់​ភាព​អាត្មា​និយម​របស់​អ្នក​ចុះ​ ។ 


ខគម្ពីរ​ជញ្ជឹង​គិត ៖ ភីលីព ២:១-៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ៦៣-៦៥ និង កិច្ចការ ២៣:១-១៥

ប្រភេទ