
ទម្ងន់នៃសិរីល្អ
ដោយAlistair Begg
August 7, 2026
«កាលអ្នកនោះដំណាលពីហឹបនៃព្រះដូច្នោះ នោះស្រាប់តែអេលី លោកផ្ងារធ្លាក់ចុះពីជើងម៉ា ជាទីដែលលោកអង្គុយនៅត្រង់មាត់ទ្វារនោះ បាក់កស្លាប់ទៅ ដ្បិតមានអាយុច្រើន ហើយក៏ធ្ងន់ផង លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៤០ឆ្នាំ» ។ ១សាំយ៉ូអែល ៤:១៨
ព្រះគម្ពីរប៊ីបមិនមានខគម្ពីរច្រើនទេ ដែលនិយាយអំពីទម្ងន់ខ្លួនរបស់មនុស្ស ។ ដូចនេះ ខគម្ពីរខាងលើនេះ គួរធ្វើឲ្យយើងឈប់បង្អង់ ហើយពិចារណាអំពីសារៈសំខាន់នៃការកត់ត្រាអំពីទម្ងន់នោះ ។ ព្រះគម្ពីរបានចែងអំពីទម្ងន់របស់លោក អេលីដែលធ្ងន់ខ្លាំង ហាក់ដូចជាដើម្បីពន្យល់អំពីធាតុពិតនៃសេចក្តីស្លាប់ខាងរូបកាយរបស់គាត់ ។ ប៉ុន្តែ ខគម្ពីរនេះមានន័យលើសពីនេះទៀត ។
ក្នុងខគម្ពីរមុន គឺ១សាំយ៉ូអែល ២:១២-១៧ មានការពិពណ៌នាថា ពួកកូនប្រុសរបស់លោក អេលី មានទម្លាប់ប្រើសមចាក់យកសាច់ ដែលគេបានថ្វាយជាដង្វាយដល់ព្រះ ហើយបានទុកមួយចំណែកសម្រាប់ខ្លួនឯង និងគ្រួសារ ។ ពួកគេបានស្អប់រោងឧបោសថ ជាកន្លែងដែលព្រះទ្រង់បានជ្រើសរើស ធ្វើជាកន្លែងគង់នៅ ក្នុងចំណោមរាស្រ្តរបស់ព្រះអង្គ ដោយគិតអំពីរបស់ទ្រព្យ និងភាពអាត្មានិយមរបស់ខ្លួនឯង ជាសំខាន់ជាងសិរីល្អរបស់ព្រះ ។ បានសេចក្តីថា សិរីល្អរបស់ព្រះ ត្រូវបានគេលួច យកមករុំព័ទ្ធជុំវិញក្បាលពោះរបស់លោក អេលីហើយ (ខ.២៩) ។ ការនិយាយអំពីមាឌរបស់គាត់ គឺសំដៅទៅលើអំពីបាប ដែលពួកសង្ឃនៅក្រុងស៊ីឡូកំពុងប្រព្រឹត្ត និងលើកដំកើង ។
ពាក្យ «ធ្ងន់» ក្នុងបទគម្ពីរខាងលើ ជាភាសាហេព្រើរ អាចអានថា ខាបេដ (kabed) ។ ជាកិរិយាសព្ទក្លាយមកពីពាក្យខាបូដ (kabod) ដែលប្រែមកថា «សិរីល្អ» ។ អ្នកនិពន្ធកំពុងលេងពាក្យ ដោយបង្ហាញថា មនុស្សដែលគិតប្រយោជន៍ផ្ទាល់ខ្លួន និងលើកដំកើងខ្លួនឯង គឺកំពុងព្យាយាមលួចសិរីល្អពីព្រះ ដោយប្រព្រឹត្តចំពោះព្រះអង្គ ធ្វើមើលតែព្រះអង្គមានទម្ងន់ស្រាល ហើយអាចឲ្យគេគេងចំណេញពីព្រះអង្គបាន ។ ហេតុនេះហើយ ក្នុងការចាត់ទុកខ្លួនឯងមានទម្ងន់ធ្ងន់ ពួកគេលើកដំកើងខ្លួនឯងជាសំខាន់ជាងអ្វីៗទាំងអស់ ។
ទោះជាយ៉ាងណាក៏ដោយ ថ្ងៃក៏បានលិច ឬទីបញ្ចប់របស់គាត់ក៏បានមកដល់ នៅពេលដែលលោក អេលីបានស្លាប់យ៉ាងវេទនា ។ មកដល់ចំណុចនេះ គាត់ស្ថិតក្នុងចំណោមមនុស្សមួយចំនួន ក្នុងព្រះគម្ពីរប៊ីប ជាពិសេសក្នុងចំណោមពួកសង្ឃ ឬមនុស្សមានតួនាទីជាគ្រូគង្វាល ក្លាយជាឧទាហរណ៍ ដែលបានព្រមានអំពីការសន្និដ្ឋានទុកជាមុន គឺដូចដែលសាវ័កប៉ុលបានលើកឡើងថា «អ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត្ន ក្រែងលោដួល» (១កូរិនថូស ១០:១២) ។
ពាក្យនៃប្រាជ្ញានេះ មិនគ្រាន់តែសម្រាប់បុគ្គលដែលជឿថា គ្មាននរណាអាចផ្តួលខ្លួនបាន ។ ហើយក៏បានដាស់តឿនផងដែរ អំពីការជួបជុំគ្នារបស់រាស្រ្តព្រះអង្គ ។ ចូរយើងចាំផងដែរថា ក្នុងពួកជំនុំរបស់យើង យើងប្រហែលជាដណ្តើមសិរីល្អដែលព្រះទ្រង់សក្តិសមនឹងទទួល ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យខ្លួនឯងមានបាន ឬសប្បាយរីករាយ ។ នៅថ្ងៃអាទិត្យនេះ ខណៈពេលដែលអ្នកធ្វើដំណើរទៅព្រះវិហាររបស់អ្នក ចូរចាំថា អ្នកទៅព្រះវិហារ ជាដំបូង និងសំខាន់បំផុត មិនមែនដើម្បីខ្លួនឯង តែដើម្បីថ្វាយសិរីល្អដល់ព្រះអម្ចាស់ដែលមានព្រះចេស្តា គួរស្បើម និងពេញដោយសិរីល្អ ហើយដើម្បីលើកទឹកចិត្តរាស្រ្តរបស់ព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត ៖ ១របាក្សត្រ ១៦:៨-៣៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ៧២-៧៣ និង កិច្ចការ ២៦