
បង្ហើយសេចក្តីសង្គ្រោះរបស់អ្នក
ដោយAlistair Begg
August 9, 2026
«បានជា ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ» ។ ភីលីព ២:១២
ឪពុកម្តាយម្នាក់ៗដឹងថា មានអ្វីកើតឡើង នៅពេលដែលកូនទទួលបានអំណោយភ្ជាប់ជាមួយសៀវភៅណែនាំ ដែលមានជាច្រើនទំព័រ ។ កូនរបស់ពួកគេក៏បានអង្គុយចុះ សម្លឹងមើលសៀវភៅណែនាំនោះ ដោយព្យាយាមស្វែងយល់របៀបផ្គុំគ្រឿងផ្សេងៗចូលគ្នា ។ នៅពេលនោះ អំណោយដែលពួកគេបានទទួល ក៏បាននាំពួកគេស្វែងយល់អំពីរបៀបប្រើប្រាស់វា ។
នៅពេលដែលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទ យើងទទួលបានសេចក្តីសង្គ្រោះជាអំណោយ ហើយបន្ទាប់មក យើងក៏បានចំណាយពេលនៃជីវិតដែលនៅសល់ ដើម្បីរៀនសូត្រតាមព្រះបន្ទូល អំពីរបៀបរស់នៅក្នុងជីវិតដែលបានកើតជាថ្មី ។ នៅពេលខ្លះ យើងចង់បានការផ្លាស់ប្រែភ្លាមៗ ដែលក្នុងនោះ យើងឃើញអ្វីៗមានការផ្លាស់ប្តូរនៅចំពោះមុខយើងតែម្តង ។ ប៉ុន្តែ ព្រះទ្រង់មិនបានរៀបចំជីវិតយើងឲ្យមានដំណើរដូចនេះទេ ។ ផ្ទុយទៅវិញ ជីវិតគ្រីស្ទាន នៅពេលខ្លះមានពេញដោយអំណរ ហើយពេលខ្លះ មានពេញដោយការឈឺចាប់ ក្នុងលក្ខណៈជាការធ្វើដំណើររុករក ។ ហេតុនេះហើយ សាវ័កប៉ុលបានកម្សាន្តចិត្តយើងឲ្យ «បង្ហើយ» សេចក្តីសង្គ្រោះរបស់យើង ។ គាត់មិនមែនកំពុងតែប្រាប់យើងឲ្យខិតខំធ្វើការល្អ ដើម្បីឲ្យបានសង្គ្រោះនោះទេ ។ គាត់មិនបាននិយាយសំដៅទៅលើការប្រព្រឹត្តល្អ ដែលយើងត្រូវធ្វើ ដើម្បីរួមចំណែកឬថែរក្សាសេចក្តីសង្គ្រោះឲ្យគង់វង្សនោះទេ ប៉ុន្តែ គាត់កំពុងនិយាយអំពីរបៀបដែលយើងត្រូវឆ្លើយតប ចំពោះសេចក្តីសង្គ្រោះដែលយើងបានទទួលក្នុងព្រះគ្រីស្ទហើយ ។ គាត់មិនមែនកំពុងតែប្រាប់យើង អំពីរបៀបធ្វើឲ្យខ្លួនយើងក្លាយជាមនុស្សដែលបានសង្គ្រោះ តែបានប្រាប់យើងអំពីរបៀបរស់នៅ ជាមនុស្សដែលបានសង្គ្រោះ ។ ពេលណាយើងយល់អំពីចំណុចនេះ យើងអាចធ្វើតាមការបង្រៀនរបស់សាវ័កប៉ុលយ៉ាងត្រឹមត្រូវហើយ ។
ការត្រាស់ហៅឲ្យបង្ហើយសេចក្តីសង្គ្រោះរបស់យើង គឺជាការត្រាស់ហៅឲ្យមានភាពខ្ជាប់ខ្ជួន ។ ដែលយើងបានអំពាវនាវព្រះអម្ចាស់ ឲ្យសង្គ្រោះយើង នៅដើមដំបូងនៃជីវិតយើងជាគ្រីស្ទបរិស័ទជាយ៉ាងណា នោះយើងក៏ត្រូវតែបន្តអំពាវនាវព្រះនាមព្រះអង្គយ៉ាងនោះដែរ ។ គឺអំពាវនាវ ដោយការប្រព្រឹត្តជាក់ស្តែង ក្នុងការរស់នៅ មិនមែនតែបបូរមាត់នោះទេ ។ យើងបន្តចូលមកនៅចំពោះព្រះ ដោយការអធិស្ឋាន ។ យើងបន្តជួបជុំជាមួយបងប្អូនរួមជំនឿ ដើម្បីថ្វាយបង្គំ ។ យើងបន្តស្តាប់ព្រះសូរសៀងព្រះអង្គ ក្នុងព្រះគម្ពីរ ។ យើងបន្តខិតខំដើរ ក្នុងព្រះគុណទ្រង់ ដោយសម្លាប់បាប ហើយលូតលាស់ ដោយផលផ្លែខាងវិញ្ញាណ ។ យើងរស់នៅឲ្យសមជាគ្រីស្ទាន ដ្បិតយើងដឹងថា គ្មាននរណាពេញវ័យខាងវិញ្ញាណ ដោយចៃដន្យនោះទេ ។
អ្នកខ្លះប្រកាសថា ខ្លួនជាគ្រីស្ទបរិស័ទ ដោយរស់នៅ តាមទំនើងចិត្ត ក្នុងរយៈពេល៦ថ្ងៃ ក្នុងសប្តាហ៍នីមួយៗ ហើយបន្ទាប់មកទៅព្រះវិហារ នៅថ្ងៃអាទិត្យ ដើម្បីឲ្យមានអារម្មណ៍ល្អជាងមុន ចំពោះខ្លួនឯង ឬកំពុងរស់នៅដោយការស្តាប់បង្គាប់ ក្នុងផ្នែកភាគច្រើននៃជីវិត លើកលែងតែផ្នែកខ្លះ ដែលយើងមិនចង់ដាក់នៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូវ ។ ការរស់នៅជាគ្រីស្ទបរិស័ទ មិនមានលក្ខណៈដូចនេះទេ ។ ព្រះគុណរបស់ព្រះ មិនមែនសម្រាប់ឲ្យយើងរស់នៅ តាមទំនើងចិត្ត តែដើម្បីបណ្តាលឲ្យយើងរស់នៅខ្ជាប់ខ្ជួន ដោយចារិកលក្ខណៈដែលគោរពប្រតិបត្តិព្រះ ។ ព្រះគុណរបស់ព្រះ មិនបានដកចេញការទទួលខុសត្រូវរបស់យើង ក្នុងការស្តាប់បង្គាប់ព្រះអង្គ តែជួយឲ្យយើងអាចស្តាប់បង្គាប់ព្រះអង្គ ។ ហើយដោយសារព្រះគុណ និងដើម្បីឆ្លើយតប ចំពោះអំណោយនៃសេចក្តីសង្គ្រោះ ដែលព្រះបានប្រទានមកយើង ក្នុងព្រះគ្រីស្ទ យើងអាចបង្ហើយសេចក្តីសង្គ្រោះរបស់យើង ដែលនាំទៅរកក្តីអំណរដ៏ស្ថិតស្ថេរ និងថ្វាយសិរីល្អដល់ព្រះអង្គអស់កល្ប ។ នៅថ្ងៃនេះ អ្នកមិនចាំបាច់ត្រូវខំប្រឹងឲ្យបានសង្គ្រោះនោះទេ ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទបានរក្សាសេចក្តីសង្គ្រោះឲ្យស្ថិតស្ថេរហើយ ។ ប៉ុន្តែ នៅថ្ងៃនេះ ព្រះអង្គត្រាស់ហៅអ្នកឲ្យបង្ហើយសេចក្តីសង្គ្រោះរបស់អ្នក ដើម្បីឲ្យសេចក្តីសង្គ្រោះបានកែប្រែអ្នកកាន់តែខ្លាំងឡើង ។
ខគម្ពីរជញ្ជឹងគិត ៖ កូល៉ុស ២:៦-៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ៧៧-៧៨ និង កិច្ចការ ២៧:២៧-៤៤