នំម៉ាណាប្រចាំថ្ងៃ
បល្ល័ង្ក​ដ៏​ស្ថិត​ស្ថេរ

បល្ល័ង្ក​ដ៏​ស្ថិត​ស្ថេរ

ដោយAlistair Begg

August 11, 2026

«នោះ​វង្សា នឹង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់ខ្ជួន​នៅ ជា​រៀងរាប​ដរាប​ទៅ» ។ ២សាំយ៉ូអែល ៧:១៦
ព្រះ​ទ្រង់​បាន​តាំង​សញ្ញា​ជាមួយ​ស្តេច  ​ដាវីឌ ដោយ​សន្យា​ថា នគរ​ទ្រង់​នឹង​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប​ ។ ប៉ុន្តែ បន្ទាប់​ពី​រាជ​របស់​ស្តេច  ​សាឡូម៉ូន ជា​បុត្រា​របស់​ស្តេច  ​ដាវីឌ នគរ​ទ្រង់​ក៏បាន​បាក់​បែក ហើយ​ពីរបី​រយ​ឆ្នាំ​ក្រោយមក ទាំង​នគរ​ខាង​ជើង និង​នគរ​ខាង​ត្បូង​ទទួលរង​ការ​បំផ្លិច​បំផ្លាញ (២ពង្សាវតាក្សត្រ ១៧ និង ២៥) ។
សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ជំនាន់​ឈ្លើយសឹក នៅ​សម័យ​បន្ទាប់ ព្រះបន្ទូល​សន្យា ចំពោះ​ស្តេច  ​ដាវីឌ ហាក់​ដូចជា​រឿង​និទាន​ ។ ពួកគេ​មិន​បាន​ឃើញ​នគរ​អ៊ីស្រាអែល​មាន​ភាព​ថ្កុំ​ថ្កើង​ឡើង​ ។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៨៩ ត្រូវ​បាន​និពន្ធ​ឡើង ក្នុង​អំឡុង​ពេល​នោះ ដែល​ចាប់​ផ្តើម​ដោយ​ការ​និយាយ​អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ តែ​បញ្ចប់​ទៅវិញ ដោយ​ការ​និយាយ​អំពី​ទុក្ខ​វេទនា​របស់​រាស្រ្ត​ទ្រង់​ យ៉ាង​ដូច​នេះ​ថា : «ឱ​ព្រះ​អម្ចាស់​អើយ អស់​ទាំង​សេចក្ដី​សប្បុរស ដែល​ទ្រង់​ប្រោស​កាលពី​ដើម ជា​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​ដល់​ដាវីឌ ដោយ​សេចក្ដី​ស្មោះ​ត្រង់​របស់​ទ្រង់​នោះ ឥឡូវ​នេះ​តើ​នៅឯណា​ ។ ឱ​ព្រះ​អម្ចាស់​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​ដែលគេ​ត្មះ​តិះដៀល​ដល់​ពួក​អ្នក​បំរើ​ទ្រង់ ហើយ​ពី​ទូល​បង្គំ​ទ្រាំ​រង​សេចក្ដី​ដំនៀល​របស់​បណ្ដាជន​ទាំងឡាយ​នៅ​ក្នុង​ទ្រូង​ផង» (ទំនុក​ដំកើង ៩៨:៤៩-៥០) ។
ក្នុង​បរិបទ​នៃ​ទុក្ខ​លំបាក និង​ភាព​អស់​សង្ឃឹម ពួក​ហោរា​បាន​ក្រើន​រំឭក​រាស្រ្ត​របស់​ព្រះ​ថា ចូរ​ឲ្យ​ឈប់​បង្អង់​បន្តិច​សិន ទោះ​ព្រះបន្ទូល​សន្យា​របស់​ព្រះ​ហាក់​ដូចជា​មិន​មាន​សុពល​ភាព អ្នក​រាល់​គ្នា​នៅតែ​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះបន្ទូល​សន្យា​នៅតែ​មាន​សុពល​ភាព ដោយសារ​សេចក្តី​សញ្ញា​របស់​ទ្រង់​ ។ មាន​រឿង​ជា​ច្រើន​ទៀត ដែល​នឹង​បាន​សម្រេច​តាម​ព្រះបន្ទូល​សន្យា​ ។ ពួកគេ​ក៏បាន​និយាយ​អំពី​ពេល​អនាគត យ៉ាង​ដូច​នេះ​ថា :
ដ្បិត​មាន​បុត្រ១កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា១មក​យើង​ហើយ ឯ​ការ​គ្រប់​គ្រង​នឹង​នៅ​លើ​​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ​នាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា ព្រះវរបិតា​ដ៏​គង់នៅ​អស់​កល្ប នឹង​ជា​ម្ចាស់​នៃ​មេ​ត្រី​ភាព​ ។ ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋបាល​ទ្រង់​នឹង​សេចក្ដី​សុខ​សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ នឹង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់ទល់ ដោយ​សេចក្ដី​យុត្តិ​ធម៌ នឹង​សេចក្ដី​សុចរិត ចាប់​តាំងពី​ឥឡូវ​នេះ ជា​រៀងរាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវារ នឹង​សំរេច​ការ​នេះ  (អេសាយ ៩:៦-៧) ។
ពួក​ហោរា​បាន​ថ្លែង​ថា នៅ​មាន​កន្លែង​មួយ​ទៀត ឈ្មោះ​ថ្មី​មួយ​ទៀត ការ​សម្រាក​មួយ​ទៀត នគរ​មួយ​ទៀត និង​បល្ល័ង្ក​មួយ​ទៀត ដែល​នឹង​មកដល់​ ។ បរាជ័យ​របស់​រាស្រ្ត​របស់​ព្រះ មិន​មានន័យថា ព្រះ​ទ្រង់​បាន​ភ្លេច​ព្រះបន្ទូល​សន្យា​របស់​ទ្រង់​នោះ​ទេ​ ។ ព្រះបន្ទូល​សន្យា​នោះ នឹង​បាន​សម្រេច​ក្នុង​ព្រះយេស៊ូវ​ ។
ប្រវត្តិ​សាស្រ្ត​មាន​ភាព​ច្រំ​ដែល​ ។ ទោះ​ដោយសារ​ជំងឺ​រាតត្បាត ការ​បៀតបៀន បញ្ហា​នយោបាយ ឬ​ការ​សោក​សង្រេង​ក៏ដោយ ក៏​នៅពេល​មួយ យើង​នឹង​ស្ថិត​ក្នុង​ភាព​ភាន់​ភាំង ដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៨៩ បាន​លើក​ឡើង​ ។ ស្ថិត​ក្នុង​ពេល​បែប​នោះ  (គឺ​នៅពេល​ណាមួយ មុន​ពេល​ព្រះ​យេស៊ូវ​យាង​មកវិញ) យើង​ត្រូវ​ការ​​ទំនាយ​ក្នុង​ព្រះគម្ពីរ ដើម្បី​ក្រើន​រំឭក​យើង អំពី​សេចក្តី​សញ្ញា​នៃ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ ដែល​ព្រះអម្ចាស់​នៃ​យើង​គង់​នៅ​លើ​បល្ល័ង្ក ទាំង​ក្នុង​ពេល​សព្វថ្ងៃ និង​ជា​រៀង​រហូត​ ។ ដូច​នេះ នៅ​ថ្ងៃ​នេះ ចូរ​មាន​សង្ឃឹម​ឡើង​ ។ បរាជ័យ​របស់​អ្នក មិន​មានន័យថា ព្រះ​ទ្រង់​បាន​ភ្លេច​ព្រះបន្ទូល​សន្យា​របស់​ទ្រង់​នោះ​ឡើយ​ ។ មាន​រឿង​ជា​ច្រើន​ទៀត ដែល​នឹង​សម្រេច​តាម​ព្រះបន្ទូល​សន្យា​របស់​ទ្រង់​ ។


ខគម្ពីរ​ជញ្ជឹង​គិត ៖ ទំនុក​ដំកើង ៨៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ៨១-៨៣ និង ១ពេត្រុស ១

ប្រភេទ