
បល្ល័ង្កដ៏ស្ថិតស្ថេរ
ដោយAlistair Begg
August 11, 2026
«នោះវង្សា នឹងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ» ។ ២សាំយ៉ូអែល ៧:១៦
ព្រះទ្រង់បានតាំងសញ្ញាជាមួយស្តេច ដាវីឌ ដោយសន្យាថា នគរទ្រង់នឹងស្ថិតស្ថេរនៅជាដរាប ។ ប៉ុន្តែ បន្ទាប់ពីរាជរបស់ស្តេច សាឡូម៉ូន ជាបុត្រារបស់ស្តេច ដាវីឌ នគរទ្រង់ក៏បានបាក់បែក ហើយពីរបីរយឆ្នាំក្រោយមក ទាំងនគរខាងជើង និងនគរខាងត្បូងទទួលរងការបំផ្លិចបំផ្លាញ (២ពង្សាវតាក្សត្រ ១៧ និង ២៥) ។
សម្រាប់អ្នកដែលរស់នៅក្នុងជំនាន់ឈ្លើយសឹក នៅសម័យបន្ទាប់ ព្រះបន្ទូលសន្យា ចំពោះស្តេច ដាវីឌ ហាក់ដូចជារឿងនិទាន ។ ពួកគេមិនបានឃើញនគរអ៊ីស្រាអែលមានភាពថ្កុំថ្កើងឡើង ។ បទគម្ពីរទំនុកដំកើង ជំពូក៨៩ ត្រូវបាននិពន្ធឡើង ក្នុងអំឡុងពេលនោះ ដែលចាប់ផ្តើមដោយការនិយាយអំពីសេចក្តីស្មោះត្រង់របស់ព្រះ តែបញ្ចប់ទៅវិញ ដោយការនិយាយអំពីទុក្ខវេទនារបស់រាស្រ្តទ្រង់ យ៉ាងដូចនេះថា : «ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីសប្បុរស ដែលទ្រង់ប្រោសកាលពីដើម ជាសេចក្ដីដែលទ្រង់បានស្បថដល់ដាវីឌ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់នោះ ឥឡូវនេះតើនៅឯណា ។ ឱព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីសេចក្ដីដែលគេត្មះតិះដៀលដល់ពួកអ្នកបំរើទ្រង់ ហើយពីទូលបង្គំទ្រាំរងសេចក្ដីដំនៀលរបស់បណ្ដាជនទាំងឡាយនៅក្នុងទ្រូងផង» (ទំនុកដំកើង ៩៨:៤៩-៥០) ។
ក្នុងបរិបទនៃទុក្ខលំបាក និងភាពអស់សង្ឃឹម ពួកហោរាបានក្រើនរំឭករាស្រ្តរបស់ព្រះថា ចូរឲ្យឈប់បង្អង់បន្តិចសិន ទោះព្រះបន្ទូលសន្យារបស់ព្រះហាក់ដូចជាមិនមានសុពលភាព អ្នករាល់គ្នានៅតែអាចប្រាកដក្នុងចិត្តថា ព្រះបន្ទូលសន្យានៅតែមានសុពលភាព ដោយសារសេចក្តីសញ្ញារបស់ទ្រង់ ។ មានរឿងជាច្រើនទៀត ដែលនឹងបានសម្រេចតាមព្រះបន្ទូលសន្យា ។ ពួកគេក៏បាននិយាយអំពីពេលអនាគត យ៉ាងដូចនេះថា :
ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប នឹងជាម្ចាស់នៃមេត្រីភាព ។ ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ នឹងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងសំរេចការនេះ (អេសាយ ៩:៦-៧) ។
ពួកហោរាបានថ្លែងថា នៅមានកន្លែងមួយទៀត ឈ្មោះថ្មីមួយទៀត ការសម្រាកមួយទៀត នគរមួយទៀត និងបល្ល័ង្កមួយទៀត ដែលនឹងមកដល់ ។ បរាជ័យរបស់រាស្រ្តរបស់ព្រះ មិនមានន័យថា ព្រះទ្រង់បានភ្លេចព្រះបន្ទូលសន្យារបស់ទ្រង់នោះទេ ។ ព្រះបន្ទូលសន្យានោះ នឹងបានសម្រេចក្នុងព្រះយេស៊ូវ ។
ប្រវត្តិសាស្រ្តមានភាពច្រំដែល ។ ទោះដោយសារជំងឺរាតត្បាត ការបៀតបៀន បញ្ហានយោបាយ ឬការសោកសង្រេងក៏ដោយ ក៏នៅពេលមួយ យើងនឹងស្ថិតក្នុងភាពភាន់ភាំង ដូចដែលបទគម្ពីរទំនុកដំកើង ជំពូក៨៩ បានលើកឡើង ។ ស្ថិតក្នុងពេលបែបនោះ (គឺនៅពេលណាមួយ មុនពេលព្រះយេស៊ូវយាងមកវិញ) យើងត្រូវការទំនាយក្នុងព្រះគម្ពីរ ដើម្បីក្រើនរំឭកយើង អំពីសេចក្តីសញ្ញានៃសេចក្តីស្មោះត្រង់របស់ព្រះ ដែលព្រះអម្ចាស់នៃយើងគង់នៅលើបល្ល័ង្ក ទាំងក្នុងពេលសព្វថ្ងៃ និងជារៀងរហូត ។ ដូចនេះ នៅថ្ងៃនេះ ចូរមានសង្ឃឹមឡើង ។ បរាជ័យរបស់អ្នក មិនមានន័យថា ព្រះទ្រង់បានភ្លេចព្រះបន្ទូលសន្យារបស់ទ្រង់នោះឡើយ ។ មានរឿងជាច្រើនទៀត ដែលនឹងសម្រេចតាមព្រះបន្ទូលសន្យារបស់ទ្រង់ ។
ខគម្ពីរជញ្ជឹងគិត ៖ ទំនុកដំកើង ៨៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ៨១-៨៣ និង ១ពេត្រុស ១