
មនុស្សតូចតាច ក្នុងផែនការរបស់ព្រះ
ដោយAlistair Begg
August 13, 2026
«លុះកាលបានទៅដល់ស្រុកស៊ូភហើយ នោះសូលនិយាយទៅបាវដែលទៅជាមួយថា ឥឡូវនេះ ចូរយើងវិលត្រឡប់ទៅវិញ ក្រែងឪពុកអញលែងគិតពីហ្វូងលា ដោយព្រួយចិត្តនឹងយើង ។ បាវនោះឆ្លើយថា មើល មានអ្នកសំណប់របស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្ដីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះសូមយើងទៅឯណោះចុះ ប្រហែលជាលោកនឹងប្រាប់យើង ពីផ្លូវដែលត្រូវទៅបាន» ។ ១សាំយ៉ូអែល ៩:៥-៦
លោក សូល ដែលជាអនាគតក្សត្រទីមួយរបស់សាសន៍អ៊ីស្រាអែល បានចេញទៅជាមួយអ្នកបម្រើរបស់គាត់ពីរបីថ្ងៃ ដើម្បីស្វែងរកសត្វលាដែលឪពុកគាត់បានបាត់ ។ លោក សូល គិតចង់ត្រឡប់ទៅផ្ទះវិញ តែអ្នកបម្រើគាត់មិនទាន់រកអស់ចិត្តនៅឡើយទេ ។ ផ្ទុយទៅវិញ គាត់បានឲ្យយោបល់ថា ពួកគេគួរតែជួប «បុរសនៃព្រះ» ដើម្បីសុំឲ្យគាត់បង្ហាញផ្លូវដែលត្រូវទៅ ។ លោក សូល ក៏បានយល់ព្រម ហើយមិនយូរប៉ុន្មាន ការស្វែងរកសត្វលា ក៏បាននាំឲ្យពួកគេជួបហោរា សាំយូអែល ដែលនឹងចាក់ប្រេងតាំងទ្រង់ធ្វើជាក្សត្រនៃសាសន៍អ៊ីស្រាអែល (១សាំយ៉ូអែល ១០:១-៨) ។
យើងប្រហែលគិតស្មានថា អ្នកបម្រើនោះអស់កម្លាំង ចង់ត្រឡប់ទៅផ្ទះវិញ ខណៈពេលដែលអនាគតស្តេចចង់ទៅជួបលោកហោរា ប៉ុន្តែ រឿងពិតបានកើតឡើងបញ្ច្រាសពីនេះវិញ ។ ព្រះគម្ពីរបានបង្ហាញថា អ្នកបម្រើរូបនោះ បានដឹងថា ព្រះទ្រង់កំពុងធ្វើការ ហើយគាត់ក៏ចាប់ផ្តើមទទួលស្គាល់ថា ការស្វែងរកសត្វលាបានប្រែក្លាយជារឿងដែលសំខាន់លើសនេះទៀត ។
តើអ្នកបម្រើនោះជានរណា? យើងមិនទាំងបានស្គាល់ឈ្មោះគាត់ផង ។ តែគាត់មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងផែនការព្រះ ។
ជាការពិតណាស់ ក្នុងព្រះគម្ពីរប៊ីបទាំងមូល យើងឃើញព្រះទ្រង់ប្រើមនុស្ស ដែលលោកិយមិនឲ្យតម្លៃ តែការយល់ដឹងខាងវិញ្ញាណរបស់ពួកគេ បាននាំមកនូវការផ្លាស់ប្តូរដ៏សំខាន់ ។ ឧទាហរណ៍ បទគម្ពីរ២ពង្សាវតាក្សត្រ ៥:១-១៤ បានចែងអំពីក្មេងស្រីម្នាក់ ត្រូវគេចាប់ជាឈ្លើយបន្ទាប់ពីកងទ័ពស៊ីរីឈ្លានពានទឹកដីអ៊ីស្រាអែល ហើយក៏បានក្លាយជាអ្នកបម្រើរបស់លោក ណាម៉ាន ជាមេទ័ពសាសន៍ស៊ីរីដែលកើតឃ្លង់ ។ នៅពេលនោះ នាងមានតួនាទីដ៏សំខាន់ ក្នុងជីវិតរបស់លោក ណាម៉ាន ដោយលើកទឹកចិត្តគាត់ឲ្យទៅជួបលោក អេលីសេ ជាហោរារបស់សាសន៍អ៊ីស្រាអែល ។ ទីបំផុត ការនេះក៏បាននាំទៅរកប្រោសឲ្យជា ដោយការអស្ចារ្យ ។ រាប់រយឆ្នាំក្រោយមក មានស្ត្រីព្រហ្មចារីម្នាក់ ក្នុងទីប្រជុំជនតូចមួយ ដែលព្រះទ្រង់បានប្រទានឯកសិទ្ធិឲ្យនាង ធ្វើជាម្តាយបង្កើតព្រះរាជបុត្រាទ្រង់ ហើយព្រះអង្គក៏បានជ្រើសរើសពួកអ្នកគង្វាលដែលគ្មានអំណាច ឬឥទ្ធិពលអ្វីសោះ ដោយប្រទានកិច្ចការ ឲ្យពួកគេធ្វើជាមនុស្សដំបូង ដែលបានប្រកាសដំណឹងអំពីការប្រសូតរបស់ព្រះគ្រីស្ទ ។
សម្រាប់អ្នកបម្រើព្រះដ៏រស់ រឿងដូចនេះក្រើនរំឭកយើងថា ឈ្មោះ ឬថានៈរបស់យើងមិនសំខាន់ ដូចកិច្ចការដែលព្រះទ្រង់បានត្រាស់ហៅឲ្យយើងធ្វើនោះទេ ព្រោះព្រះអង្គសម្រេចគោលបំណងដ៏រុងរឿង និងអស់កល្ប តាមរយៈកិច្ចការនោះ ។ ដូចនេះ ចូរកុំមើលស្រាលពាក្យលើកទឹកចិត្ត ឬការធ្វើបន្ទាល់ពីបបូរមាត់របស់អ្នក ដែលព្រះអង្គអាចប្រើនៅថ្ងៃនេះ ដើម្បីសម្រេចគោលបំណងរបស់ទ្រង់ឡើយ ។
ខគម្ពីរជញ្ជឹងគិត ៖ ម៉ាកុស ១២:៤១-៤៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ៨៧-៨៨ និង ១ពេត្រុស ៣