នំម៉ាណាប្រចាំថ្ងៃ
ផ្លាស់​ប្តូរ​ពីរ​ការ​រអ៊ូ​រទាំ ទៅ​ជា​ការ​អរ​ព្រះគុណ​ព្រះ

ផ្លាស់​ប្តូរ​ពីរ​ការ​រអ៊ូ​រទាំ ទៅ​ជា​ការ​អរ​ព្រះគុណ​ព្រះ

ដោយAlistair Begg

August 15, 2026

«ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញត្អែរ ឥត​ប្រកែក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅហ្មង ឥត​កិច្ចកល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​​មនុស្ស​វៀច ហើយ​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក» ។ ភីលីព ២:១៤-១៥
ប្រជាជន​អ៊ីស្រាអែល​ពី​សម័យ​បុរាណ បាន​ឆ្លង​កាត់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ជា​ច្រើន ដូចជា​ការ​ឆ្លង​សមុទ្រ​ក្រហម ការ​ចូល​ទៅ​ក្នុង​ទឹកដី​សន្យា ការ​គ្រង​រាជ​របស់​ស្តេច  ​ដាវីឌ ។​ល​ ។​ ។ ប៉ុន្តែ ពួកគេ​ក៏បាន​បង្កើត​រឿង​ធំៗ​ជា​ច្រើន​ផង​ដែរ​ ។ សូម​យើង​គិត​អំពី​ការ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​បន្ទាប់ពី​ដំណើរ​ចាក​ចេញពី​ទឹក​ដី​អេស៊ីព្ទ​ ។ ពួកគេ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ បាន​ទទួល​ការ​ប្រោស​លោះ​ចេញពី​ចំណង ក្នុង​ទឹកដី​​អេស៊ីព្ទ ហើយ​បាន​ទទួល​ការ​រំដោះ​ឲ្យ​រួច​ពី​របប​ផ្តាច់​ការ និង​ការ​រស់នៅ​ជា​ទាសករ​ ។ ពួកគេ​គួរតែ​មាន​ក្តី​អំណរ និង​ការ​ដឹង​គុណ​ព្រះ លើស​សាសន៍​ទាំង​អស់​ ។ ប៉ុន្តែ បន្ទាប់ពី​ពួកគេ​បាន​ចាក​ចេញពី​ទឹកដី​អេស៊ីព្ទ​មិន​ទាន់​បាន​ប៉ុន្មាន​ផង សហគមន៍​ទាំងមូល​ក៏បាន​រអ៊ូ​រទាំ អំពី​ចំណី​អាហារ និង​ទឹកផឹក និង​ការ​ដឹកនាំ ក៏​ដូចជា​បំណង​ចិត្ត​របស់​លោក ​ម៉ូសេ និង​លោក ​អើរ៉ុន (និក្ខមនំ ១៦:១-៩) ។ រាស្រ្ត​របស់​ព្រះ​កំពុងតែ​បង្កើត​រូប​ភាព​មិន​ល្អ​សោះ​ ។
ជា​ច្រើន​សតវត្សរ៍​ក្រោយមក សាវ័ក​ប៉ុល​ក៏បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​រាស្រ្ត​របស់​ព្រះ ក្នុង​ទីក្រុង​ភីលីព ដើម្បី​ដាស់តឿន​ពួកគេ កុំ​ឲ្យ​ប្រព្រឹត្ត​ខុស​ដូច​នេះ​ដែរ ដោយ​ប្រាប់​ពួកគេ «ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញត្អែរ ឥត​ប្រកែក» ។ គាត់​ចង់​ឲ្យ​អ្នក​អាន​របស់​គាត់​យល់ថា របៀប​ដែល​ពួកគេ​ធ្វើ​អ្វីមួយ មាន​សារៈសំខាន់​ដូច​ការ​អ្វី​ដែល​ពួក​គេ​កំពុងតែ​ធ្វើ​ ។ សម្រាប់​ពួកគេ ក៏​ដូចជា​យើង យើង​អាច​ធ្វើ​ការ​ដ៏​ត្រឹម​ត្រូវ តែ​យើង​មាន​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​យើង​បាត់​អំណរ និង​ប៉ះ​ពាល់​មនុស្ស​ទាំង​អស់​នៅ​ជុំ​វិញ​យើង​ ។ សាវ័ក​ពេត្រុស​ក៏បាន​ផ្តល់​ឲ្យ​នូវ​ការ​បង្រៀន​ស្រដៀង​នេះ​ដែរ ក្នុង​សំបុត្រ​របស់​គាត់ ដោយ​មាន​បង្គាប់​ថា «ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្ដី​ចៅរ៉ៅ ឥតមាន​ត្អូញត្អែរ​ឡើយ» (១ពេត្រុស ៤:៩) ។ គាត់​អាច​​គ្រាន់តែ​និយាយ​ថា «ចូរ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ» ហើយ​ពួកគេ ក៏​ដូចជា​យើង មិន​ពិបាក​ធ្វើ​តាម​បង្គាប់​គាត់​ទេ​ ។ ប៉ុន្តែ​ពាក្យ «ឥតមាន​ត្អូញត្អែរ» បាន​បង្ហាញថា លោក ​ពេត្រុស​បាន​យល់​អំពី​ធម្មជាតិ​របស់​មនុស្ស​ច្រើន​ប៉ុណ្ណា​ ។
ព្រះ​ទ្រង់​មិន​ខ្វល់​អំពី​ភាព​ចៅ​រ៉ាវ​ដែល​ជា​ការ​សម្ដែង ឬ​ខ្វល់​អំពី​ការ​ប្រព្រឹត្ត​ល្អ​ផ្សេង​ទៀត​នោះ​ទេ តែ​ព្រះអង្គ​ខ្វល់​អំពី​សណ្ឋាន​នៃ​ចិត្ត​របស់​យើង ក្នុង​ការ​ប្រព្រឹត្ត​ទាំង​នោះ​ ។ មាន​ឧទាហរណ៍​គ្រប់​ប្រភេទ​ក្នុង​ជីវិត​យើង ដែល​យើង​អាច​យក​មក​ពិចារណា តើ​មែនទេ? អ្នក​ប្រហែល​ជា​មាន​កូន​វ័យ​ជំទង់​ម្នាក់ នៅ​ផ្ទះ ដែល​កំពុង​ជួយ​ការងារ​ផ្ទះ ដោយ​ចិត្ត​មិន​សូវ​សប្បាយ​ ។ អ្នក​ប្រហែល​ជា​មាន​មិត្ត​រួម​ការងារ ដែល​ហាក់​ដូចជា​អាច​ធ្វើ​កិច្ច​ការ​មួយចប់ បន្ទាប់​ពី​បាន​រអ៊ូ​រទាំ​អំពី​ការងារ​នោះ​ហើយ​ ។ ពុំ​នោះ​ទេ អ្នក​អាច​លើក​យក​ឧទាហរណ៍​អំពី​ខ្លួនឯង ដែល​កំពុង​រអ៊ូ​រទាំ​ក្នុង​ចិត្ត អំពី​ជីវិត​ដែល​ព្រះ​បាន​ប្រទាន​អ្នក ឬ​របៀប​នៃ​ការ​បម្រើ ដែល​ព្រះអង្គ​បាន​ប្រាស់​ហៅ​ឲ្យ​អ្នក​ធ្វើ​ ។ ការ​ពិត​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ​គឺ យើង​ច្រើនតែ​មាន​លក្ខណៈ​ដូច​ពួក​អ៊ីស្រាអែល លើស​ពី​អ្វី​ដែល​យើង​បាន​ទទួល​ស្គាល់​ ។ យើង​ក៏​ឧស្សាហ៍​ភ្លេច​សេចក្តី​សង្គ្រោះ​ដ៏​ធំ ដែល​ព្រះ​ទ្រង់​សម្រេច​បាន​សម្រាប់​យើង ហើយ​យើង​ក៏​សុខ​ចិត្ត​កំណត់​ទិសដៅ​ជីវិត​ខ្លួនឯង ច្រើន​ជាង​ឲ្យ​ព្រះអង្គ​ដឹកនាំ​ជីវិត​យើង​ ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា ពេលណា​យើង​ធ្វើ​អ្វីមួយ ដោយ​គ្មាន​ការ​ត្អូញត្អែរ ព្រះ​អង្គ​កំពុងតែ​ធ្វើ​ឲ្យ​យើង «ឥត​សៅហ្មង ឥត​កិច្ចកល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន» ។ រៀង​រាល់​ពេល​ដែល​យើង​ជៀស​វាង​ការ​រអ៊ូ​រទាំ គឺជា​ភស្តុតាង​បង្ហាញថា ព្រះ​អង្គ​កំពុង​តែ​កែ​ប្រែ​យើង​ហើយ​ ។
នៅ​ថ្ងៃ​នេះ ចូរ​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​រំដោះ​អ្នក ចេញពី​សមុទ្រ​នៃ​បាប និង​ទោស​របស់​អ្នក ដោយ​នាំ​អ្នក​ទៅ​ត្រើយ​ម្ខាង ទៅលើ​ដីគោក​នៃ​សេចក្តី​សង្គ្រោះ​ក្នុង​ព្រះគ្រីស្ទ​ ។ អ្នក​មិន​សមនឹង​ទទួល​បាន​ការ​សង្គ្រោះ​នេះ​ទេ ហើយ​អ្នក​ក៏​មិន​ទទួល​បាន​ការ​ប្រោស​លោះ​លើស​ពួក​អ៊ីស្រាអែល​ដែរ​ ។ ដូច​នេះ ចូរ​ទទួល​ស្គាល់​របៀប​ដែល​អ្នក​នឹង​ប្រព្រឹត្ត ជា​រៀង​រាល់​ថ្ងៃ ដោយ​គ្មាន​ការ​ត្អូញត្អែរ​នៅ​ក្នុង​ចិត្ត ហើយ​ចូរ​អធិស្ឋាន​សូម​ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​ស្ញប់​ស្ញែង ចំពោះ​ព្រះគុណ​ទ្រង់ ជា​ថ្មី​ឡើង​វិញ ដើម្បី​ជំនួស​ការ​រអ៊ូរទាំ​របស់​អ្នក ដោយ​ការ​អរ​ព្រះគុណ ដែល​សរសើរ​ដំកើង​ព្រះអង្គ​ ។


ខគម្ពីរ​ជញ្ជឹង​គិត ៖ ទំនុក​ដំកើង ៩៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ៩១-៩៣ និង ១ពេត្រុស ៥
 

ប្រភេទ