
ការមើលឃើញ និងការចែកចាយអំពីព្រះគ្រីស្ទ
ដោយAlistair Begg
August 19, 2026
«នោះភ្នែកគេបានបើកភ្លឺឡើង ហើយគេបានស្គាល់ទ្រង់ តែទ្រង់បាត់ពីមុខគេទៅភ្លាម ... នៅវេលានោះឯង គេក៏ក្រោកឡើងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ» ។ លូកា ២៤:៣១,៣៣
យើងចាំបាច់ត្រូវចែកចាយដំណឹងល្អ ។
ជួនកាល ពេលណាយើងមានភ្ញៀវមកលេងផ្ទះ គឺអ្នកដែលយើងស្គាល់ជិតដិត ហើយជាពិសេស បើពួកគេជាបងប្អូនរួមជំនឿទៀតនោះ យើងអាចសុំឲ្យពួកគេអធិស្ឋាន មុនពេលទទួលទានអាហារជាមួយគ្នា ។ នេះជាការស្នើសុំ ដែលផ្តល់កិត្តិយសដល់ភ្ញៀវដែលកំពុងអង្គុយនៅតុរបស់យើង ។ កណ្ឌគម្ពីរដំណឹងល្អលូកា បានផ្តល់ឲ្យយើងនូវទិដ្ឋភាពស្រដៀងនេះផងដែរ ទោះក្នុងបទគម្ពីរនោះ ភ្ញៀវនោះបានធ្វើការសម្រេចដោយខ្លួនឯងថា គាត់នឹងអធិស្ឋានក៏ដោយ ។ បន្ទាប់ពីព្រះយេស៊ូវបានជួបពួកសាវ័កពីរនាក់ នៅតាមផ្លូវពីទីក្រុងយេរូសាឡិម ទៅភូមិអេម៉ោស ទ្រង់បាន «យាងចូលទៅគង់ជាមួយនឹងគេ» (លូកា ២៤:២៩) ហើយ «កាលគង់នៅតុជាមួយគ្នា នោះទ្រង់យកនំប៉័ងមកប្រទានពរ រួចកាច់ប្រទានទៅឲ្យគេ» (ខ.៣០) ។ មុននោះ នៅតាមផ្លូវដ៏វែងឆ្ងាយពីទីក្រុងយេរូសាឡិម នៅពេលដែលបុរសពីរនាក់នោះបានជួបព្រះយេស៊ូវ «តែភ្នែកគេត្រូវថ្ពឹន មិនឲ្យស្គាល់ទ្រង់ទេ» (លូកា ២៤:១៦) ។ ប៉ុន្តែ នៅពេលដែលព្រះយេស៊ូវប្រទានពរដល់ការបរិភោគអាហារនោះ ព្រះអង្គក៏បានធ្វើឲ្យពួកគេមើលព្រះអង្គស្គាល់ ។ ព្រះទ្រង់បានជ្រើសរើសយកពេលនេះ ដើម្បីបើកបង្ហាញថា ពួកគេបាននៅក្នុងព្រះវត្តមានរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះជន្មរស់ឡើងវិញ ។
ដែលព្រះទ្រង់បានបើកភ្នែកពួកសិស្សទាំងនោះ ឲ្យមើលឃើញសេចក្តីពិតនៃព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ តាមរយៈព្រះវិញ្ញាណទ្រង់ជាយ៉ាងណា នោះព្រះអង្គក៏ប្រើព្រះបន្ទូលព្រះអង្គ ដើម្បីបញ្ឆេះចិត្តរបស់ពួកគេ ឲ្យឆេះឆួល ដោយដឹងថា ព្រះយេស៊ូវជានរណា កាលពីមុន និងពេលសព្វថ្ងៃ ។ គ្រាន់តែពួកគេបានមើលស្គាល់ព្រះយេស៊ូវភ្លាម ហើយបន្ទាប់ពីព្រះអង្គបានយាងចេញ ពួកគេក៏បានសួរគ្នាថា «តើយើងមិនមានសេចក្ដីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់កំពុងតែមានបន្ទូលនឹងយើង ហើយសំដែងពីគម្ពីរ តាមផ្លូវនោះទេឬអី?» (លូកា ២៤:៣២) ។
យប់ជ្រៅហើយ ពួកគេក៏បានដើរតាមផ្លូវដ៏វែងឆ្ងាយ ហើយពួកគេត្រូវអង្គុយញ៉ាំអាហារ តែពួកគេមិនអាចធ្វើអ្វីក្រៅពីក្រោកឈរ ហើយវិលត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីចែកចាយដំណឹងដ៏អស្ចារ្យ ជាមួយពួកសាវ័កទាំង១១ ។ យប់នោះ ជាពេលដ៏អស្ចារ្យណាស់!
ភាពក្លៀវក្លារបស់ពួកគេ គឺជាការរំឭកដល់យើងថា ដំណឹងដែលថា ព្រះយេស៊ូវមានព្រះជន្មរស់ មិនគ្រាន់តែជាដំណឹងល្អរបស់ពួកគេ ឬរបស់ពួកសាវ័កទាំង១១ប៉ុណ្ណោះទេ ។ ដំណឹងនេះ គឺជាដំណឹងល្អសម្រាប់ឲ្យយើងចែកចាយ និងសម្រាប់ឲ្យយើងអរសប្បាយខ្លាំងបំផុត ក្នុងចំណោមអ្នកដទៃ ដែលយល់អត្ថន័យ និងតម្លៃដ៏រុងរឿងនៃដំណឹងល្អ ។ ដំណឹងនេះគឺជាដំណឹងរបស់មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ។ ហើយទោះយើងនិយាយភាសាអ្វី យើងបានទៅដល់ប្រទេសណា ឬកំពុងធ្វើដំណើរទៅណាក៏ដោយ ក៏យើងនៅតែមានចំណងទាក់ទងខាងវិញ្ញាណជាមួយអ្នកជឿដទៃទៀត ដែលយើងអាចអរសប្បាយជាមួយគ្នា ក្នុងសេចក្តីសង្ឃឹមដ៏រស់ ដែលបានប្រទានមកយើង ដោយការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ (១ពេត្រុស ១:៣-៥) ។ អ្នកអាចចែករំលែកក្តីអំណរនេះ នៅកន្លែងណាដែលអ្នកទៅដល់ ទោះជាមួយមនុស្សដែលអ្នករស់នៅ និងថ្វាយបង្គំព្រះជាមួយ ដោយមើលមុខពួកគេចំ ដោយទឹកមុខញញឹម ហើយនិយាយថា «ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញហើយ» ។
យើងចាំបាច់ត្រូវចែកចាយដំណឹងនេះ ។ តើអ្នកចង់ស្គាល់ព្រះយេស៊ូវច្បាស់ ហើយបង្ហាញអ្នកដទៃឲ្យស្គាល់ព្រះអង្គដែរឬទេ? តើអ្នកចង់ឃើញព្រះយេស៊ូវ ហើយជួយអ្នកដទៃឲ្យឃើញព្រះអង្គ ក្នុងភាពច្រំដែលនៃជីវិតដែរឬទេ? បើដូច្នោះមែន ចូរទូលសូមព្រះអង្គធ្វើសម្រាប់អ្នក នូវអ្វីដែលព្រះអង្គបានធ្វើសម្រាប់ពួកសាវ័កទាំងនោះ ដើម្បីឲ្យអ្នកបានយល់ដឹងជាថ្មី និងចែកចាយឲ្យគេដឹងថាព្រះយេស៊ូវជានរណា និងជាអ្វី ចំពោះអ្នក ។
ខគម្ពីរជញ្ជឹងគិត ៖ យ៉ូហាន ១:៣៥-៥១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ១០៣-១០៤ និង កាឡាទី ៤