នំម៉ាណាប្រចាំថ្ងៃ
អំណាច​ពិត​ប្រាកដ នៅ​ក្នុង​ព្រះវិញ្ញាណបរិសុទ្ធ

អំណាច​ពិត​ប្រាកដ នៅ​ក្នុង​ព្រះវិញ្ញាណបរិសុទ្ធ

ដោយAlistair Begg

August 23, 2026

«មិនមែន​ដោយ​ឥទ្ធិ​ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​អញ​វិញ» ។ សា​ការី ៤:៦
នៅពេល​ណាមួយ​ក្នុង​ជីវិត យើង​ប្រឈម​មុខ​ដាក់​បញ្ហា​ក្នុង​ជីវិត ដែល​ធ្វើ​ឲ្យ​យើង​ចង់​សួរ​ថា តើ​ការ​លំបាក​ទាំង​អស់​នេះ​មាន​ប្រយោជន៍​អ្វី​សម្រាប់​ខ្ញុំ? ហេតុ​អ្វី​ខ្ញុំ​ចាំបាច់​ត្រូវ​ខិតខំ​បន្ត​ទៀត? ហេតុ​អ្វី​ខ្ញុំ​ចាំបាច់​ត្រូវ​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក និង​ការ​ប្រឆាំង​ទាំង​អស់​នេះ? ជួនកាល​ពួក​ជំនុំ និង​គ្រីស្ទាន​នៅ​សតវត្សរ៍ទី២១ កំពុងតែ​រស់នៅ និង​មាន​ដំណើរ​ជីវិត ធ្វើ​មើលតែ​ពួក​គេ​កំពុង​ជួប​ការ​បាក់​ទឹក​ចិត្ត ជាជាង​មាន​ចិត្ត​រីករាយ និង​អរសប្បាយ ចំពោះ​ថ្ងៃ​ដែល​ព្រះអង្គ​បាន​បង្កើត​ (ទំនុក​ដំកើង ១១៨:២៤) ។
ការ​បាក់​ទឹក​ចិត្ត​ខ្លះ​មាន​លក្ខណៈ​ដែល​យើង​អាច​យល់​បាន​ ។ ប៉ុន្តែ យើង​មិន​ចង់​រស់នៅ ជាមួយ​បញ្ហា​ទាំង​នោះ​គ្រប់​ពេល​វេលា​ទេ ហើយ​យើង​ក៏​មិន​ចាំបាច់​ត្រូវ​រស់នៅ​បែប​នេះ​ដែរ​ ។ ការ​បាក់​ទឹក​ចិត្ត​របស់​យើង មិន​គួរ​បណ្តាល​ចិត្ត​យើង​ឲ្យ​​ជឿ​ថា ព្រះ​ទ្រង់​ឈប់​​ធ្វើ​ការ​ក្នុង​ជីវិត​យើង​នោះ​ទេ​ ។ តាម​ពិត ជួនកាល ព្រះ​ទ្រង់​ធ្វើ​ការ តាម​របៀប​ដែល​​គួរ​ឲ្យ​ស្ញប់​ស្ញែង ឬ​មិន​ដូច​ដែល​យើង​ចង់​បាន​នោះ​ទេ​ ។ ប៉ុន្តែ «អ្នក​ខ្លះ​ពឹង​នឹង​រទេះ​ចំបាំង ខ្លះ​ទៀត​ពឹង​នឹង​សេះ តែ​យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​ព្រះ​នាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​វិញ» (ទំនុក​ដំកើង ២០:៧) ។ ក្នុង​សមរភូមិ​ដ៏​ក្តៅ​គគុក សព្វាវុធ​ដូច​ជា​រទេះ​ចម្បាំង និង​សេះ ពិតជា​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ័យ​ខ្លាច​ ។ កងទ័ព​ខាងណា​ដែល​មាន​កម្លាំងទ័ព និង​អាវុធ​ខ្លាំង​ជាង ហាក់​ដូចជា​មាន​ឱកាស​ឈ្នះ​ច្រើន​ជាង តែ​យើង​មិន​ត្រូវ​ភ្លេច​ទេ​ថា ព្រះ​ទ្រង់​តែងតែ​ធ្វើ​ការ​ក្នុង​ចំណោម​រាស្រ្ត​ទ្រង់ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ជ័យ​ជម្នះ មិនមែន​ដោយ​អំណាច ឬ​ដោយ​ឥទ្ធិឫទ្ធិ​នោះ​ទេ តែ​ដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ​ ។
គ្មាន​អ្វី​អាច​ជំនួស​កិច្ចការ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ក្នុង​ជីវិត​យើង និង​ពួក​ជំនុំ​របស់​យើង​ឡើយ ទោះ​ទ្រព្យ​សម្បត្តិ ឥទ្ធិពល យុទ្ធ​សាស្រ្ត ឬ​សមត្ថភាព​អ្វី​ក៏ដោយ​ ។ ឧទាហរណ៍ ចូរ​យើង​គិត​អំពី​ការ​ដឹកនាំ​របស់​ពួក​ជំនុំ​នៅ​គ្រា​សញ្ញា​ចាស់​ ។ អ្នក​ដឹកនាំ​របស់​ពួកគេ​ជា​បុរស​ដែល​ក្លាហាន និង​សកម្ម ភាគ​ច្រើន​គឺ​ដោយសារ​ពួកគេ​ចំណាយ​ពេល​ច្រើន​ជាមួយ​ព្រះយេស៊ូវ​ ។ ប៉ុន្តែ ហើយ​នៅពេល​ដែល​ពួកគេ​ត្រូវ​ផ្សាយ​ដំណឹង​ល្អ តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វី? គឺ​ព្រះអង្គ «ហាម​មិន​ឲ្យ​គេ​ចេញពី​ក្រុង​យេរូសាឡិម​ឡើយ ដោយ​បន្ទូល​ថា ត្រូវ​ឲ្យ​នៅចាំ​សេចក្ដី​សន្យា​នៃ​ព្រះវរបិតា ដែល​អ្នក​រាល់​គ្នា​បានឮ​ខ្ញុំ​ថ្លែង​ប្រាប់​ហើយ» (កិច្ចការ ១:៤) គឺ​ព្រះបន្ទូល​សន្យា អំពី​ការ​យាង​ចុះ​មក​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ ។ បើ​គ្មាន​អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ទេ នោះ​ពួក​សាវ័ក​មិន​អាច​ធ្វើ​ការងារ​បម្រើ​ព្រះ​បានទេ ទោះ​ពួកគេ​មាន​សមត្ថភាព ឬ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ​ ។ ដោយ​មាន​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ពួកគេ​ក៏បាន​ចាប់​ផ្តើម​ចលនា ដែល​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ពិភពលោក​ ។
ក្នុង​សម័យ​របស់​យើង យើង​ចាំបាច់​ត្រូវ​ចាំ​ថា សមិទ្ធផល​ដែល​យើង​អាច​សម្រេច​បាន​សម្រាប់​នគរ​ព្រះ មិន​ដែល​កើត​មាន គ្រាន់តែ​ដោយសារ​យើង​មាន​មុខ​ដំណែង​ខ្ពង់ខ្ពស់​ក្នុង​សង្គម មាន​កុង​ធនាគារ​ដែល​ធំជាង ឬ​មាន​អំណាច​ដែល​ខ្លាំង​ជាង ក្នុង​លោកិយ​នោះ​ទេ​ ។ ផ្ទុយ​ទៅវិញ យើង​ពឹង​ផ្អែកលើ​ព្រះ​វិញ្ញាណ​ព្រះ​ធ្វើ​ការ នៅ​កន្លែងណា​​ដែល​ព្រះអង្គ​សព្វ​ព្រះទ័យ តាម​របៀប​របស់​ទ្រង់​ ។ និយាយ​រួម គំនិត​របស់​ព្រះ មិន​ដូច​គំនិត​យើង​ទេ ហើយ​ផ្លូវ​យើង​ក៏​មិន​ដូច​ផ្លូវ​ព្រះអង្គ​ដែរ​ ។ ប្រាជ្ញា​របស់​ព្រះអង្គ​ខ្ពង់ខ្ពស់​ជាង​យើង ដូច​ផ្ទៃ​មេឃ​ដែល​ខ្ពស់​លើ​ផែនដី​យ៉ាង​ដូច្នោះ​ដែរ (អេសាយ ៥៥:៨-៩) ។ បើ​ក្នុង​ជម្រៅ​ចិត្ត​អ្នក អ្នក​មាន​ការ​ពឹង​ផ្អែកលើ​ខ្លួនឯង ចូរ​ចាំ​ថា នគរ​ព្រះ​នឹង​មិន​ចម្រើន​ឡើង ក្នុង​ជីវិត​អ្នក ឬ​តាមរយៈ​ការ​ធ្វើ​បន្ទាល់ និង​ការងារ​បម្រើ​ព្រះ ដែល​អ្នក​កំពុង​ធ្វើ​ឡើយ បើសិន​ជា​ព្រះ​វិញ្ញាណ​មិន​ធ្វើ​ការ​ទេ​នោះ​ ។ បើ​ក្នុង​ជម្រៅ​ចិត្ត​អ្នក មាន​ការ​បាក់​ទឹក​ចិត្ត ចូរ​ចាំ​ថា នគរ​ព្រះ​នឹង​ចម្រើន​ឡើង ក្នុង​ជីវិត​អ្នក និង​តាមរយៈ​ការ​ធ្វើ​បន្ទាល់​របស់​អ្នក ព្រោះ​ព្រះវិញ្ញាណបរិសុទ្ធ​កំពុង​ធ្វើ​ការ​ ។ ចូរ​កុំ​ទុក​ចិត្ត​លើ​រទេះ​ចម្បាំង ឬ​សេះ​ឡើយ តែ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​របស់​អ្នក​វិញ​ ។


ខគម្ពីរ​ជញ្ជឹង​គិត ៖ ទំនុក​ដំកើង ១១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ១១៣-១១៥ និង ២កូរិនថូស ២

ប្រភេទ