នំម៉ាណាប្រចាំថ្ងៃ
តើ​អ្នក​កំពុង​រង់​ចាំ​អ្វី?

តើ​អ្នក​កំពុង​រង់​ចាំ​អ្វី?

ដោយAlistair Begg

August 24, 2026

«ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន​សួគ៌​វិញ ក៏​នៅចាំ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ ទ្រង់​យាង​មកពី​ស្ថាន​នោះ​ឯង ដែល​ទ្រង់​នឹង​បំ​ផ្លាស់​បំ​ប្រែ​រូប​កាយ​ទាបថោក​របស់​យើង ឲ្យ​ត្រឡប់​ដូចជា​រូប​អង្គ​ឧត្ដម​របស់​ទ្រង់ តាម​ដែល​ព្រះ​ចេស្ដា​ទ្រង់​ពូកែ​នឹង​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​អំណាច​ទ្រង់​ផង» ។ ភីលីព ៣:២០-២១
ជីវិត​មនុស្ស​មាន​ពេញ​ដោយ​ការ​រង់​ចាំ​ ។ យើង​តែងតែ​រង់​ចាំ​អ្វីមួយ ទោះ​នោះ​ជា​ការ​រង់​ចាំ​ថ្ងៃ​ចុង​សប្តាហ៍ វិស្សម​កាលដែល​នឹង​មកដល់ ឬ​ការ​ចាប់​កំណើត​របស់​កូន ឬ​ចៅ​របស់​យើង​ក្តី​ ។ ហើយ​ជីវិត​គ្រីស្ទាន គឺជា​ពេល​ដែល​ត្រូវ​រង់​ចាំ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​យើង​ជា​ពលរដ្ឋ​នៃ​ស្ថាន​សួគ៌ សព្វថ្ងៃ​នេះ យើង«កំពុង​រង់​ចាំ​ការ​យាង​មកវិញ​នៃ​ព្រះ​អង្គ​សង្គ្រោះ ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ» ។
សម្រាប់​គ្រីស្ទាន ការ​រង់​ចាំ​នេះ​គួរតែ​ស្ថិត​ក្នុង​ចំណោម​លក្ខណៈ​ពិសេស​ដ៏​ច្បាស់​លាស់ នៃ​ជីវិត​យើង​ ។ ជីវិត​របស់​យើង មាន​ផ្នែក​ច្រើន​ទៀត ក្រៅពី​ផ្នែក​ស្ថាន​សួគ៌ ហើយ​រឿង​នេះ​សំខាន់​ណាស់​ ។ យើង​មិន​ត្រូវ​ឲ្យ «ផ្នែក​លោកិយ» ស៊ី​បំផ្លាញ គ្រប់​គ្រង រា​រាំង ឬ​ចង​យើង​ជាប់​នោះ​ឡើយ (ភីលីព ៣:‌១៩) ប៉ុន្តែ យើង​ត្រូវ «ស្វែងរក​អស់​ទាំង​សេចក្ដី ដែល​នៅ​ស្ថាន​លើ​វិញ» (កូល៉ុស ៣:១) ខណៈ​ពេល​ដែល​យើង​រង់​ចាំ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង ​ដោយ​ចិត្ត​អន្ទះសា និង​រង់​ចាំ​ព្រះបន្ទូល​សន្យា​ដែល​នឹង​សម្រេច​សម្រាប់​យើង​ ។ យើង​ជា​មនុស្ស​ដែល​រង់​ចាំ​ពេល​ដែល​យើង​នឹង​រស់​នៅ​ក្នុង​នគរ​ព្រះ មិនមែន​ជា​មនុស្ស​ដែល​ចង់​រស់​នៅ​លើ​ផែនដី​ជា​រៀង​រហូត​នោះ​ទេ​ ។ 
បើ​អ្នក​បាន​ដាច់​ចេញពី​មនុស្ស​ជាទី​ស្រឡាញ់​មួយ​រយៈ​ពេល អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​នឹក​រឭក​ខ្លាំង​ ។ អ្នក​ប្រហែល​មាន​អារម្មណ៍​ថា​​មិន​អី ក្នុងរយៈ​ពេល​ពីរបី​ថ្ងៃ ឬ​ពីរបី​សប្តាហ៍ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​បាត់​ផ្នែក​ណាមួយ​នៃ​ជីវិត​អ្នក​ហើយ​ ។ អ្នក​ទន្ទឹង​រង់​ចាំ ការ​ជួបជុំ​គ្នា​ឡើង​វិញ ហើយ​នៅពេល​ដែល​ថ្ងៃ​នោះ​ជិត​មកដល់ អ្នក​ស្ទើរតែ​មិន​អាច​រង់​ចាំ​បន្ត​ទៀត! សាវ័ក​ប៉ុល​ចង់​ឲ្យ​យើង​មាន​ការ​ទន្ទឹង​រង់​ចាំ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដោយ​ចិត្ត​ស្រេក​ឃ្លាន​ដូច​នេះ​ផង​ដែរ​ ។
យើង​នឹង​មាន​ចិត្ត​ស្រេក​ឃ្លាន​ដូច​នេះ នៅពេល​ដែល​យើង​ចាំ​ថា ពេល​​វេលា​ខ្លី​ខ្លាំង​ណាស់ (១កូរិនថូស ១៣:១១) ហើយ «សេចក្ដី​សង្គ្រោះ​បាន​មក​ជិត​បង្កើយ ជាជាង​កាល​យើង​ទើប​នឹង​ជឿ​នោះ» (រ៉ូម ១៣:១១) ។ ទោះ​ទស្សនៈ​របស់​យើង​យល់​ឃើញថា ការ​រង់​ចាំ​មាន​រយៈ​ពេល​ខ្លី ឬ​វែង​យ៉ាងណា​ក៏ដោយ ក៏​ព្រះ​យេស៊ូវ​នឹង​យាង​មកវិញ​តាម​ពេល​កំណត់ ហើយ​នៅពេល​ដែល​ព្រះ​អង្គ​យាង​មកវិញ ព្រះអង្គ​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្រែ​បាន​ដូច​ព្រះអង្គ​ជា​រៀង​រហូត​ ។
ការ​ជួប​ជុំ​នោះ​អាច​មកដល់​ឆាប់​រហ័ស​ជាង​ការ​រំពឹង​គិត​របស់​អ្នក ហើយ​ពឹត​​ជា​នឹង​មកដល់ «ក្នុង​ពេល​ឆាប់ៗ» បើ​ធៀប​នឹង​ពេល​អស់​កល្ប​ជានិច្ច​ដែល​កំពុង​រង់​ចាំ​យើង​ ។ ប៉ុន្តែ នៅពេល​ឥឡូវ​នេះ យើង​នៅតែ​ត្រូវ​ចាំយាម និង​រង់​ចាំ ការ​យាង​មកវិញ​នៃ​ក្សត្រ​របស់​យើង​ ។ ដូច​នេះ ទំរាំ​តែ​ថ្ងៃ​ដែល​អ្នក​នឹង​បាន​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះ​អង្គ​សង្គ្រោះ​ជា​រៀង​រហូត ចូរ​ប្រាកដ​ថា អ្នក​មិន​ជាប់​ចិត្ត​នឹង​អ្វី​ដែល​លោកិយ​ផ្តល់​ឲ្យ​អ្នក ដោយ​មាន​ចិត្ត​រំភើប​រីករាយ​ចំពោះ «ពេល​ឥឡូវ» ជាង «ពេល​ដែល​មិន​ទាន់​មកដល់» នោះ​ឡើយ​ ។ 
ផ្ទុយ​ទៅវិញ ចូរ​និយាយ​ជាមួយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ថា «ទូល​បង្គំ​រង់​ចាំ​ព្រះយេហូវ៉ា គឺ​ព្រលឹង​ទូល​បង្គំ​រង់​ចាំ​ទ្រង់ ទូល​បង្គំ​សង្ឃឹម​ដល់​ព្រះបន្ទូល​នៃ​ទ្រង់​ ។ ព្រលឹង​នៃ​ទូល​បង្គំ​រង់​ចាំ​ព្រះអម្ចាស់ ជា​ជាង​ពួក​យាម​ល្បាត​រង់​ចាំ​ភ្លឺ​ឡើង អើ ជា​ជាង​ពួក​យាម​ល្បាត​រង់​ចាំ​ភ្លឺ​ឡើង​ទៅទៀត» (ទំនុក​ដំកើង ១៣០:៥-៦) ។ ទោះ​ថ្ងៃ​នេះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយ ចូរ​ឲ្យ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​អ្នក​រង់​ចាំ​ព្រះ​ដែល​នឹង​យាង​មកវិញ​ ។


ខគម្ពីរ​ជញ្ជឹង​គិត ៖ រ៉ូម ១៣:១១-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ១១៦-១១៨ និង ២កូរិនថូស ៣

ប្រភេទ