
នៅពេលដែលគំនិតអ្នកស្ថិតក្នុងភាពងងឹត
ដោយAlistair Begg
August 25, 2026
«គ្រានោះដាវីឌនឹកក្នុងចិត្តថា មានថ្ងៃណាមួយអញនឹងស្លាប់ ដោយសារដៃសូលជាមិនខាន គ្មានផ្លូវណាជាជាងឲ្យអញរត់ទៅ ជ្រកនៅឯស្រុករបស់ពួកភីលីស្ទីនទេ នោះសូលនឹងអស់ចិត្តចង់រកអញនៅគ្រប់ក្នុងអស់ទាំងដែនស្រុកអ៊ីស្រាអែលទៀត ដូច្នេះ ទើបអញនឹងរួចចេញពីព្រះហស្តទ្រង់បាន» ។ ១សាំយ៉ូអែល ២៧:១
ជួនកាល គំនិតរបស់យើង គឺជាខ្មាំងសត្រូវធំបំផុតរបស់យើង ។
ទោះដាវីឌស្ថិតក្នុងកាលៈទេសៈពិបាកយ៉ាងណាក៏ដោយ គាត់តែងតែទុកចិត្តព្រះអម្ចាស់ជានិច្ច ។ ជាការពិតណាស់ ក្នុងការសន្ទនារវាងស្តេច សូល និងដាវីឌ ដាវីឌបានប្រកាស ទៅកាន់ស្តេច សូល ថា ទោះគាត់មិនបានដឹងថាមានរឿងអ្វីកើតឡើងក៏ដោយ ក៏គាត់ដឹងថា ព្រះទ្រង់នឹងរំដោះគាត់ឲ្យរួចពីទុក្ខលំបាក (១សាំយ៉ូអែល ២៦:២៣-២៤) ។ ដាវីឌមានហេតុផលដ៏ល្អដែលត្រូវមានទំនុកចិត្តដូចនេះ បានជាការរំដោះរបស់ព្រះអម្ចាស់ គឺជាប្រធានបទដ៏សំខាន់ ពេញមួយជីវិតគាត់ ។ ទោះការរំដោះនោះ ជាការរំដោះពីសត្វតោ សត្វខ្លាឃ្មុំ ឬយក្សរបស់សាសន៍ភីលីស្ទីន (១សាំយ៉ូអែល ១៧:៣៧) ឬក្រោយមក ជាការរំដោះពីការតាមសម្លាប់របស់ស្តេច សូល ក្តី ដាវីឌតែងតែឆាប់សរសើរដំកើងព្រះ ដោយមិនបង្អង់យូរ សម្រាប់ការជួយសង្គ្រោះរបស់ទ្រង់ ។ ហេតុនេះហើយ យើងប្រហែលជាភ្ញាក់ផ្អើល នៅពេលដែលគាត់ទើបតែបានប្រកាសអំពីការរំដោះនៃព្រះហស្តរបស់ព្រះ គាត់ក៏ស្រាប់តែជឿក្នុងចិត្តថា ស្តេច សូល នឹងសម្លាប់គាត់នៅទីបំផុត ។ ជាជាងនឹកចាំអំពីសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ព្រះ គាត់បានបណ្តោយឲ្យគំនិតនេះបន្តចូលទៅក្នុងភាពងងឹត ។ ទំនុកចិត្តរបស់គាត់បានប្រែក្លាយជាការធ្លាក់ទឹកចិត្ត ហើយជំនឿរបស់គាត់ប្រែក្លាយជាការភ័យខ្លាច ដូចនេះ គាត់ក៏បានទៅស្វែងរកសុវត្ថិភាព នៅក្នុងចំណោមសាសន៍ដែលជាសត្រូវរបស់គាត់ (១សាំយ៉ូអែល ២៧:២) ជាការសម្រេចចិត្តដែលនាំទៅរកការបោកបញ្ឆោត និងទុក្ខលំបាកដ៏រញ៉េរញ៉ៃ (ខ.៨-១១) ។
គំនិតរបស់យើង ពិតជាសំខាន់ណាស់ ព្រោះវាប្រែក្លាយទៅជាការប្រព្រឹត្ត ។ មានពាក្យស្លោកចាស់បុរាណមួយបានរំឭកយើងអំពីគោលការណ៍នេះថា ពេលយើងសាបព្រោះគំនិត យើងនឹងច្រូតកាត់បានសកម្មភាព ។ ពេលដែលយើងសាបព្រោះសកម្មភាព យើងនឹងច្រូតកាត់បានទម្លាប់ ។ ពេលយើងសាបព្រោះទម្លាប់ យើងនឹងច្រូតកាត់បានចារិកលក្ខណៈ ។ ពេលយើងសាបព្រោះចារិកលក្ខណៈ យើងនឹងច្រូតកាត់បានជោគវាសនា ។
អ្នកប្រហែលជាអាចក្រឡេកមកក្រោយ មើលទៅជំពូកទាំងឡាយនៃជីវិតរបស់អ្នក គឺមើលទៅពេលដែលអ្នកចាប់ផ្តើមនិយាយមកកាន់ខ្លួនឯង នូវអ្វីដែលគ្មានន័យ ធ្វើការសម្រេចចិត្តយ៉ាងល្ងង់ខ្លៅ ហើយស្ថិតក្នុងភាពទាល់ច្រក ។ អ្នកប្រហែលជាកំពុងតែនៅក្នុងកន្លែងនោះស្រាប់ហើយ ដោយព្យាយាមធ្វើឲ្យគំនិតរបស់អ្នកឈប់ដាំក្បាលចុះ ហើយនាំអ្នកចូលទៅក្នុងសកម្មភាព ដែលក្នុងជម្រៅចិត្តអ្នក អ្នកដឹងច្បាស់ថា វាមិនមែនជាទង្វើឆ្លាតវ័យ ឬខុស ។ ដាវីឌមិនគ្រាន់តែត្រូវការការជួយសង្គ្រោះឲ្យរួចផុតពីការគំរាមកំហែងជីវិតគាត់ប៉ុណ្ណោះទេ គាត់ក៏ត្រូវការការសង្គ្រោះឲ្យរួចពីខ្លួនឯង ហើយយើងក៏អញ្ចឹងដែរ ។ ប៉ុន្តែ អរព្រះគុណព្រះអង្គ ដែលយើងមិនអាចធ្វើឲ្យសេចក្តីសប្បុរស និងសេចក្តីមេត្តារបស់ព្រះអង្គរីងស្ងួតបាន ទោះគំនិតយើង ងាកទៅតាមផ្លូវខុស ឬការប្រព្រឹត្តរបស់យើងនាំឲ្យយើងដើរខុសផ្លូវក៏ដោយ ។ ព្រះទ្រង់សង្គ្រោះស្តេច ដាវីឌ ហើយព្រះអង្គក៏បានសង្គ្រោះយើង តាមរយៈឈើឆ្កាងរបស់ព្រះគ្រីស្ទ ។ ពេលណាគំនិតរបស់អ្នកងាកទៅរកកន្លែងងងឹត ចូរក្រើនរំឭកខ្លួនឯង អំពីសេចក្តីសប្បុរស ការប្រោសលោះ និងសេចក្តីស្មោះត្រង់របស់ព្រះ ហើយអនុញ្ញាតឲ្យព្រះអង្គកែប្រែរបៀបដែលចិត្តរបស់អ្នកឆ្លើយតបចំពោះទុក្ខលំបាក ដែលអ្នកជួបប្រទះ ហើយកំណត់ទិសដៅជីវិត ខណៈពេលដែលអ្នកឆ្លងកាត់ទុក្ខលំបាកទាំងនោះ។
ខគម្ពីរជញ្ជឹងគិត ៖ កាឡាទី ៦:៧-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ១១៩:១-៨៨ និង ២កូរិនថូស ៤