
តើអ្នកណានឹងទៅលើភ្នំបរិសុទ្ធនៃទ្រង់បាន?
ដោយAlistair Begg
August 27, 2026
«ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន ។ គឺជាអ្នកណាដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តសេចក្ដីសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្តផង» ។ ទំនុកដំកើង ១៥:១-២
«តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន?» សំណួរដែលស្តេច ដាវីឌ បានលើកឡើង ក្នុងខទីមួយ នៃបទគម្ពីរទំនុកដំកើងនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ។ សំណួរនេះអាចធ្វើឲ្យយើងគិតឃើញការថ្វាយបង្គំ ក្នុងទឹកដីអ៊ីស្រាអែលសម័យដើម តែតាមពិត សំណួរនេះក៏បាននាំយើងទៅដល់មាត់ទ្វារនៃស្ថានសួគ៌ ហើយសួរយើងថា តើនរណាអាចចូលតាមទ្វារនេះបាន?
យើងឃើញចម្លើយសម្រាប់សំណួរនេះ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៥នេះ តែយើងអាចរកឃើញចំណុចសំខាន់ជាទូទៅ ក្នុងព្រះគម្ពីរទាំងមូល ។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានបង្រៀនអ្នកអានសំបុត្ររបស់គាត់ ឲ្យ «បានញែកជាបរិសុទ្ធដែរ បើអ្នកណាគ្មានសេចក្ដីបរិសុទ្ធ នោះមិនដែលឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤) ។ ព្រះអម្ចាស់យេស៊ូវក៏បានបង្រៀនដូចនេះដែរថា «ឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ» (ម៉ាថាយ ៧:១៤) ។ អ្នកដែលឈរនៅលើភ្នំនៃព្រះអម្ចាស់ ហើយអរសប្បាយនឹងព្រះវត្តមានរបស់ព្រះអង្គអស់កល្បជានិច្ច គឺជាអស់អ្នកដែលបានទៅដល់ភ្នំនោះ តាមផ្លូវចង្អៀត ដោយការតស៊ូដ៏ស្វិតស្វាញ ដើម្បីទទួលបានសេចក្តីបរិសុទ្ធ ។
គួរឲ្យសោកស្តាយណាស់ មនុស្សជាច្រើនបានសន្និដ្ឋានថា ពួកគេនឹងនៅលើភ្នំរបស់ព្រះ ព្រោះពួកគេធ្លាប់បានអធិស្ឋាន ដើរចូលក្នុងព្រះវិហារ ឬជាសមាជិកនៃព្រះវិហារណាមួយ ។ នេះជាការយល់ច្រឡំធ្ងន់ណាស់ បើសិនជាយើងគិតឃើញថា អ្នកដែលធ្វើតាមទំនើងចិត្តរបស់ខ្លួនឯង នឹងបានទទួលជីវិតអស់កល្ប ដោយរស់នៅក្នុងជីវិត ដែលមិនមានភស្តុតាងបញ្ជាក់ថា ពួកគេបានទទួលជឿព្រះគ្រីស្ទ ជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ ។ លោកគ្រូ ឆាល ស្ព័រជិន (Charles Spurgeon)ធ្លាប់បានអធិប្បាយ ថា «បើគ្រីស្ទានមិនបានរស់នៅខុសពីមុនទេ ... ពួកគេត្រូវតែប្រែចិត្តចេញពីការប្រែចិត្តក្លែងក្លាយ ហើយការដែលពួកគេប្រែចិត្តជឿព្រះ ក៏មិនបានស្មោះអស់ពីចិត្តដែរ» ។67 ដូចនេះ តើនរណានឹងបានឡើងភ្នំរបស់ព្រះអម្ចាស់? គឺអ្នកដែល «ដើរដោយគ្មានកន្លែងបន្ទោសបាន» តាមរបៀបខុសពីអ្នកមិនជឿ ហើយជីវិតគាត់ក៏ឆ្លុះបញ្ចាំងឲ្យគេបានដឹងថា ព្រះទ្រង់បានសង្គ្រោះគាត់ហើយ ។ គឺអ្នកដែលការនិយាយស្តីមិនមានការមូលបង្កាច់បង្ខូច គឺ «និយាយតែសេចក្តីពិត ដែលមានក្នុងចិត្តគាត់» ។ គាត់មិនគ្រាន់តែជាអ្នកដែលនិយាយថា មានអ្វីខ្លះដែលត្រឹមត្រូវ តែក៏និយាយផងដែរថា មានអ្វីខ្លះពិត ដោយការរស់នៅ ដែលមិនខុសពីពាក្យសម្តីរបស់គាត់ ។
ការអានបទគម្ពីរទំនុកដំកើងជំពូក១៥ រួមផ្សំនឹងការពិនិត្យមើលខ្លួនឯង ទំនងជាធ្វើឲ្យយើងបាក់ទឹកចិត្ត ។ មានតែព្រះអម្ចាស់យេស៊ូវទេ ដែលមានលក្ខណៈបរិសុទ្ធឥតខ្ចោះ ដូចដែលបទគម្ពីរទំនុកដំកើងនេះបានរៀបរាប់ មានតែព្រះអង្គទេ ដែលសក្តិសមនឹងគង់នៅលើភ្នំដ៏បរិសុទ្ធរបស់ព្រះវរបិតា ហើយដោយសារព្រះអង្គសព្វព្រះទ័យនឹងសុគត ដើម្បីលោះបាបរាស្រ្តទ្រង់ ហើយគ្របដណ្តប់ពួកគេ ដោយសេចក្តីបរិសុទ្ធរបស់ទ្រង់ បានជាព្រះអង្គអញ្ជើញយើងឲ្យទៅរស់នៅទីនោះ ជាមួយព្រះអង្គដែរ ។ ប៉ុន្តែ ចូរយើងឲ្យពន្លឺនៃព្រះបន្ទូលព្រះបានចែងចាំង នៅលើចិត្តរបស់យើង ហើយបើកបង្ហាញអ្វីដែលមានក្នុងចិត្តយើង ដើម្បីឲ្យយើងប្រែចិត្ត និងអរព្រះគុណព្រះអង្គសង្គ្រោះរបស់យើង ។ ហើយអ្នកដែលដឹងថា ខ្លួននឹងបានឈរនៅទីនោះ ដោយសារព្រះអង្គ នឹងព្យាយាមផ្លាស់ប្រែ ឲ្យបានល្អដូចព្រះអង្គ ។ ចូរពិចារណា អំពីរបៀបដែលអ្នកដើរ និងនិយាយស្តី ហើយចូរអធិស្ឋានសូមឲ្យអ្នកមានភាពសមស្របនឹងរូបអង្គរបស់ព្រះគ្រីស្ទ រហូតដល់ថ្ងៃដែលអ្នកនឹងបានរស់នៅជាមួយព្រះអង្គ នៅលើភ្នំរបស់ព្រះ ។
ខគម្ពីរជញ្ជឹងគិត ៖ ទំនុកដំកើង ១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ១២០-១២២ និង ២កូរិនថូស ៦