នំម៉ាណាប្រចាំថ្ងៃ
តើ​អ្នកណា​នឹង​ទៅលើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់​បាន?

តើ​អ្នកណា​នឹង​ទៅលើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់​បាន?

ដោយAlistair Begg

August 27, 2026

«ឱ​ព្រះយេហូវ៉ា​អើយ តើ​អ្នកណា​នឹង​នៅ​ក្នុង​រោង​ឧបោសថ​របស់​ទ្រង់ តើ​អ្នកណា​នឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់​បាន​ ។ គឺជា​អ្នកណា​ដែល​ដើរ​ដោយ​ទៀង​ត្រង់ ហើយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត ព្រម​ទាំង​ពោល​សេចក្ដី​ពិត​ពី​ក្នុង​ចិត្ត​ផង» ។ ទំនុក​ដំកើង ១៥:១-២
«តើ​អ្នកណា​នឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់​បាន?» សំណួរ​ដែល​ស្តេច  ​ដាវីឌ   ​បាន​លើក​ឡើង ក្នុង​ខ​ទីមួយ នៃ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ។ សំណួរ​នេះ​អាច​ធ្វើ​ឲ្យ​យើង​គិត​ឃើញ​ការ​ថ្វាយបង្គំ ក្នុង​ទឹកដី​អ៊ីស្រាអែល​សម័យ​ដើម​ តែ​តាម​ពិត សំណួរ​នេះ​ក៏បាន​នាំ​យើង​ទៅដល់​មាត់​ទ្វារ​នៃ​ស្ថាន​សួគ៌ ហើយ​សួរ​យើង​ថា តើ​នរណា​អា​ច​ចូល​តាម​ទ្វារ​នេះ​បាន?
យើង​ឃើញ​ចម្លើយ​សម្រាប់​សំណួរ​នេះ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៥​នេះ តែ​យើង​អាច​រក​ឃើញ​ចំណុច​សំខាន់​ជា​ទូទៅ ក្នុង​ព្រះ​គម្ពីរ​ទាំងមូល​ ។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​បង្រៀន​អ្នកអាន​សំបុត្រ​របស់​គាត់ ឲ្យ «បាន​ញែក​​ជា​បរិសុទ្ធ​ដែរ បើ​អ្នកណា​គ្មាន​សេចក្ដី​បរិសុទ្ធ នោះ​មិន​ដែល​ឃើញ​ព្រះអម្ចាស់​ឡើយ» (ហេព្រើរ ១២:១៤) ។ ព្រះអម្ចាស់យេស៊ូវ​ក៏បាន​បង្រៀន​ដូច​នេះ​ដែរ​ថា «ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ» (ម៉ាថាយ ៧:១៤) ។ អ្នក​ដែល​ឈរ​​នៅ​លើ​ភ្នំ​នៃ​ព្រះអម្ចាស់ ហើយ​អរសប្បាយ​នឹង​ព្រះ​វត្ត​មាន​របស់​ព្រះអង្គ​អស់​កល្ប​ជានិច្ច គឺជា​អស់អ្នក​ដែល​បាន​ទៅដល់​ភ្នំ​នោះ តាម​ផ្លូវ​ចង្អៀត ដោយ​ការ​តស៊ូ​ដ៏​ស្វិតស្វាញ ដើម្បី​ទទួល​បាន​សេចក្តី​បរិសុទ្ធ​ ។
គួរ​ឲ្យ​សោក​ស្តាយ​ណាស់ មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ពួកគេ​នឹង​នៅ​លើ​ភ្នំ​របស់​ព្រះ ព្រោះ​ពួក​គេ​ធ្លាប់​បាន​អធិស្ឋាន ដើរ​ចូល​ក្នុង​ព្រះវិហារ ឬ​ជា​សមាជិក​នៃ​ព្រះវិហារ​ណាមួយ​ ។ នេះ​ជា​ការ​យល់​ច្រឡំ​ធ្ងន់​ណាស់ បើសិន​ជា​យើង​គិត​ឃើញថា អ្នក​ដែល​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​ខ្លួនឯង នឹង​បាន​ទទួល​ជីវិត​អស់​កល្ប ដោយ​​រស់នៅ​ក្នុង​ជីវិត ដែល​មិន​មាន​ភស្តុតាង​បញ្ជាក់​ថា ពួកគេ​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ ជា​ព្រះអម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​ ។ លោក​គ្រូ​ ឆាល ស្ព័រជិន (Charles Spurgeon)ធ្លាប់​បាន​អធិប្បាយ ថា «បើ​គ្រីស្ទាន​មិន​បាន​រស់នៅ​ខុសពី​មុន​ទេ ... ពួកគេ​​ត្រូវតែ​ប្រែ​ចិត្ត​ចេញពី​ការ​ប្រែ​ចិត្ត​ក្លែងក្លាយ ហើយ​ការ​ដែល​ពួកគេ​​ប្រែ​ចិត្តជឿ​ព្រះ ក៏​មិន​បាន​ស្មោះ​អស់ពី​ចិត្ត​ដែរ» ។67 ដូច​នេះ តើ​នរណា​នឹង​បាន​ឡើង​ភ្នំ​របស់​ព្រះអម្ចាស់? គឺ​អ្នក​ដែល «ដើរ​ដោយ​គ្មាន​កន្លែង​បន្ទោស​បាន» តាម​របៀប​ខុសពី​អ្នក​មិន​ជឿ ហើយ​ជីវិត​គាត់​ក៏​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​សង្គ្រោះ​គាត់​ហើយ​ ។ គឺ​អ្នក​ដែល​ការ​និយាយ​ស្តី​មិន​មាន​ការ​មូល​បង្កាច់​បង្ខូច គឺ «និយាយ​តែ​សេចក្តី​ពិត​ ដែល​មាន​ក្នុង​ចិត្ត​គាត់» ។ គាត់​មិន​គ្រាន់តែ​ជា​អ្នក​ដែល​និយាយ​ថា មាន​អ្វី​ខ្លះ​ដែល​ត្រឹម​ត្រូវ តែ​ក៏​និយាយ​ផង​ដែរ​ថា មាន​អ្វី​ខ្លះ​ពិត ដោយ​ការ​រស់នៅ ដែល​មិន​ខុសពី​ពាក្យ​សម្តី​របស់​គាត់​ ។
ការ​អាន​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក១៥ រួម​ផ្សំ​នឹង​ការ​ពិនិត្យ​មើល​ខ្លួនឯង ទំនងជា​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត​ ។ មានតែ​ព្រះអម្ចាស់យេស៊ូវ​ទេ ដែល​មាន​លក្ខណៈ​បរិសុទ្ធ​ឥត​ខ្ចោះ ដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​បាន​រៀបរាប់ មានតែ​ព្រះអង្គ​ទេ ដែល​សក្តិ​សមនឹង​គង់​នៅ​លើ​ភ្នំ​ដ៏​បរិសុទ្ធ​របស់​ព្រះវរបិតា ហើយ​ដោយសារ​ព្រះអង្គ​សព្វ​ព្រះទ័យ​នឹង​សុគត ដើម្បី​លោះ​បាប​រាស្រ្ត​ទ្រង់ ហើយ​គ្រប​ដណ្តប់​ពួកគេ ដោយ​សេចក្តី​បរិសុទ្ធ​របស់​ទ្រង់ បានជា​ព្រះអង្គ​អញ្ជើញ​យើង​ឲ្យ​ទៅ​រស់នៅ​ទីនោះ ជាមួយ​ព្រះអង្គ​ដែរ​ ។ ប៉ុន្តែ ចូរ​យើង​ឲ្យ​ពន្លឺ​នៃ​ព្រះបន្ទូល​ព្រះ​បាន​ចែងចាំង នៅ​លើ​ចិត្ត​របស់​យើង ហើយ​បើក​បង្ហាញ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​យើង ដើម្បី​ឲ្យ​យើង​ប្រែ​ចិត្ត និង​អរ​ព្រះគុណ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​ ។ ហើយ​អ្នក​ដែល​ដឹង​ថា ខ្លួន​នឹង​បាន​ឈរ​នៅ​ទីនោះ ដោយសារ​ព្រះអង្គ នឹង​ព្យាយាម​ផ្លាស់​ប្រែ ឲ្យ​បាន​ល្អ​ដូច​ព្រះអង្គ​ ។ ចូរ​ពិចារណា អំពី​របៀប​ដែល​អ្នក​ដើរ និង​និយាយ​ស្តី ហើយ​ចូរ​អធិស្ឋាន​សូម​ឲ្យ​អ្នក​មាន​ភាព​សម​ស្រប​នឹង​រូប​អង្គ​របស់​ព្រះគ្រីស្ទ រហូត​ដល់​ថ្ងៃ​ដែល​អ្នក​នឹង​បាន​រស់នៅ​ជាមួយ​ព្រះអង្គ នៅ​លើ​ភ្នំ​របស់​ព្រះ​ ។


ខគម្ពីរ​ជញ្ជឹង​គិត ៖ ទំនុក​ដំកើង ១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ១២០-១២២ និង ២កូរិនថូស ៦

ប្រភេទ