
នឹកចាំព្រះដែលបានបង្កើតអ្នក
ដោយAlistair Begg
August 29, 2026
«ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង» ។ សាស្តា ១២:១
មនុស្សម្នាក់ៗចូលទៅក្នុងវ័យចាស់ ក្នុងល្បឿន ឬតាមរបៀបមិនដូចគ្នាទេ ។ អ្នកខ្លះនៅមានភាពរស់រវើក និងនៅមានកម្លាំង ក្នុងវ័យចាស់ ខណៈពេលដែលអ្នកផ្សេងទៀត មានការអន់ខ្សោយមុនវ័យ ។ ប៉ុន្តែ យើងម្នាក់ៗ ទោះយើងមានវ័យចាស់ ឬក្មេងយ៉ាងណា ទោះយើងមានអារម្មណ៍ ឬមានភាពផុយស្រួយយ៉ាងណា យើងសុទ្ធតែកំពុងធ្វើដំណើរទៅមុខម្តងមួយថ្ងៃៗ ទៅរកថ្ងៃដែលជីវិតរបស់យើងនឹងរលត់ ។
អ្នកនិពន្ធកណ្ឌគម្ពីរសាស្តាបាននឹកចាំអំពីរឿងនេះ នៅពេលដែលគាត់បង្រៀនយើងឲ្យនឹកចាំព្រះអាទិកររបស់យើង ក្នុងកាលដែលយើងនៅមានពេលវេលា ។ ប៉ុន្តែ ពេលដែលគាត់និយាយថា «ចូរនឹកចាំ» គឺគាត់មិនមែនកំពុងប្រាប់យើងចាំរូបមន្ត ដូចជាវេយ្យាករណ៍ ឬមេលេខគុណនោះទេ ។ ការបង្គាប់ឲ្យនឹកចាំ គឺបានលើកទឹកចិត្តយើងឲ្យទម្លាក់ចោលការទុកចិត្តលើខ្លួនឯង ហើយឲ្យទុកចិត្តទាំងស្រុងលើព្រះអាទិករ ដែលទ្រទ្រង់ជីវិតយើង ។ ការ «នឹកចាំព្រះអាទិករ» គឺមានន័យថា ស្គាល់ ស្រឡាញ់ និងបម្រើព្រះអង្គ ក្នុងលក្ខណៈជាក្តីអំណរខ្ពស់បំផុតរបស់យើង ។ បទគម្ពីរនេះក៏បានបញ្ជាក់អំពីពេលវេលា ដែលយើងត្រូវនឹកចាំព្រះដែលបានបង្កើតយើង គឺនឹកចាំក្នុងគ្រាដែលយើងនៅក្មេង ។ បើអ្នកមិនមានវ័យក្មេងទៀតទេ ចូរកុំព្រួយបារម្ភឡើយ ខគម្ពីរនេះមានន័យចំពោះអ្នក លើសពីការគិតរបស់អ្នកទៅទៀត ។
ព្រះគម្ពីរប៊ីបមានភាពបត់បែនជាងយើង ក្នុងការនិយាយអំពីយុវភាព ។ យើងក៏ដឹងច្បាស់ថា អ្នកដែលមានវ័យក្មេង ចាំបាច់ត្រូវធ្វើតាមការបង្គាប់ក្នុងបទគម្ពីរនេះ ។ យើងត្រូវប្រយ័ត្ន មិនត្រូវនិយាយប្រាប់ខ្លួនឯងថា «ខ្ញុំនឹងធ្វើតាមសេចក្តីបង្គាប់ដែលសំខាន់ខ្លាំង តែនៅពេលដែលខ្ញុំជួបរឿងសំខាន់ខ្លាំងប៉ុណ្ណោះ» ។ ពេលនេះជាពេលដែលសំខាន់ខ្លាំង! មិនយូរមិនឆាប់ អ្នកនឹងដល់ពេលដែលអ្នកមិនអាចមើលឃើញ ដូចកាលពីមិន មិនអាចស្តាប់ឮដូចកាលពីមុន ឬមិនអាចដើរដូចកាលពីមុន ។
ទោះយូរឬឆាប់យ៉ាងណាក៏ដោយ ជីវិតរបស់អ្នកកំពុងតែមានការពុកផុយដូចផ្ទះដែលនឹងត្រូវដួលរលំនៅថ្ងៃណាមួយ ។ គួរឲ្យសោកស្តាយណាស់ ដែលអ្នកសន្និដ្ឋានថា អ្នកអាចនឹកចាំព្រះអាទិកររបស់អ្នក នៅថ្ងៃស្អែក មួយថ្ងៃហើយ មួយថ្ងៃទៀត តែមិនអាចនឹកចាំព្រះអង្គនៅថ្ងៃនេះ ហើយក៏បានដឹងថា ថ្ងៃស្អែកមិនមកដល់ឡើយ ។ ចូរប្រយ័ត្ន មិនត្រូវបណ្តោយឲ្យឆ្នាំដែលល្អបំផុតនៃជីវិតរបស់អ្នក កន្លងផុតទៅ ដោយមានពេញទៅដោយការអ្វី ដែលមិនមានតម្លៃនៅទីបំផុតនោះឡើយ ។ ចូរនឹកចាំព្រះដែលបានបង្កើតអ្នក ខណៈពេលដែលអ្នកនៅមានឱកាស ។ បើអ្នកមានអារម្មណ៍ថា ឆ្នាំល្អបំផុតរបស់អ្នកបានកន្លងផុតហើយ ចូរចាំថា ព្រះទ្រង់អាច «សងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយកណ្ដូប ចង្រិត ដង្កូវ និងក្រា» (យ៉ូអែល ២:២៥) ។ ការនឹកចាំនៅពេលឥឡូវនេះ គឺល្អប្រសើរជាងការរងទុក្ខអស់កល្បជានិច្ច ដោយការស្តាយក្រោយ ។
ខគម្ពីរជញ្ជឹងគិត ៖ លូកា ៩:៥៧-៦២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ១២៦-១២៨ និង ២កូរិនថូស ៨