នំម៉ាណាប្រចាំថ្ងៃ
នឹក​ចាំ​ព្រះ​ដែល​បាន​បង្កើត​អ្នក

នឹក​ចាំ​ព្រះ​ដែល​បាន​បង្កើត​អ្នក

ដោយAlistair Begg

August 29, 2026

«ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង» ។ សា​ស្តា ១២:១
មនុស្ស​ម្នាក់ៗ​ចូល​ទៅ​ក្នុង​វ័យ​ចាស់ ក្នុង​ល្បឿន ឬ​តាម​របៀប​មិន​ដូច​គ្នា​ទេ​ ។ អ្នក​ខ្លះ​នៅ​មាន​ភាព​រស់​រវើក និង​នៅ​មាន​កម្លាំង ក្នុង​វ័យ​ចាស់ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត មាន​ការ​អន់​ខ្សោយ​មុន​វ័យ​ ។ ប៉ុន្តែ យើង​ម្នាក់ៗ ទោះ​យើង​មាន​វ័យ​ចាស់ ឬ​ក្មេង​យ៉ាងណា ទោះ​យើង​មាន​អារម្មណ៍ ឬ​មាន​ភាព​ផុយ​ស្រួយ​យ៉ាងណា យើង​សុទ្ធតែ​កំពុង​ធ្វើ​ដំណើរ​ទៅមុខ​ម្តង​មួយ​ថ្ងៃៗ ទៅ​រក​ថ្ងៃ​ដែល​ជីវិត​របស់​យើង​នឹង​​រលត់​ ។
អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សា​ស្តា​បាន​នឹក​ចាំ​អំពី​រឿង​នេះ នៅពេល​ដែល​គាត់​បង្រៀន​យើង​ឲ្យ​នឹក​ចាំ​ព្រះអាទិករ​របស់​យើង ក្នុង​កាលដែល​យើង​នៅ​មាន​ពេល​វេលា​ ។ ប៉ុន្តែ ពេល​ដែល​គាត់​និយាយ​ថា «ចូរ​នឹក​ចាំ» គឺ​គាត់​មិនមែន​កំពុង​ប្រាប់​យើង​ចាំ​រូប​មន្ត ដូច​ជា​វេយ្យាករណ៍ ឬ​មេលេខ​គុណ​នោះ​ទេ​ ។ ការ​បង្គាប់​ឲ្យ​នឹក​ចាំ គឺ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ទម្លាក់​ចោល​​ការ​ទុក​ចិត្ត​លើ​ខ្លួនឯង ហើយ​ឲ្យ​ទុកចិត្ត​ទាំង​ស្រុង​លើ​ព្រះអាទិករ ដែល​ទ្រទ្រង់​ជីវិត​យើង​ ។ ការ «នឹក​ចាំ​ព្រះអាទិករ» គឺ​មានន័យថា ស្គាល់ ស្រឡាញ់ និង​បម្រើ​ព្រះអង្គ ក្នុង​លក្ខណៈ​ជា​ក្តី​អំណរ​ខ្ពស់​បំផុត​របស់​យើង​ ។ បទ​គម្ពីរ​នេះ​ក៏បាន​បញ្ជាក់​អំពី​ពេល​វេលា ដែល​យើង​ត្រូវ​នឹក​ចាំ​ព្រះ​ដែល​បាន​បង្កើត​យើង គឺ​នឹក​ចាំ​ក្នុង​គ្រា​ដែល​យើង​នៅ​ក្មេង​ ។ បើ​អ្នក​មិន​មាន​វ័យ​ក្មេង​ទៀត​ទេ ចូរ​កុំ​ព្រួយ​បារម្ភ​ឡើយ ខ​គម្ពីរ​នេះ​មាន​ន័យចំ​ពោះ​អ្នក លើស​ពី​ការ​គិត​របស់​អ្នក​ទៅទៀត​ ។ 
ព្រះ​គម្ពីរប៊ីប​មាន​ភាព​បត់បែន​ជាង​យើង ក្នុង​ការ​និយាយ​អំពី​យុវភាព​ ។ យើង​​ក៏​ដឹង​ច្បាស់​ថា អ្នក​ដែល​មាន​វ័យ​ក្មេង ចាំបាច់​ត្រូវ​ធ្វើ​តាម​ការ​បង្គាប់​ក្នុង​បទ​គម្ពីរ​នេះ​ ។ យើង​ត្រូវ​ប្រយ័ត្ន មិន​ត្រូវ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា «ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្តី​បង្គាប់​ដែល​សំខាន់​ខ្លាំង តែ​នៅពេល​ដែល​ខ្ញុំ​ជួប​រឿង​សំខាន់​ខ្លាំង​ប៉ុណ្ណោះ» ។ ពេល​នេះ​ជា​ពេល​ដែល​សំខាន់​ខ្លាំង! មិន​យូរ​មិន​ឆាប់ អ្នក​នឹង​ដល់​ពេល​ដែល​អ្នក​មិន​អាច​មើល​ឃើញ ដូច​កាលពី​មិន មិន​អាច​ស្តាប់​ឮ​ដូច​កាលពី​មុន ឬ​មិន​អាច​ដើរ​ដូច​កាលពី​មុន​ ។
ទោះ​យូរ​ឬ​ឆាប់​យ៉ាងណា​ក៏ដោយ ជីវិត​របស់​អ្នក​កំពុងតែ​មាន​ការ​ពុក​ផុយ​ដូច​ផ្ទះ​ដែល​នឹង​ត្រូវ​ដួល​រ​លំនៅ​ថ្ងៃ​ណាមួយ​ ។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​អ្នក​សន្និដ្ឋាន​ថា អ្នក​អាច​នឹក​ចាំ​ព្រះអាទិករ​របស់​អ្នក នៅ​ថ្ងៃ​ស្អែក មួយ​ថ្ងៃ​ហើយ មួយ​ថ្ងៃ​ទៀត តែ​មិន​អាច​នឹក​ចាំ​ព្រះអង្គ​នៅ​ថ្ងៃ​នេះ ហើយក៏​បាន​ដឹង​ថា ថ្ងៃ​ស្អែក​មិន​មកដល់​ឡើយ​ ។ ចូរ​ប្រយ័ត្ន មិន​ត្រូវ​បណ្តោយ​ឲ្យ​ឆ្នាំ​ដែល​ល្អ​បំផុត​នៃ​ជីវិត​របស់​អ្នក កន្លង​ផុត​ទៅ ដោយ​មាន​ពេញ​ទៅ​ដោយ​ការ​អ្វី ដែល​មិន​មាន​តម្លៃ​នៅ​ទី​បំផុត​នោះ​ឡើយ ។ ចូរ​នឹក​ចាំ​ព្រះ​ដែល​បាន​បង្កើត​អ្នក ខណៈ​ពេល​ដែល​អ្នក​នៅ​មាន​ឱកាស​ ។ បើ​អ្នក​មាន​អារម្មណ៍​ថា ឆ្នាំ​ល្អ​បំផុត​របស់​អ្នក​បាន​កន្លង​ផុត​ហើយ ចូរ​ចាំ​ថា ព្រះ​ទ្រង់​អាច «សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្ដូប ចង្រិត ដង្កូវ និង​ក្រា» (យ៉ូអែល ២:២៥) ។ ការ​នឹក​ចាំ​នៅពេល​ឥឡូវ​នេះ គឺ​ល្អ​ប្រសើរ​ជាង​ការ​រង​ទុក្ខ​អស់​កល្ប​ជានិច្ច ដោយ​ការ​ស្តាយ​ក្រោយ​ ។


ខគម្ពីរ​ជញ្ជឹង​គិត ៖ លូកា ៩:៥៧-៦២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុក​ដំកើង ១២៦-១២៨ និង ២កូរិនថូស ៨

ប្រភេទ