
អំណាចនៃការគិតបានត្រឹមត្រូវ
ដោយAlistair Begg
August 31, 2026
«មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ» ។ ភីលីព ៤:៨
មនុស្សជាច្រើនក្រោកពីដំណេកនៅពេលព្រឹកនៃថ្ងៃនីមួយៗ ដោយចិត្តថប់បារម្ភ ។ សេចក្តីសុខសាន្ត ឬសន្តិភាពរបស់ព្រះ «ដែលហួសលើសពីអស់ទាំងគំនិត» (ភីលីព ៤:៧) ហាក់ដូចជាមិនដែលបានឈោងទៅដល់យើង នៅពេលពាក់កណ្តាលអាធ្រាត្រ ឬនៅពេលដែលយើងបើកភ្នែកទេ ។ ផ្ទុយទៅវិញ ពេលព្រឹកឡើង យើងនិយាយប្រាប់ខ្លួនឯងថា «មានរឿងជាច្រើនដែលត្រូវគិត ។ មានរឿងជាច្រើនកំពុងវិលវល់ក្នុងគំនិតខ្ញុំ ។ ខ្ញុំមានបញ្ហាប្រឈមច្រើនណាស់» ។ ការមានគំនិតដូចនេះ ងាយនឹងធ្វើឲ្យយើងមានការថប់បារម្ភ ហើយមានអារម្មណ៍ណាយចិត្ត ក្នុងការអធិស្ឋាន ។
សាវ័កប៉ុលជួយយើងឲ្យឈ្នះភាពកម្សោយទាំងនេះ ក៏ដូចជាអារម្មណ៍ដែលធ្វើឲ្យយើងរកធ្វើអ្វីមិនកើត ដោយចង្អុលបង្ហាញយើង ឲ្យងាកទៅរកគុណធម៌ ដែលនឹងរំដោះការគិតរបស់យើងឲ្យមានសេរីភាព ។ គំនិតដែលមានពេញទៅដោយសេចក្តីអ្វី ដែលមានចែងក្នុងបទគម្ពីរ ភីលីព ៤:៨ មិនមានកន្លែងទំនេរ សម្រាប់ការថប់បារម្ភ ការរំខានដែលធ្វើឲ្យបាត់បង់សន្តិភាពក្នុងចិត្ត និងទស្សនៈដែលបំផ្លាញក្តីអំណរឡើយ ។
សាវ័កប៉ុលបានលើកទឹកចិត្តអ្នកអានសំបុត្ររបស់គាត់ ឲ្យបណ្ដុះក្នុងគំនិតរបស់ពួកគេ នូវសេចក្តីល្អជាច្រើន ដើម្បីឲ្យពួកគេមានរបៀបនៃការគិតបែបគ្រីស្ទាន ខុសពីលោកិយ ។ គាត់បង្រៀនថា គំនិតរបស់គ្រីស្ទានមិនមែនជាគំនិតដែលបានទទួលការបណ្ដុះបណ្តាល តែអំពី «ប្រធានបទគ្រីស្ទាន» នោះទេ តែជាគំនិត ដែលបានរៀនគិត អំពីអ្វីៗទាំងអស់ តាមទស្សនៈរបស់គ្រីស្ទាន ។ និយាយរួម របៀបដែលយើងគិត គឺជាកត្តាកំណត់ថា យើងជានរណា ។ ក្តីស្រឡាញ់របស់យើងបានទទួលបានបណ្តាលឡើង ក្នុងគំនិតរបស់យើង ហើយឆន្ទៈរបស់យើងក៏បានទទួលការដឹកនាំ តាមរយៈគំនិតរបស់យើងផងដែរ ។ ហើយក្នុងគំនិតរបស់យើង យើងដឹងអំពីសកម្មភាព ហើយក៏បង្កើតឲ្យមានសកម្មភាព ។ ហេតុនេះហើយ យើងត្រូវរៀនគិតឲ្យបានត្រឹមត្រូវ និងដោយកោតខ្លាចព្រះ ។
ព្រះគម្ពីរប៊ីបបានប្រាប់យើងឲ្យចេះគិតឲ្យបានស៊ីជម្រៅ តែមិនមែនប្រាប់ឲ្យគិត ដើម្បីគិតនោះទេ ។ ព្រះមិនបានត្រាស់ហៅគ្រីស្ទានឲ្យឡើងទៅលើកំពូលភ្នំ អង្គុយគិតម្នាក់ឯង អំពីរឿងខាងវិញ្ញាណតែមួយមុខ ដោយផ្តាច់ខ្លួនចេញ និងមិនខ្វល់ពីសង្គមនោះទេ ។ ផ្ទុយទៅវិញ សាវ័កប៉ុលបានបង្ហាញយើងឲ្យដឹងអំពីសេចក្តីដែលគួរគិត ដើម្បីជួយឲ្យយើងមានបំណងចិត្ត អាកប្បកិរិយា និងសីលធម៌ត្រឹមត្រូវ ។ ព្រះអង្គបានត្រាស់ហៅយើងម្នាក់ៗ ឲ្យរស់នៅក្នុងជីវិតពិត មិនមានការធ្វើពុត មានការគិតដិតដល់ មិនឡិកឡក់ គិតឲ្យបានត្រឹមត្រូវ មិនមែនគិតរកតែភាពសុខស្រួល គិតអំពីអ្វីដែលស្អាត មិនស្មោកគ្រោក គិតអំពីសេចក្តីស្រឡាញ់ មិនមែនសេចក្តីស្អប់ ហើយគិតអំពីការជ្រោងអ្នកដទៃឡើង មិនមែនទាញគេទម្លាក់ ។ និយាយឲ្យខ្លី ព្រះអង្គបានត្រាស់ហៅយើងឲ្យគិតដូចព្រះយេស៊ូវ ។
សាវ័កប៉ុលមិនបានបង្រៀនយើងឲ្យយឹតយោងខ្លួនឯងឡើង ដោយសមត្ថភាពរបស់យើងតែម្យ៉ាងនោះទេ ។ ការបង្រៀនក្នុងបទគម្ពីរខាងលើនេះ មិនមែនជាការអំពាវនាវឲ្យប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនោះទេ ។ ការធ្វើឲ្យខ្លួនឯងបរិសុទ្ធ ដោយពឹងអាងខ្លួនឯង មិនមែនជាបំណងព្រះទ័យព្រះទេ ។ គុណធម៌ដែលមានជាច្រើនមុខ ដែលសាវ័កប៉ុលបានលើកយកមកនិយាយ គឺជាផលផ្លែ ដែលបង្កើតឡើង នៅលើដើមឈើនៃសេចក្តីសង្គ្រោះ ។ ផលផ្លែនេះមានប្រភពចេញពីឫស ដែលបានចាក់ចូលជ្រៅក្នុងព្រះគុណព្រះ ។ ដូចនេះ ចូរអនុញ្ញាតឲ្យព្រះគុណព្រះបានប៉ះពាល់ចិត្តរបស់អ្នក ហើយហ្វឹកហាត់គំនិតរបស់អ្នក ឲ្យគិតអំពីសេចក្តីអ្វីដែលគួរសរសើរ ។ នៅពេលដែលឥទ្ធិពលទាំងនេះប្រសព្វគ្នា ជីវិតអ្នកនឹងបានឈានទៅដល់ការថ្វាយសិរីល្អដល់ព្រះ ។ ចូរដាក់គោលដៅ ដោយយកព្រះគុណ និងផលផ្លែនេះជាអាទិភាព ក្នុងការគិត នៅពេលដែលអ្នកក្រោកឡើងនៅថ្ងៃស្អែក ។
ខគម្ពីរជញ្ជឹងគិត ៖ ខគម្ពីរជញ្ជឹងគិត ៖ លូកា ៦:៤៣-៤៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ១៣២-១៣៤ និង ២កូរិនថូស ១០