នំម៉ាណាប្រចាំថ្ងៃ
ទេវសាស្ត្រ​អស់​មួយ​ជីវិត

ទេវសាស្ត្រ​អស់​មួយ​ជីវិត

ដោយAlistair Begg

September 1, 2026

«ទូល​បង្គំ​សូម​ដល់​ព្រះ មិនមែន​ឲ្យ​ត្រឹមតែ​ព្រះ​ករុណា​ប៉ុណ្ណោះ គឺ​ឲ្យ​អស់អ្នក​ដែល​ស្ដាប់​ទូល​បង្គំ​នៅ​ថ្ងៃ​នេះ​ថែម​​ទៀត​ផង ទោះបើ​នៅ​បន្តិច​ទៀត ឬ​យូរ​ទៅ​ទៀត​ក្ដី ឲ្យតែ​គ្រប់​គ្នា​បាន​ដូច​ទូល​បង្គំ លើកតែ​ចំណង​នេះ​ចេញ» ។ កិច្ចការ ២៦:២៩
ជំនឿ​របស់​សាវ័ក​ប៉ុល បាន​កើត​ចេញ​ពី​គុក​ភ្លើង​នៃ​ជីវិត​ ។ នៅពេល​ដែល​ជើង​របស់​គាត់ មិន​អាច​មាន​សេរី​ភាព​ដើរហើរ​ដូច​មុន គាត់​មាន​ទំនុក​ចិត្ត​កាន់តែ​ច្បាស់​ថា ព្រះ​ទ្រង់​កំពុង​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ ។ 
នៅ​ក្នុង​អំឡុង​ពេល​គាត់​​ជាប់​គុក​រយៈ​ពេល២ឆ្នាំ ក្នុង​ទីក្រុង​រ៉ូម គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​អេភេសូរ ភីលីព និង​កូល៉ុស និង​ទៅ​កាន់​មិត្តសំឡាញ់​របស់​គាត់ គឺ​លោក ​ភីលេម៉ូន​ ។ គឺ​ក្នុង​រដូវ​កាល​នៃ​ការ​រង​ទុក្ខ​នោះ​ហើយ ដែល​ព្រះ​ទ្រង់​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​សរសេរ​អំពី​ព្រះ​យេស៊ូវ​ថា «របស់​ទាំង​អស់​ក៏​នៅ​ស្ថិត​ស្ថេរ ដោយសារ​ទ្រង់» (កូល៉ុស ១:១៧)។ កាល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ គាត់​បាន​ជំរុញ​ពួកគេ​ឲ្យ​ទុក​ចិត្ត​ថា ព្រះ​ដែល​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​ដាក់​អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្រោម​ព្រះ​បាទ​របស់​ព្រះយេស៊ូវ (អេភេសូរ ១:២២)។ 
សេចក្តី​ពិត​ទាំង​នេះ​មិន​គ្រាន់តែ​ជា​ទ្រឹស្ដី​ប៉ុណ្ណោះ​ទេ​ ។ សាវ័ក​ប៉ុល​បាន​ពឹង​​ផ្អែក​លើ​សេចក្តី​ពិត​ទាំង​នេះ ក្នុង​អំឡុង​រដូវ​កាល​ពិបាក​បំផុត​នៃ​ជីវិត​គាត់​ ។
បទ​ពិសោធន៍​ដែល​សាវ័ក​ប៉ុល​ទទួល​បាន ពិត​ជា​បាន​ជួយ​គាត់​ឲ្យ​មាន​ការ​យល់​ដឹង​កាន់តែ​ស៊ី​ជម្រៅ​ថា គាត់​ត្រូវ​ការ​ដំណឹង​ល្អ​មិន​គ្រាន់តែ​ដើម្បី​ឲ្យ​បាន​សេចក្តី​សង្គ្រោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ផ្នែក​ទាំង​អស់​នៃ​ជីវិត​គាត់​ ។ យើង​ក៏​ត្រូវ​ការ​ដំណឹង​ល្អ​រាល់​ថ្ងៃ​ដែរ គឺ​ដំណឹង​ល្អ​ដែល​ថា ព្រះយេស៊ូវ​បាន​សុគត​ជំនួស​មនុស្ស​មាន​បាប ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​រាប់​យើង​ជា​សុចរិត ហើយ​ព្រះអង្គ​ក៏បាន​ចាត់​ព្រះ​វិញ្ញាណ ដើម្បី​​ញែក​យើង​ជា​បរិសុទ្ធ និង​គង់​សណ្ឋិត​ក្នុង​យើង​យ៉ាង​ពេញលេញ​ ។ ដំណឹង​ល្អ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត ក្នុង​ការ​ទន្ទឹង​រង់​ចាំ​ព្រះ​យេស៊ូវ​យាង​មកវិញ ហើយ​ក៏​បណ្តាល​ចិត្ត​យើង​ឲ្យ​មាន​ការ​យល់​ឃើញ​អំពី​លោកិយ តាម​ទស្សនៈ​នៃ​ស្ថាន​សួគ៌​ ។
លោក​គ្រូ ចន ស្តូត  (John Stott)មាន​អំណោយ​ទាន​បក​ស្រាយ​ការ​បង្រៀន​ធំៗ និង​ស្មុគស្មាញ ដោយ​ធ្វើ​ការ​បង្ហាញ​យ៉ាង​ច្បាស់ និង​ខ្លីៗ​ ។ គាត់​បាន​ពន្យល់​ថា ការ​ជាប់គុក​របស់​សាវ័ក​ប៉ុល មាន​អត្ថ​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ការ​យល់​ដឹង​របស់​គាត់ ផ្នែក​ទេវសាស្ត្រ ដោយ​វា​​បាន​កែ​ប្រែ​របៀប​ដែល​សាវ័ក​ប៉ុល​មើល​ឃើញ​អ្វីៗ ពង្រីក​ការ​យល់​ដឹង​អំពី​គោលបំណង​របស់​ព្រះ ធ្វើ​ឲ្យ​ភ្នែក​ខាង​វិញ្ញាណ​របស់​គាត់​កាន់តែ​មុត​ស្រួច ហើយ​ធ្វើ​ឲ្យ​ទី​បន្ទាល់​របស់​គាត់ កាន់តែ​មាន​អំណាច...» ។68 ច្រវាក់​នៅ​ជាប់​ជើង​គាត់ មិន​បាន​នាំមក​នូវ​ឱកាស​សម្រាប់​ឲ្យ​គាត់​ខក​ចិត្ត ឬ​ស្តាយ​ក្រោយ​នោះ​ទេ​ ។ ផ្ទុយ​ទៅវិញ ទុក្ខ​លំបាក​​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ហត់នឿយ និង​ពឹង​ផ្អែកលើ​ព្រះ បាន​កែ​ប្រែ​ទស្សនៈ​របស់​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​កាន់តែ​វែង​ឆ្ងាយ​ ។ គាត់​អាច​ឈរ​នៅ​ចំពោះ​ពួក​អភិបាល​ជា​សាសន៍​រ៉ូម៉ាំង ព្រម​ទាំង​ឈរ​នៅ​ចំពោះ​ស្តេច និង​អង្គ​មហេសី​របស់​ស្តេច ហើយ​និយាយ​ថា អ្វី​ដែល​អ្នក​មាន អ្នក​មិន​អាច​រក្សា​ទុក​វា​បាន​ទេ​ ។ អ្វី​ដែល​ខ្ញុំ​មាន នឹង​មិន​បាត់បង់​ទៅណា​ឡើយ​ ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​បាន​ដូច​ខ្ញុំ​ដែរ គឺជា​មនុស្ស​មាន​បាប ដែល​បាន​សង្គ្រោះ ដោយសារ​ព្រះគុណ​ព្រះ និង​ជា​អ្នក​ទទួល​ជីវិត​អស់​កល្ប​ជា​មរតក​ ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ជាប់​ច្រវាក់​ដូច​ខ្ញុំ​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​មាន​ជំនឿ​ដូច​ខ្ញុំ​ដែរ​ ។
សាវ័ក​ប៉ុល​បាន​ដក​ពិសោធន៍​នឹង​សេចក្តី​ពិត​នេះ ដែល​គាត់​បាន​បក​ស្រាយ​ក្នុង​សំបុត្រ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម កាល​ប៉ុន្មាន​ឆ្នាំ​មុន​ថា «យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំរិះ​ទ្រង់» (រ៉ូម ៨:២៨)។ គឺ​មិន​គ្រាន់​​​សម្រាប់​ជា​សេចក្តី​ល្អ​ដល់​សាវ័ក​ប៉ុល​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ផង​ដែរ​ ។ តើ​អ្នក​កំពុង​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក​ដែល​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​ឬ​ទេ? ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! អ្នក​មាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​ត្រូវ​ការ ហើយ​មិន​អាច​បាត់បង់​បាន​ឡើយ​ ។ គ្រប់​ទាំង​ភាព​មាន​បាន និង​ភាព​សុខ​ស្រួល ដែល​លោកិយ​នេះ​អាច​ផ្តល់​ឲ្យ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​អ្វី​ដែល​អ្នក​មាន ក្នុង​ដំណឹង​ល្អ​បានទេ គឺ «ព្រះគ្រីស្ទ​ទ្រង់​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជាទី​សង្ឃឹម​យ៉ាង​ឧត្ដម» (កូល៉ុស ១:២៧)។ ទេវសាស្ត្រ​របស់​គ្រីស្ទបរិស័ទ មិនមែន​ជា​ការ​សន្យា​ផ្តល់​ឲ្យ​ភាព​សុខ​ស្រួល ​ក្នុង​វិមាន​ស្កឹមស្កៃ​​នៅ​លើ​ផែនដី តែ​ជា​ការ​កម្សាន្ត​ចិត្ត និង​កំឡា​ចិត្ត ក្នុង​ទុក្ខ​លំបាក​ ។ សូម​ឲ្យ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​បាន​ចម្រើន​កម្លាំង​វិញ្ញាណ​របស់​អ្នក ហើយ​កែ​ប្រែ​ទស្សនៈ​របស់​អ្នក ខណៈ​ពេល​ដែល​អ្នក​ឱប​ក្រសោប​នឹង​ក្តី​សង្ឃឹម ដែល​ព្រះគ្រីស្ទ​បាន​បង់​ថ្លៃលោះ ដើម្បី​ប្រទាន​ដល់​អ្នក​ ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ កិច្ចការ ២៦:១-២៩
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ទំនុក​ដំកើង ១៣៥-១៣៦ និង ២កូរិនថូស ១១:១-១៥

ប្រភេទ