
ចំណុចពិបាកយល់របស់ដំណឹងល្អ
ដោយAlistair Begg
September 2, 2026
«ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ» ។ រ៉ូម ៨:១
តើអ្នកធ្លាប់ខកចិត្តចំពោះខ្លួនឯងទេ? ការធ្វើដំណើររបស់អ្នកឆ្ពោះទៅរកសេចក្តីបរិសុទ្ធ ប្រហែលជាមានភាពយឺតយ៉ាវយ៉ាងខ្លាំង ។ ជីវិតរបស់អ្នកប្រហែលជាមានដំណើរការ ដូចច្បាប់ទីបីរបស់លោក ញូតុន ក្នុងរូបវិទ្យា ដែលក្នុងនោះ ជ័យជម្នះនីមួយៗដែលអ្នកទទួលបានច្រើនប៉ុណ្ណា នោះអ្នកក៏ទទួលបានបរាជ័យច្រើនប៉ុណ្ណោះដែរ ។
មិនមែនមានតែអ្នកទេ ដែលជួបរឿងនេះ ។ សូម្បីតែសាវ័កប៉ុល ជាគ្រីស្ទបរិស័ទមានជំនឿខ្លាំង ក៏បានបង្ហាញការខកចិត្តធ្ងន់ធ្ងរ ចំពោះការតយុទ្ធនឹងអំពើបាបរបស់គាត់ថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្ដីស្លាប់នេះទៅបាន?» (រ៉ូម ៧:២៤)។ ពេលដែលយើងបានអាន អំពីការលំបាករបស់គាត់ យើងគួរតែពិចារណាថា តើយើងមានការខកចិត្តគ្រប់គ្រាន់ ចំពោះបរាជ័យរបស់យើងដែរឬទេ? និយាយរួម បើមាននរណាម្នាក់មានការស្រែកយំ ក្នុងការសិក្សាព្រះគម្ពីរ នៅព្រះវិហារ ដោយទំនួញអំពីការអាក្រក់ដែលអ្នកបានប្រព្រឹត្ត គេទំនងជាយល់ឃើញថា វាជារឿងចម្លែក! ប៉ុន្តែ សាវ័កប៉ុលបានដឹងថា ក្នុងពេលដែលគាត់បរាជ័យ ទោះបាបគាត់មានភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏វាមិនមែនជាអ្នកសម្រេចជោគវាសនារបស់គាត់ឡើយ ។ ក្នុងខគម្ពីរបន្ទាប់ គាត់ក៏បាននិយាយអំពីក្តីសង្ឃឹមយ៉ាងដូចនេះថា «អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា» (រ៉ូម ៧:២៥)។ បន្ទាប់ពីគាត់បានលើកឡើងអំពីបញ្ហានោះម្តងទៀត ក្នុងប្រយោគបន្ទាប់ យើងក៏បានឈានទៅដល់ចំណុចខ្ពស់បំផុតនៃខគម្ពីរ ក្នុងបទគម្ពីររ៉ូម ជំពូក៨ ដែលបានចាប់ផ្តើមដោយការសន្យាដ៏រុងរឿងថា នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ។
ហេតុអ្វីសាវ័កប៉ុលបានឆ្លើយតប ចំពោះបរាជ័យក្នុងការតយុទ្ធនឹងបាប ដោយនិយាយថា «សូមអរព្រះគុណព្រះអង្គ»? គឺដោយសារ «នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ» ។ គ្មានទោស ក្នុងពេលសព្វថ្ងៃ និងជារៀងរហូត! ត្រង់ចំណុចនេះ យើងឃើញថា ដំណឹងល្អមានចំណុចមួយដែលពិបាកយល់ : ខ្ញុំទន់ខ្សោយ បរាជ័យ និងមានទោស តែទន្ទឹមនឹងនោះ ក្នុងព្រះគ្រីស្ទ ខ្ញុំមានសុវត្ថិភាព ខ្ញុំនៅជាប់ព្រះគ្រីស្ទ ហើយព្រះអង្គស្រឡាញ់ខ្ញុំ ។ តើរឿងនេះអាចកើតឡើងដោយរបៀបណា? ដើម្បីឆ្លើយសំណួរនេះ យើងអាចក្រឡេកមកក្រោយ មើលពាក្យ «ដូច្នេះ» មួយទៀត ក្នុងកណ្ឌគម្ពីររ៉ូម ដែលបានចែងថា «ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ» (រ៉ូម ៥:១)។ យើងមិនសមនឹងទទួលព្រះគុណឡើយ ។ ព្រះទ្រង់អាចទុកឲ្យយើងលិចលង់នៅក្នុងបាបរបស់យើង ។ តែផ្ទុយទៅវិញ តាមរយៈព្រះយេស៊ូវ ព្រះអង្គបានប្រទានយើងនូវសន្តិភាព ហើយប្រទានក្តីសង្ឃឹមដល់យើង ។ ព្រះអង្គបានរាប់យើងជាសុចរិត ដោយព្រះយេស៊ូវបានទទួលទោសជំនួសយើង ដើម្បីកាលណាព្រះវរបិតាទតមើលយើង ព្រះអង្គឃើញព្រះយេស៊ូវ និងភាពល្អឥតខ្ចោះរបស់ព្រះអង្គ ។
យើងរាល់គ្នាសុទ្ធតែមានបាប ហើយយើងនៅតែមានបាប ក្នុងពេលសព្វថ្ងៃ ។ ប៉ុន្តែ ព្រះអង្គក៏ស្រឡាញ់យ៉ាងខ្លាំង ដោយបានអត់ទោសឲ្យយើងទាំងស្រុង ហើយក៏ឲ្យយើងរួចទោស ។ ចូរកុំគ្របសង្កត់ ឬមិនអើពើចំពោះការខកចិត្តដែលអ្នកមាន ចំពោះភាពខ្វះចន្លោះ និងបរាជ័យរបស់អ្នក ក្នុងការតយុទ្ធនឹងបាបឡើយ ។ ចូរប្រើវាជាឱកាស ដើម្បីងាកមករកព្រះយេស៊ូវ ដោយការដឹងគុណ និងមានភាពធូរស្បើយ ។ ពេលណាយើងបានដឹងអំពីបាបរបស់យើងកាន់តែច្រើនប៉ុណ្ណា យើងក៏នឹងបានដឹងកាន់តែច្បាស់ អំពីសេចក្តីពិតដែលថា អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ មិនមានទោសទៀតទេ ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ១០៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ១៣៧-១៣៩ និង ២កូរិនថូស ១១:១៦-៣៣