នំម៉ាណាប្រចាំថ្ងៃ
គ្មាន​ជ័យ​ជម្នះ​ធំជាង​នេះ​ទៀត

គ្មាន​ជ័យ​ជម្នះ​ធំជាង​នេះ​ទៀត

ដោយAlistair Begg

September 4, 2026

«ហេតុ​នោះ នៅ​ជាន់​នេះ អ្នកណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ» ។ រ៉ូម ៨:១
មាន​ការ​យល់​ច្រឡំ​ជា​ទូទៅ​មួយ អំពី​ជំនឿ​លើ​ព្រះគ្រីស្ទ ដែលគេ​យល់​ឃើញថា ព្រះ​ទ្រង់ទត​ឃើញ​មនុស្ស​ម្នាក់ៗ​ជាតា​រាង​ពិន្ទុ ដែល​ចែក​ចេញ​ជា​ពីរ​ ។ ម្ខាង​កត់​ត្រា​អំពី​អំពើបាប និង​បរាជ័យ​ក្នុង​ការ​ត​យុទ្ធ​នឹង​អំពើបាប ហើយ​ម្ខាង​ទៀត កត់ទុក​ការ​ល្អ និង​ជ័យ​ជម្នះ​ដែល​យើង​មាន​មក​លើ​បាប​ ។ គេ​សន្និដ្ឋាន​ថា ដរាបណា អំពើ​ល្អ​របស់​យើង មាន​ច្រើន​ជាង​អំពើ​អាក្រក់ នោះ​គឺ​គ្រប់​គ្រាន់​ល្មម​នឹង​ឲ្យ​ព្រះ​ទ្រង់​ទទួលយក​យើង​ ចូល​ស្ថាន​សួគ៌​ហើយ ប៉ុន្តែ តើ​នេះ​ជា​ការ​ពិត​ទេ? ប៉ុន្តែ តាម​ពិត បើ​យើង​រាប់​បាប​របស់​យើង ធៀប​នឹង​ចំនួន​ការ​ស្តាប់​​បង្គាប់​របស់​យើង យើង​តែងតែ​គ្មាន​សង្ឃឹមថា​នឹង​រួច​ពី​បាប​ឡើយ​ ។ គឺ​មិន​អាច​ប្រកួត​គ្នា​បានទេ​ ។ គឺ​ដូចជា​ក្រុម​កីឡាករ​អាជីព​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​កុមារ​យ៉ាង​ដូច្នោះ​ដែរ​ ។ ទោះជា​យ៉ាងណា​ក៏ដោយ មាន​មនុស្ស​ជា​ច្រើន​បាន​បោក​ខ្លួនឯង ឲ្យ​គិតថា យើង​មាន​ពេល​វេលា សម្រាប់​ធ្វើ​ល្អ​ឡើង​វិញ មុន​ពេល​យើង​ស្លាប់ ឬ​ខិតខំ​ធ្វើ​អំពើ​ល្អ ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​មាន​ជ័យ​ជម្នះ​លើ​បាប​ ។ ការ​គិត​ឃើញ​ដូច​នេះ មិន​បាន​ស្រប​តាម​ដំណឹង​ល្អ​នោះ​ទេ​ ។ ហើយ​បាន​មើល​រំលង​ព្រះគុណ​ព្រះ​ទាំងស្រុង​ ។
យើង​អាច​ឈរ​នៅ​ចំពោះ​ព្រះ​បាន មិនមែន​ដោយសារ​ពិន្ទុ នៃ​ការ​ប្រព្រឹត្ត​ល្អ​នោះ​ទេ​ ។ តែ​គឺ​ដោយសារ​ការ​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង​ ។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ ​នៅ​ទីក្រុង​អេភេសូរ គាត់​បាន​បញ្ជាក់​ថា សេចក្តី​សង្គ្រោះ «មិនមែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺជា​អំណោយ​ទាន​របស់​ព្រះ​វិញ» (អេភេសូរ ២:៨)។ ព្រះគ្រីស្ទ​មាន​ពិន្ទុ​ល្អ​ឥត​ខ្ចោះ ដែល​បាន​ជំនួស​ឲ្យ​ពិន្ទុ​របស់​យើង គឺជា​អំណោយ​ឥត​គិត​ថ្លៃ​ ។ យើង​មិន​អាច​ខំ​ធ្វើ​ការ​ល្អ ឲ្យ​មាន​សេចក្តី​សុចរិត​ដែល​ឥត​ខ្ចោះ ដូច​ព្រះអង្គ​បាន​ឡើយ​ ។
នៅពេល​ដែល​អ្នក​ចាប់​ផ្តើម​យល់​អត្ថន័យ​របស់​ដំណឹង​ល្អ អ្នក​ប្រហែល​ជា​គិតថា ដំណឹង​ល្អ​ហាក់​ដូចជា​ផ្តល់​ភាព​ងាយ​ស្រួល​ពេក អ្នក​មិន​អាច​ជឿ​បានទេ​ ។ តើ​នរណា​សក្តិ​សមនឹង​ទទួល​ព្រះ​គុណ​ដ៏​លើស​លប់​ដូច​នេះ? ប៉ុន្តែ នោះ​ហើយ​ជា​អត្ថន័យ​នៃ​ព្រះគុណ​ព្រះ​ ។ សេចក្តី​សង្គ្រោះ​របស់​យើង​គឺជា​អំណោយ ដែល​យើង​មិន​សមនឹង​ទទួល​ទាល់តែសោះ​ ។ យើង​មិន​សមនឹង​ទទួល​នៅពេល​ឥឡូវ​នេះ ហើយក៏​មិន​អាច​ទទួល ដោយ​សមត្ថ​ភាព​ខ្លួនឯង​បាន​ដែរ​ ។ ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​ប្រទាន​សេចក្តី​មេត្តា​ដល់​យើង​ ។ ព្រះ​អង្គ​ប្រកាស​ថា យើង​មាន​ជ័យ​ជម្នះ មិនមែន​ការ​ដាក់​ទោស​ទេ! គឺ​ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ​តែ​ប៉ុណ្ណោះ​ ។
ក្នុង​ការ​រស់នៅ​ជា​គ្រីស្ទបរិស័ទ យើង​ចេះតែ​ចង់​ដាក់​ពិន្ទុ​ឲ្យ​ខ្លួនឯង​ឡើយ​ ។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី គាត់​បាន​ជំរុញ​ពួកគេ​មិន​ឲ្យ​បោះបង់ចោល​ព្រះគុណ​ព្រះ​ឡើយ​ ។ យើង​តែងតែ​ចាំ​បាច់​ត្រូវ​តយុទ្ធ ដើម្បី​ឲ្យ​នឹក​ចាំ​ថា គឺ​ដោយសារ​ព្រះគ្រីស្ទ​ ហើយ​ទាល់តែ​នៅ​ក្នុង​ព្រះគ្រីស្ទ មិនមែន​ក្នុង​ការ​ប្រព្រឹត្ត​របស់​យើង​ទេ ទើប​យើង​អាច​អរ​សប្បាយ ដោយ​ដឹង​ថា យើង «មិន​មាន​ទោស​» ។ តើ​អ្នក​បាន​បាត់បង់​អំណរ​ចំពោះ​សេចក្តី​សង្គ្រោះ​​ហើយ​ឬ? អ្នក​បាត់បង់​អំណរ ទំនង​ដោយសារ​អ្នក​មើល​ទៅ​ខ្លួនឯង​ខ្លាំង​ពេក ហើយ​មើលទៅ​ព្រះយេស៊ូវ​តិច​ពេក​ ។ ក្នុង​ការ​រស់នៅ​ជា​គ្រីស្ទាន អ្នក​មិន​ចាំបាច់​ត្រូវ​អស់​សង្ឃឹម ហើយក៏​មិន​ត្រូវ​មាន​អំនួត​ឡើយ ព្រោះ​អ្នក​មិនមែន​ជា​ចំណុច​ស្នូល​នៃ​សេចក្តី​សង្គ្រោះ​ទេ តែ​ព្រះយេស៊ូវ​ទេ ដែល​ជា​ចំណុច​ស្នូល​ ។ 
ក្នុង​ព្រះយេស៊ូវគ្រីស្ទ ព្រះ​ទ្រង់​ប្រទាន​ជ័យ​ជម្នះ​ ។ គ្មាន​អំណោយ​ល្អ​ជាង គ្មាន​ជ័យ​ជម្នះ​ធំជាង និង​គ្មាន​អំណរ​ប្រសើរ​ជាង​នេះ​ឡើយ​ ។
 


ខគម្ពីរ​ជញ្ជឹង​គិត៖ កាឡាទី ៤:២១-៥:១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ទំនុក​ដំកើង ១៤៣-១៤៥ និង ២កូរិនថូស ១៣
 

ប្រភេទ