នំម៉ាណាប្រចាំថ្ងៃ
ព្រះអង្គ​ដែល​ចាត់​យើង​ចេញទៅ

ព្រះអង្គ​ដែល​ចាត់​យើង​ចេញទៅ

ដោយAlistair Begg

September 5, 2026

«រួច​ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ម្ដង​ទៀត​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​សេចក្ដី​សុខ​សាន្ត ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូចជា​ព្រះវរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ​ ។ ទ្រង់​មាន​បន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​បន្ទូល​ថា ចូរ​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ​ចុះ» ។ យ៉ូហាន ២០:២១-២២
ព្រះយេស៊ូវ​បាន​យាង​ចុះ​មក​ផែនដី ក្នុង​នាម​ជា​មនុស្ស​ម្នាក់ ដែល​មាន​បេសកកម្ម​មួយ ហើយ​ព្រះ​អង្គ​បាន​យាង ទៅ​ស្ថាន​សួគ៌​វិញ ដោយ​ត្រាស់ហៅ​រាស្រ្ត​ទ្រង់​ឲ្យ​ធ្វើ​បេសកកម្ម​នោះ​ដែរ​ ។
ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ច្បាស់​ពីដើម​ដំបូង​ថា ព្រះ​អង្គ​បាន​យាង​មក​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ ។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា «ពេល​វេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មកដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ» (ម៉ាកុស ១:១៥)។ ដំណឹង​ល្អ​គឺជា​សេចក្តី​ពិត​រហូត​មកដល់​ពេល​សព្វថ្ងៃ ហេតុ​នេះ​ហើយ នៅពេល​ដែល​ការ​ធ្វើ​ដំណើរ​របស់​ព្រះ​អង្គ​នៅ​លើ​ផែនដី ជិត​ដល់ទី​បញ្ចប់ ព្រះអង្គ​ចាត់​សិស្ស​ព្រះអង្គ​ឲ្យ​ចេញទៅ​បន្ត​បេសកកម្ម​នោះ​ ។ ក្នុង​ការ​បង្ហាញ​អង្គ​ទ្រង់​ដល់​មិត្តសំឡាញ់​ទ្រង់ នៅពេល​ល្ងាច នៅ​ថ្ងៃ​អា​ទិត្យ​ដំបូង​នៃ​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ក៏បាន​បង្គាប់​ពួកគេ​ឲ្យ​ប្រកាស​អំពី​ផ្លូវ​នៃ​ការ​អត់​ទោស​បាប ហើយ​ទន្ទឹម​នឹង​នោះ ព្រះអង្គ​ក៏បាន​ក្រើន​រំឭក​ពួក​គេ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ពួកគេ ខណៈ​ពេល​ដែល​ព្រះអង្គ​គង់នៅ​ស្ថាន​សួគ៌​ ។
សម្រាប់​ពួក​សាវ័ក រយៈ​ពេល​ពីរបី​ថ្ងៃ​មុន ពួកគេ​មាន​ការ​ពិបាក​ជា​ពន់​ពេក​ ។ ក្នុងរយៈ​ពេលតែ៧២ម៉ោង ពួកគេ​បាន​ធ្វើ​ពិធី​លៀង​ព្រះអម្ចាស់​រួម​គ្នា​ជា​លើក​ដំបូង ហើយក៏​បាន​ឃើញ​ព្រះ​អង្គ​សង្គ្រោះ ដែល​ជា​មិត្តសំឡាញ់​របស់​ពួកគេ ត្រូវ​គេ​កាត់​ទោស និង​ឆ្កាង ហើយក៏​បាន​ចាប់​ផ្តើម​មាន​ការ​សោក​សង្រេង ជា​ពន់​ពេក​ ។ ប៉ុន្តែ ការ​សោក​សង្រេង​របស់​ពួកគេ​បាន​ប្រែ​ជា​អំណរ ដោយសារ​ព្រះ​យេស៊ូវ​យាង​មក​រក​ពួកគេ បន្ទាប់ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ ។ ចាប់​តាំងពី​ពេល​នោះ​មក ពួកគេ​ត្រូវ​ចេញទៅ​ធ្វើ​តាម​បង្គាប់​ទ្រង់ ដោយ​ប្រកាស អំពី​រឿង​ដ៏​អស្ចារ្យ​នេះ និង​ដំណឹង​ល្អ ការ​អត់​ទោស ព្រម​ទាំង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ ។ បុរស​មួយ​ក្រុម​នោះ​រស់នៅ ដើម្បី​បេសកកម្ម​នេះ ហើយ​ពួក​គេ​ភាគ​ច្រើន ក៏បាន​ស្លាប់​ដោយសារ​បេសកកម្ម​នេះ​ដែរ​ ។ 
ពីរបី​សប្តាហ៍​ក្រោយមក គេ​ក៏បាន​ឃើញ​លោក ​ពេត្រុស​អធិប្បាយ​ព្រះបន្ទូល​ ។ គាត់​បាន​ចាប់​ផ្តើម​ការ​អធិប្បាយ​នោះ​ដោយ​ពាក្យ​ថា :ឱ​ពួក​សាសន៍​​អ៊ីស្រាអែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ ព្រះយេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត ដែល​ព្រះ​បាន​សំដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ការ​ឫទ្ធិ​បារមី ការ​អស្ចារ្យ​នឹង​ទី​សំគាល់ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ នៅ​កណ្ដាល​អ្នក​រាល់​គ្នា ដោយសារ​ទ្រង់ ដូចជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ព្រះអង្គ​នោះ​ទ្រង់​ត្រូវ​បញ្ជូន​ទៅ តាម​ការ​សំរេច នឹង​បុព្វញាណ​នៃ​ព្រះ ហើយ​អ្នក​រាល់​គ្នា​បាន​ចាប់​ទ្រង់ ដោយសារ​ដៃ​មនុស្ស​ទទឹង​ច្បាប់ ព្រម​ទាំង​ឆ្កាង​សំឡាប់​ទ្រង់​ផង​ ។ ប៉ុន្តែ ព្រះ​បាន​ប្រោស​ទ្រង់ ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​បាន​ស្រាយ​ចំណង​នៃ​សេចក្ដី​ស្លាប់​ចេញ ពីព្រោះ​សេចក្ដី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំ​ឃាំង​ទ្រង់​ទុក​បាន​ឡើយ (កិច្ចការ ២:២២-២៤)។
លោក ​ពេត្រុស​ក៏បាន​លើក​ឡើង អំពី​ស្ថានភាព​ដែល​អ្នក​ស្តាប់​របស់​គាត់ កំពុង​ប្រឈម​មុខ​ដាក់ : ដែល​ក្នុង​នោះ ពួកគេ​ជា​មនុស្ស​បះបោរ​ទាស់​នឹង​ព្រះ មិន​សក្តិ​សមនឹង​សេចក្តី​ល្អ​របស់​ព្រះអង្គ​ទេ ដោយ​ពួក​គេ​បាន​បដិសេធ​ក្សត្រ ដែល​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​មក​រស់នៅ ក្នុង​ចំណោម​ពួកគេ ហើយ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួកគេ​ ។ ប៉ុន្តែ ព្រះអង្គ​ក៏បាន​ដាក់​ទោស​ព្រះរាជបុត្រា​តែមួយ​របស់​ទ្រង់ ជំនួស​មនុស្ស​មាន​បាប ហើយ​ប្រទាន​ការ​អត់​ទោស​បាប​ដល់​ពួកគេ តាមរយៈ​ការ​ប្រកាស​របស់​ពួក​សាវ័ក​​ទ្រង់​ ។ ព្រះគ្រីស្ទ​បាន​ត្រាស់ហៅ​យើង​រាល់​គ្នា ឲ្យ​ចែក​ចាយ អំពី​ហេតុផល​ដែល​យើង​មាន​ក្តី​សង្ឃឹម  (១ពេត្រុស ៣:១៥)តាម​គំរូ​របស់​ពួក​សាវ័ក​ទ្រង់​ ។ យើង​ស្ថិត​ក្នុង​ការ​ហ៊ុមព័ទ្ធ​នៃ​សេចក្តី​ស្លាប់ ភាព​អស់​សង្ឃឹម ចន្លោះ​ប្រហោង ការ​ស្តាយ​ក្រោយ និង​ការ​ភ័យ​ខ្លាច​ ។ យើង​តែងតែ​ចូល​ទៅ​ក្នុង​ពេល​អនាគត ដែល​យើង​បាន​ដឹង​ជាមុន​ ។ មនុស្ស​ដែល​ស្ថិត​ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​យើង ចាំបាច់​ត្រូវ​ដឹង​ថា មានតែ​ព្រះយេស៊ូវ​ទេ ដែល​អាច​ប្រទាន​ការ​អត់​ទោស និង​សន្តិភាព​ ។ សូម​សរសើរ​ដំកើង​ព្រះ ដែល​បាន​ចាត់​ព្រះ​វិញ្ញាណ​មក​សណ្ឋិត​លើ​យើង​រាល់​គ្នា​ ។ តើ​អ្នក​នឹង​និយាយ​ទៅ​កាន់​អ្នក​ដទៃ​ដូច​ម្តេច​ខ្លះ បើ​អ្នក​បាន​ដឹង​ថា អ្នក​ត្រូវ​បាន​ព្រះ​ទ្រង់​ចាត់ ឲ្យ​មាន​ចំណែក​ក្នុង​បេសកកម្ម​របស់​ព្រះអង្គ? ព្រះយេស៊ូវ​មាន​បន្ទូល​ថា «ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូចជា​ព្រះវរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ» ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ យ៉ូហាន ២០:១៩-២១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ទំនុក​ដំកើង ១៤៦-១៤ ៧ និង យ៉ូហាន ១:១-២៨

ប្រភេទ