
ចិត្តដែលពេញដោយអំណរ
ដោយAlistair Begg
September 6, 2026
«ហាណាក៏អធិស្ឋានថា ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ ស្នែងខ្ញុំម្ចាស់បានថ្កើងឡើងដោយនូវព្រះយេហូវ៉ា មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំម្ចាស់ ដោយព្រោះខ្ញុំម្ចាស់មានសេចក្ដីអំណរចំពោះសេចក្ដីសង្គ្រោះរបស់ទ្រង់» ។ ១សាំយ៉ូអែល ២:១
យើងមិនអាចនិយាយថា យើងសរសើរតម្កើងព្រះច្រើនពេក ឬចិត្តយើងមានពេញដោយអំណរខ្លាំងពេក ក្នុងការស្រឡាញ់រាស្រ្តរបស់ព្រះអង្គ ។ យើងគួរតែប្រញាប់សរសើរដំកើងព្រះ ពេលណាយើងអាចមើលឃើញព្រះអង្គធ្វើការក្នុងជីវិតយើង តែយើងគួរតែប្រញាប់មើលឃើញថា ព្រះពរដែលយើងបានទទួល ក៏ជាសេចក្តីល្អ សម្រាប់រាស្រ្តព្រះអង្គជាទូទៅ ។ ព្រះគម្ពីរប៊ីបបានចែងអំពីរឿងនេះម្តងហើយម្តងទៀត ។ ជាក់ស្តែង ក្នុងបទគម្ពីរ ១សាំយ៉ូអែល នៅពេលដែលនាងហាណា ស្វែងរកជំនួយពីព្រះអម្ចាស់ នាងបានប្រើពាក្យពេចន៍ដែលបង្ហាញទំនាក់ទំនងរវាងរឿងរបស់នាង ជាមួយរាស្រ្តរបស់ព្រះ គឺមិនមែននិយាយតែអំពីកាលៈទេសៈរបស់នាងប៉ុណ្ណោះឡើយ (១សំយ៉ូអែល ១:១១)។ នាងបានទូលសូមព្រះអម្ចាស់មើលមកនាង តាមរបៀបដែលព្រះអង្គធ្លាប់បានទតមើលរាស្រ្តរបស់ទ្រង់ កាលពីសម័យមុន ។
នៅពេលដែលព្រះអង្គប្រទានបុត្រា ដែលនាងប្រាថ្នាចង់បាន នាងក៏បានប្រើពាក្យពេចន៍ ដែលគេតែងតែប្រើក្នុងពិធីរំឭកអំពីការរំដោះដ៏ធំរបស់ព្រះសម្រាប់រាស្រ្តអ៊ីស្រាអែល ។ បន្ទាប់ពីរាស្រ្តរបស់ព្រះបានទទួលការប្រោសលោះឲ្យរួចពីភាពជាទាសករនៅទឹកដីអេស៊ីព្ទ ដោយព្រះចេស្តាព្រះ ភ្លាមៗនោះ លោក ម៉ូសេក៏បានចម្រៀងបទចម្រៀងរបស់គាត់ ហើយនាងម៉ារាម ក៏បានរាំនាំមុខ ដោយប្រើក្រាប់ជាឧបករណ៍ភ្លេង (និក្ខមនំ ១៥)។ នាងហាណា ក៏មានបទចម្រៀងសម្រាប់ច្រៀង ដែលជាពាក្យអធិស្ឋានអរព្រះគុណព្រះផងដែរ ។ ហើយការអធិស្ឋានរបស់នាង ក៏បានកាត់ផ្តាច់ចំណងនៃកាលៈទេសៈរបស់នាង ។ នាងអរសប្បាយ ដែលបានឃើញទំនាក់ទំនងរវាងការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់នាង និងការអ្វីដែលព្រះអង្គកំពុងធ្វើសម្រាប់រាស្រ្តទ្រង់ជារួម ។
នៅពេលដែលនាងធ្វើដូចនេះ ចិត្តរបស់នាងក៏មានពេញដោយអំណរ ។ នៅពេលដែលគេប្រើពាក្យ «ចិត្ត» នៅក្នុងព្រះគម្ពីរ ពាក្យនេះនិយាយសំដៅទៅលើចំណុចកណ្តាលនៃជីវិតរបស់យើង ដែលរាប់បញ្ចូលគំនិត ឆន្ទៈ និងអារម្មណ៍ដែលស្រឡាញ់ ។ ដូចនេះ នៅពេលដែលនាងហាណាពោលថា «ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ» គឺនាងកំពុងតែបង្ហាញថា ចំណុចកណ្តាលនៃជីវិតរបស់នាង កំពុងតែស្ញប់ស្ញែងនឹងភាពធំឧត្តមរបស់ព្រះអង្គ ។ បបូរមាត់នាងបានបន្លឺសម្លេងថ្លែង អំពីក្តីអំណរដែលមានពេញក្នុងចិត្តនាង ។ ដែលនាងហាណាបានច្រៀងសរសើរដំកើងព្រះ តាមគំរូនាងម៉ារាមជាយ៉ាងណា នោះរយៈពេល១ពាន់ឆ្នាំក្រោយមក សេចក្តីអធិស្ឋានរបស់នាងហាណា ក៏មានស្ត្រីម្នាក់ទៀតបានយកមកប្រើ ក្នុងការច្រៀងសរសើរព្រះ តាមរបៀបស្រដៀងគ្នាផងដែរ ។ យើងអាចដឹងច្បាស់ថា នាងម៉ារា បានស្គាល់សេចក្តីអធិស្ឋានរបស់នាងហាណា ហើយប្រហែលថែមទាំងបានយកលំនាំតាមផងដែរ ដោយបន្តគំរូនៃការអរសប្បាយក្នុងកិច្ចការដែលព្រះទ្រង់ធ្វើដោយព្រះចេស្តា (លូកា ១:៤៦-៥៥)។
ចុះចំណែកយើងវិញ? តើយើងឆ្លើយតប ដោយអំណរស្រដៀងនេះ នៅពេលដែលព្រះទ្រង់ធ្វើការក្នុងជីវិតយើងផ្ទាល់ៗខ្លួន និងក្នុងចំណោមរាស្រ្តរបស់ព្រះអង្គជារួមទេ? ឬយើងយល់ឃើញថា ការសរសើរដំកើងរបស់នាងហាណា មានការបង្ហាញអារម្មណ៍ខ្លាំងជ្រុល? តើយើងនឹងឆ្លើយតបដូចម្តេច បើសិនជា «នាងម៉ារាម» ក្រោកឈរឡើង ហើយចាប់ផ្តើមលេងភ្លេង ដោយប្រើក្រាប់? ជួនកាល យើងក៏មានការបង្ហាញអារម្មណ៍ខ្លាំងពេក ក្នុងការសរសើរដំកើងផងដែរ ។ យើងច្រៀងក្នុងព្រះវិហារ អំពីកម្លាំង ព្រះចេស្តា និងសេចក្តីល្អ និងសេចក្តីសប្បុរសរបស់ព្រះ តែយើងស្ទើរតែមិនអាចបើកមាត់ច្រៀង ឬញញឹម ។ យើងត្រូវតែចាំថា យើងមិនមែនសរសើរទ្រឹស្ដីទស្សនៈវិជ្ជា ឬអ្វីដែលយើងរកឃើញក្នុងគំនិតយើងនោះទេ ។ តែយើងកំពុងតែច្រៀង និងអធិស្ឋានទៅកាន់ព្រះដ៏រស់ ដែលបានជួយរាស្រ្តទ្រង់ ។
ដូចនេះ ចូរយើងឱបក្រសោបយក គោលបំណង និងព្រះរាជកិច្ចរបស់ព្រះ ក្នុងជីវិតយើង ដូចនាងម៉ារាម នាងហាណា និងនាងម៉ារាផងដែរ ។ ចូរយើងឆាប់អធិស្ឋាន សរសើរដំកើង ដោយការអរព្រះគុណព្រះអង្គ ។ នៅថ្ងៃនេះ ចូរចំណាយពេលសរសើរដំកើងព្រះអម្ចាស់ ចេញពីចិត្តរបស់អ្នកចុះ!
ខគម្ពីរជញ្ជឹងគិត៖ ១សាំយ៉ូអែល ២:១-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកដំកើង ១៤៨-១៥០ និង យ៉ូហាន ១:២៩-៥១