នំម៉ាណាប្រចាំថ្ងៃ
ចិត្ត​ដែល​ពេញ​ដោយ​អំណរ

ចិត្ត​ដែល​ពេញ​ដោយ​អំណរ

ដោយAlistair Begg

September 6, 2026

«ហាណា​ក៏​អធិស្ឋាន​ថា ចិត្ត​ខ្ញុំ​ម្ចាស់​រីករាយ​សាទរ​ចំពោះ​ព្រះអង្គ ស្នែង​ខ្ញុំ​ម្ចាស់​បាន​ថ្កើង​ឡើង​ដោយនូវ​ព្រះយេហូវ៉ា មាត់​ខ្ញុំ​ម្ចាស់​បាន​បង្គ្រប​លើ​គូ​វិវាទ​របស់​ខ្ញុំ​ម្ចាស់ ដោយ​ព្រោះ​ខ្ញុំ​ម្ចាស់​មាន​សេចក្ដី​អំណរ​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់» ។ ១សាំយ៉ូអែល ២:១
យើង​មិន​អាច​និយាយ​ថា យើង​សរសើរ​តម្កើង​ព្រះ​ច្រើន​ពេក ឬ​ចិត្ត​យើង​មាន​ពេញ​ដោយ​អំណរ​ខ្លាំង​ពេក ក្នុង​ការ​ស្រឡាញ់​រាស្រ្ត​របស់​ព្រះអង្គ​ ។ យើង​គួរតែ​ប្រញាប់​សរសើរ​ដំកើង​ព្រះ ពេលណា​យើង​អាច​មើល​ឃើញ​ព្រះអង្គ​ធ្វើ​ការ​ក្នុង​ជីវិត​យើង តែ​យើង​គួរតែ​ប្រញាប់​មើល​ឃើញថា ព្រះពរ​ដែល​យើង​បាន​ទទួល ក៏​ជា​សេចក្តី​ល្អ សម្រាប់​រាស្រ្ត​ព្រះអង្គ​ជា​ទូទៅ​ ។ ព្រះ​គម្ពីរប៊ីប​បាន​ចែង​អំពី​រឿង​នេះ​ម្តង​ហើយ​ម្តង​ទៀត​ ។ ជាក់​ស្តែង ក្នុង​បទ​គម្ពីរ ១សាំយ៉ូអែល នៅពេល​ដែល​នាង​ហាណា ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ នាង​បាន​ប្រើ​ពាក្យ​ពេចន៍​ដែល​បង្ហាញ​ទំនាក់​ទំនង​រវាង​រឿង​របស់​នាង ជាមួយ​រាស្រ្ត​របស់​ព្រះ គឺ​មិនមែន​និយាយ​តែ​អំពី​កាលៈទេសៈ​របស់​នាង​ប៉ុណ្ណោះ​ឡើយ (១សំយ៉ូអែល ១:១១)។ នាង​បាន​ទូល​សូម​​​ព្រះ​អម្ចាស់​មើល​មក​នាង តាម​របៀប​ដែល​ព្រះ​អង្គ​ធ្លាប់​បាន​ទតមើល​រាស្រ្ត​របស់​ទ្រង់ កាលពី​សម័យ​មុន​ ។ 
នៅពេល​ដែល​ព្រះអង្គ​ប្រទាន​បុត្រា ដែល​នាង​ប្រាថ្នា​ចង់​បាន នាង​ក៏បាន​ប្រើ​ពាក្យ​ពេចន៍ ដែលគេ​តែងតែ​ប្រើ​ក្នុង​ពិធី​រំឭក​អំពី​ការ​រំដោះ​ដ៏​ធំ​របស់​ព្រះ​សម្រាប់​រាស្រ្ត​អ៊ីស្រាអែល​ ។ បន្ទាប់​ពី​រាស្រ្ត​របស់​ព្រះ​បាន​ទទួល​ការ​ប្រោស​លោះ​ឲ្យ​រួចពី​ភាពជា​ទាសករ​នៅ​ទឹកដី​អេស៊ីព្ទ ដោយ​ព្រះ​ចេស្តា​ព្រះ ភ្លាមៗ​នោះ លោក ​ម៉ូសេ​ក៏​បាន​ចម្រៀង​បទ​ចម្រៀង​របស់​គាត់ ហើយ​នាង​ម៉ារាម ក៏​បាន​រាំ​នាំ​មុខ ដោយ​ប្រើ​ក្រាប់​ជា​ឧបករណ៍​ភ្លេង (និក្ខមនំ ១៥)។ នាង​ហាណា ក៏​មាន​ប​ទ​ចម្រៀង​​សម្រាប់​ច្រៀង ដែល​ជា​ពាក្យ​អធិស្ឋាន​អរ​ព្រះគុណ​ព្រះ​ផង​ដែរ​ ។ ហើយ​ការ​អធិស្ឋាន​របស់​នាង ក៏​បាន​កាត់​ផ្តាច់​ចំណង​នៃ​កាលៈទេសៈ​របស់​នាង​ ។ នាង​អរ​សប្បាយ ដែល​បាន​ឃើញ​ទំនាក់​ទំនង​រវាង​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​នាង និង​ការ​អ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ​សម្រាប់​រាស្រ្ត​ទ្រង់​ជា​រួម​ ។ 
នៅពេល​ដែល​នាង​ធ្វើ​ដូច​នេះ ចិត្ត​របស់​នាង​ក៏​មាន​ពេញ​ដោយ​អំណរ​ ។ នៅពេល​ដែលគេ​ប្រើ​ពាក្យ «ចិត្ត» នៅ​ក្នុង​ព្រះ​គម្ពីរ ពាក្យ​នេះ​និយាយ​សំដៅ​ទៅលើ​ចំណុច​កណ្តាល​នៃ​ជីវិត​របស់​យើង ដែល​រាប់​បញ្ចូល​គំនិត ឆន្ទៈ និង​អារម្មណ៍​ដែល​ស្រឡាញ់​ ។ ដូច​នេះ នៅពេល​ដែល​នាង​ហាណា​ពោល​ថា «ចិត្ត​ខ្ញុំ​ម្ចាស់​រីករាយ​សាទរ​ចំពោះ​ព្រះអង្គ» គឺ​នាង​កំពុងតែ​បង្ហាញថា ចំណុច​កណ្តាល​នៃ​ជីវិត​របស់​នាង កំពុងតែ​ស្ញប់​ស្ញែង​នឹង​ភាព​ធំ​ឧត្តម​របស់​ព្រះអង្គ​ ។ បបូរ​មាត់​នាង​បាន​បន្លឺ​សម្លេង​ថ្លែង អំពី​ក្តី​អំណរ​ដែល​មាន​ពេញ​ក្នុង​ចិត្ត​នាង​ ។ ដែល​នាង​ហាណា​បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ តាម​គំរូ​នាង​ម៉ារាម​ជា​យ៉ាងណា នោះ​រយៈ​ពេល១ពាន់​ឆ្នាំ​ក្រោយមក សេចក្តី​អធិស្ឋាន​របស់​នាង​ហាណា ក៏​មាន​ស្ត្រី​ម្នាក់​ទៀត​បាន​យក​មក​ប្រើ ក្នុង​ការ​ច្រៀង​សរសើរ​ព្រះ តាម​របៀប​ស្រដៀង​គ្នា​ផង​ដែរ​ ។ យើង​អាច​ដឹង​ច្បាស់​ថា នាង​ម៉ារា បាន​ស្គាល់​សេចក្តី​អធិស្ឋាន​របស់​នាង​ហាណា ហើយ​ប្រហែល​ថែម​ទាំង​បាន​យក​លំនាំ​តាម​ផង​ដែរ ដោយ​បន្ត​គំរូ​នៃ​ការ​អរ​សប្បាយ​ក្នុង​កិច្ចការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ដោយ​ព្រះ​ចេស្តា (លូកា ១:៤៦-៥៥)។ 
ចុះ​ចំណែក​យើង​វិញ? តើ​យើង​ឆ្លើយតប ដោយ​អំណរ​ស្រដៀង​នេះ​ នៅពេល​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ជីវិត​យើង​ផ្ទាល់ៗ​ខ្លួន និង​ក្នុង​ចំណោម​រាស្រ្ត​របស់​ព្រះអង្គ​ជា​រួម​ទេ? ឬ​យើង​យល់​ឃើញថា ការ​សរសើរដំកើង​របស់​នាង​ហាណា មាន​ការ​បង្ហាញ​អារម្មណ៍​ខ្លាំង​ជ្រុល? តើ​យើង​នឹង​ឆ្លើយតប​ដូច​ម្តេច បើសិន​ជា «នាង​ម៉ារាម» ក្រោកឈរ​ឡើង ហើយ​ចាប់​ផ្តើម​លេង​ភ្លេង ដោយ​ប្រើ​ក្រាប់? ជួនកាល យើង​ក៏​មាន​ការ​បង្ហាញ​អារម្មណ៍​ខ្លាំង​ពេក ក្នុង​ការ​សរសើរ​ដំកើង​ផង​ដែរ​ ។ យើង​ច្រៀង​ក្នុង​ព្រះវិហារ អំពី​កម្លាំង ព្រះ​ចេស្តា និង​សេចក្តី​ល្អ និង​សេចក្តី​សប្បុរស​​របស់​ព្រះ តែ​យើង​ស្ទើរតែ​មិន​អាច​បើក​មាត់​ច្រៀង ឬ​ញញឹម​ ។ យើង​ត្រូវតែ​ចាំ​ថា យើង​មិនមែន​សរសើរ​ទ្រឹស្ដី​ទស្សនៈ​វិជ្ជា ឬអ្វី​ដែល​យើង​រក​ឃើញ​ក្នុង​គំនិត​យើង​នោះ​ទេ​ ។ តែ​យើង​កំពុងតែ​ច្រៀង និង​អធិស្ឋាន​ទៅ​កាន់​ព្រះ​ដ៏​រស់ ដែល​បាន​ជួយ​រាស្រ្ត​ទ្រង់​ ។
ដូច​នេះ ចូរ​យើង​ឱប​ក្រសោប​យក គោលបំណង និង​ព្រះ​រាជ​កិច្ច​របស់​ព្រះ ក្នុង​ជីវិត​យើង ដូច​នាង​ម៉ារាម នាង​ហាណា និង​នាង​ម៉ារា​ផង​ដែរ​ ។ ចូរ​យើង​ឆាប់​អធិស្ឋាន សរសើរ​ដំកើង ដោយ​ការ​អរ​ព្រះគុណ​ព្រះអង្គ​ ។ នៅ​ថ្ងៃ​នេះ ចូរ​ចំណាយ​ពេល​សរសើរ​ដំកើង​ព្រះអម្ចាស់ ចេញពី​ចិត្ត​របស់​អ្នក​ចុះ!


ខគម្ពីរ​ជញ្ជឹង​គិត៖ ១សាំយ៉ូអែល ២:១-១០
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ទំនុក​ដំកើង ១៤៨-១៥០ និង យ៉ូហាន ១:២៩-៥១

ប្រភេទ