
ជីវជាតិសម្រាប់វិញ្ញាណ
ដោយAlistair Begg
September 8, 2026
«អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ» ។ ទំនុកដំកើង ១:២
សេចក្តីពិតរបស់ព្រះខ្លាំងជាង និងស្ថិតស្ថេរជាងបុគ្គលដែលទាស់ប្រឆាំងសេចក្តីពិត ។ គឺដូចដែលហោរាអេសាយបានប្រកាសថា «ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប» (អេសាយ ៤០:៨)។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានចាប់ផ្តើមការពិពណ៌នាក្នុងបទគម្ពីរទំនុកដំកើងផងដែរថា មនុស្សដែលមានពរ គឺជាមនុស្សដែលពិតជាមានសុភមង្គល មានការអរសប្បាយនឹងសេចក្តីពិតដ៏ស្ថិតស្ថេរនៃព្រះបន្ទូលព្រះ ។ ព្រះបន្ទូលព្រះអម្ចាស់មានតម្លៃយ៉ាងខ្លាំង ចំពោះពួកគេ ដោយពាក្យគ្រប់ម៉ាត់មានរសជាតិផ្អែមដូចទឹកឃ្មុំ (ទំនុកដំកើង ១៩:១០)។ ប៉ុន្តែ អ្នកនោះមិនគ្រាន់តែអរសប្បាយនឹងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ប៉ុណ្ណោះទេ តែក៏ជញ្ជឹងគិតព្រះបន្ទូលព្រះអង្គផងដែរ ។
ការជញ្ជឹងគិតមានលក្ខណៈស្រដៀងនឹងដំណើរការនៃការរំលាយអាហារ ។ ក្នុងន័យសាច់ឈាម យើងអាចដាក់អាហារចូលក្នុងមាត់ ដោយមិនទំពារ ឬលេបសោះ នោះយើងនឹងមិនទទួលបានជីវជាតិដែលមានតម្លៃ សម្រាប់រូបកាយរបស់យើងទេ ។ យើងអាចប្រព្រឹត្តដូចនេះ ចំពោះព្រះបន្ទូលព្រះ បើសិនជាយើងមកទទួលព្រះបន្ទូលតែនៅថ្ងៃអាទិត្យ ដោយមិនជញ្ជឹងគិតអស់ពីចិត្ត អំពីព្រះបន្ទូលដែលយើងបានអាន ឬស្តាប់ ។ ជាញឹកញាប់ យើងមានអារម្មណ៍ថា ជីវិតរបស់យើងកំពុងស្ថិតក្នុងការប្រណាំងឡាន ក្នុងល្បឿង១៦០គីឡូម៉ែត្រក្នុង១ម៉ោង ។ ការចំណាយពេលប្រចាំថ្ងៃ ជាមួយព្រះបន្ទូលព្រះបានក្លាយជាកិច្ចការតូចមួយដែលយើងត្រូវបំពេញ ដើម្បីឲ្យបាននិយាយថា យើងបានអានព្រះបន្ទូលហើយ ។ ផ្ទុយទៅវិញ យើងចាំបាច់ត្រូវស្វែងរកវិធីរក្សាទុកព្រះបន្ទូលព្រះ ក្នុងចិត្តយើង (ទំនុកដំកើង ១១៩:១១)។ យើងចាំបាច់ត្រូវចំណាយពេលទំពា ដោយសួរខ្លួនឯងពេញមួយថ្ងៃថា «តើខគម្ពីរនេះមានអត្ថន័យពិតប្រាកដដូចម្តេចខ្លះ? តើខគម្ពីរនេះគួរតែបានកែប្រែគំនិត និងសកម្មភាពរបស់ខ្ញុំ ក្នុងស្ថានភាពនេះ ដូចម្តេចខ្លះ? តើខគម្ពីរនេះបានបង្ហាញខ្ញុំ អំពីសិរីល្អរបស់ព្រះដូចម្តេចខ្លះ? តើព្រះទ្រង់អាចប្រើខគម្ពីរនេះ ដើម្បីឲ្យខ្ញុំផ្លាស់ប្រែឲ្យត្រូវនឹងរូបអង្គរបស់ព្រះគ្រីស្ទ ដូចម្តេចខ្លះ?»
ព្រះអង្គមិនបានត្រាស់ហៅយើង ឲ្យអានព្រះគម្ពីរយូរៗម្តង ដោយមិនបានគិតពិចារណានោះទេ តែឲ្យយើងទទួលយក ក្នុងលក្ខណៈស៊ីជម្រៅ និងពេញលេញ ។ ព្រះទ្រង់មានភាពល្អប្រសើរគ្មានដែនកំណត់ ដូចនេះ ព្រះបន្ទូលទ្រង់ក៏មានអត្ថប្រយោជន៍ ដែលគ្មានទីបញ្ចប់ផងដែរ ។ តើអ្នកនឹងជញ្ជឹងគិតព្រះបន្ទូលទ្រង់ យ៉ាងដូចម្តេចខ្លះ? គឺដោយអធិស្ឋាន ស្វែងរកជំនួយពីព្រះវិញ្ញាណនៃព្រះ ដើម្បីរៀបចំចិត្ត និងគំនិតអ្នកឲ្យសមស្របនឹងបទគម្ពីរ ។ ចូរពិចារណាយ៉ាងប្រុងប្រយ័ត្ន អំពីអត្ថន័យនៃបទគម្ពីរនីមួយៗ ។ ចូរជញ្ជឹងគិត សង្កេតមើល ទំពាព្រះបន្ទូលពេញមួយថ្ងៃ ដើម្បីស្រូបយកជីវជាតិច្រើនបំផុត តាមដែលអាចធ្វើទៅបាន ។ ហើយនៅពេលដែលអ្នកជញ្ជឹងគិតក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ចូរទូលសូមព្រះអង្គ មិនគ្រាន់តែជួយអ្នកបង្កើនចំណេះដឹងអំពីព្រះអង្គ តែក៏កែប្រែអ្នកពីក្នុងមកក្រៅឲ្យកាន់តែដូចព្រះរាជបុត្រាព្រះអង្គ ។ នៅពេលដែលអ្នកបានឃើញព្រះបន្ទូលព្រះអង្គធ្វើការក្នុងចិត្ត គំនិត និងជីវិតអ្នក អ្នកនឹងកាន់តែមានអំណរ ក្នុងការអាន និងរស់នៅ តាមព្រះបន្ទូល ។
ខគម្ពីរជញ្ជឹងគិត៖ អេសាយ ៤០:៦-៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ៤-៦ និង យ៉ូហាន ៣:១-១៥