នំម៉ាណាប្រចាំថ្ងៃ
គ្រោះ​ថ្នាក់​នៃ​ការ​អាណិត​ខុស​គោលដៅ

គ្រោះ​ថ្នាក់​នៃ​ការ​អាណិត​ខុស​គោលដៅ

ដោយAlistair Begg

September 9, 2026

«មាន​មនុស្ស​ដើរ​តាម​ទ្រង់​ដ៏​ណែនណាន់ ក៏​មាន​ពួក​ស្រី‍​​ៗ​​​ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង​ ។ ព្រះ​យេស៊ូវ​ទ្រង់​ងាក​បែរ​ទៅ មាន​បន្ទូល​នឹង​ពួក​ស្ត្រី​ទាំង​នោះ​ថា កូន​ស្រី​ក្រុង​យេរូ​សាឡិម​អើយ កុំ​យំ​នឹង​ខ្ញុំ​ឡើយ ឲ្យ​យំ​នឹង​ខ្លួន​អ្នក​រាល់​គ្នា ហើយ​នឹង​កូនចៅ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ» ។ លូកា ២៣:២៧-២៨
សម្លេង​ស្រែក​ថា «ឆ្កាង​វា​ទៅ! ឆ្កាង​វា​ទៅ!» ដែល​បាន​បន្លឺ​ឡើង​​ចេញពី​ហ្វូង​មនុស្ស បាន​លាន់ឮ​កាន់តែ​ខ្លាំង​ ។ បេសកកម្ម​របស់​ពួកគេ​បាន​ជោគជ័យ​ហើយ ដោយ​លោក ​ពីឡាត់​បាន​ឲ្យ​គេ​នាំ​ព្រះ​យេស៊ូវ​ទៅ​ប្រហារ​ជីវិត​ ។ ឥឡូវ​នេះ មាន​សម្លេង​មួយ​ទៀត បាន​ចូល​មក​ជំនួស​ស​ម្រែក​នៃ​សេចក្តី​ស្លាប់ គឺ​សម្លេង «ពួក​ស្រី‍​​ៗ​​ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង» ។ គេ​មិន​ភ្ញាក់​ផ្អើល​ទេ បើសិន​ជា​ព្រះ​យេស៊ូវ​បែរ​ព្រះ​ភក្ត្រ​ទៅ​រក​មនុស្ស​ដែល​កំពុង «ទួញ​យំ​នឹង​ព្រះអង្គ» ខណៈ​ពេល​ដែល​ព្រះ​អង្គ​យាង​ទ្រេតទ្រោត​ទៅ​រក​កន្លែង​ដែល​គេ​នឹង​​ឆ្កាង​ព្រះអង្គ ដោយ​កត់​សំ​គាល់ និង​ទទួល​ស្គាល់​ការ​អាណិត​របស់​ពួកគេ​ ។ ប៉ុន្តែ ព្រះអង្គ​បាន​ធ្វើ​លើស​ពី​នេះ​ទៀត​ ។ ព្រះ​អង្គ​បាន​បង្អង់ ហើយ​ងាក​ទៅ​រក​ពួកគេ រួច​មាន​បន្ទូល​ថា «កូន​ស្រី​ក្រុង​យេរូ​សាឡិម​អើយ កុំ​យំ​នឹង​ខ្ញុំ​ឡើយ ឲ្យ​យំ​នឹង​ខ្លួន​អ្នក​រាល់​គ្នា ហើយ​នឹង​កូនចៅ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ» ។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា ពួកគេ​កំពុង​បង្ហាញ​ក្តី​អាណិត​ខុស​គោលដៅ​ហើយ ព្រោះ​ជាជាង​អាណិត​ព្រះអង្គ ពួកគេ​គួរតែ​ពិចារណា អំពី​សណ្ឋាន​ដ៏​ផុយ​ស្រួយ​នៃ​ជីវិត​របស់​ពួកគេ​ ។ 
ពាក្យ​ពេចន៍​របស់​ព្រះអង្គ​មិនមែន​ជា​ការ​ស្តី​បន្ទោស​ធ្ងន់ៗ ធ្វើ​មើលតែ​ការ​ទួញ​យំ​របស់​ពួកគេ ជា​ទង្វើ​​ខុស​ឆ្គង​នោះ​ទេ ។ ផ្ទុយ​ទៅវិញ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​ពួក​គេ​ដឹង​ថា មាន​រឿង​ដែល​ពួកគេ​គួរ​ព្រួយ​បារម្ភ​ជាង ហើយ​ត្រូវ​យំ គឺ​ការ​ជំនុំជម្រះ ដែល​នឹង​ធ្លាក់​មក​លើ​ទីក្រុង​យេរូសាឡិម បើសិន​ជា​អ្នក​ក្រុង​នោះ​ នៅតែ​បន្ត​រឹង​ចចេស ហើយ​បដិសេធ​ព្រះអង្គ​ ។ 
មុន​នោះ ជិត​មួយ​សប្តាហ៍ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ការ​បំផ្លិច​បំផ្លាញ​ទីក្រុង​យេរូសាឡិម​យ៉ាង​ដូច​នេះ​ថា ពួក​ខ្មាំង​សត្រូវ «នឹង​ពង្រាប​ឯង​ឲ្យ​ស្មើ​នឹង​ដី ព្រម​ទាំង​កូនចៅ​ដែល​មាន​ក្នុង​ឯង​ផង» (លូកា ១៩:៤៤)។ ស្ត្រី​ទាំង​នោះ​មាន​ការ​ទទួល​ស្គាល់​ពី​​ការ​ឈឺ​ចាប់​​ ដែល​ល្មម​នឹង​អាច​បង្ហាញ​ក្តី​អាណិត​ចំពោះ​ព្រះយេស៊ូវ ដែល​មាន​ព្រះ​កាយ​ខ្ទេច​ខ្ទាំ​ ។ ពួកគេ​ទទួល​ស្គាល់​ថា អ្វី​ដែល​ពួក​គេ​កំពុងតែ​ឃើញ​នោះ គឺជា​ទិដ្ឋភាព​ដ៏​សោកសៅ​ណាស់ ជា​ការ​ចំអក​ឡកឡឺយ និង​ជា​អំពើ​អយុត្តិធម៌​ ។ ប៉ុន្តែ ពួកគេ​មិន​ទាន់​បាន​ទទួល​ស្គាល់​ពេល​វេលា​ដែល​ព្រះ​ទ្រង់​យាង​មក​រក​ពួកគេ​នោះ​ទេ​ ។ ហើយ​អ្នក​ដែល​មិន​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​បាន​សម្រេច​ព្រះបន្ទូល​សន្យា​របស់​ទ្រង់​តាមរយៈ​ព្រះយេស៊ូវ ហើយ​ការ​មិន​បាន​ទទួល​សេចក្តី​សង្គ្រោះ​ពី​ព្រះអង្គ នឹង​បណ្តាល​ឲ្យ​ពួកគេ​ប្រឈម​មុខ​ដាក់​ការ​ជំនុំជម្រះ​ ។ សម្រាប់​ទីក្រុង​យេរូសាឡិម ពួក​គេ​នឹង​ជួប​ការ​ជំនុំជម្រះ​នោះ នៅពេល​ដែល​ពួក​កងទ័ព​រ៉ូម៉ាំង​វាយលុក​ចូល​កាន់​កាប់​ទីក្រុង​នោះ ក្នុង​ឆ្នាំ៧០នៃគ.ស សម្លាប់​ប្រជា​ជន​ជា​ច្រើន ហើយ​ដុត​បំផ្លាញ​ព្រះ​វិហារ​រាប​​ដល់​ដី​ ។
ហេតុ​នេះ​ហើយ ព្រះយេស៊ូវ​មិនមែន​កំពុងតែ​ត្រាស់ហៅ​យើង​ឲ្យ គ្រាន់តែ​មាន​ក្តី​អាណិត​ប៉ុណ្ណោះ​ទេ​ ។ ព្រះអង្គ​មិន​ត្រូវ​ការ​ក្តី​អាណិត​ទេ! ព្រះអង្គ​មិន​ជាប់​នៅ​លើ​ឈើ​ឆ្កាង​ទៀត​ទេ តែ​ព្រះអង្គ​កំពុង​គង់នៅ​ខាង​ស្តាំ​ព្រះវរបិតា នៅ​ស្ថាន​ដ៏​ខ្ពស់​ ។ ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ទៅ​កាន់​ស្ត្រី​ទាំង​នោះ ក៏​ដូចជា​យើង​រាល់​គ្នា គឺជា​ការ​ដាស់តឿន ដល់​អ្នក​ដែល​អាណិត​ព្រះអង្គ ដែល​ជា​ជន​រង​គ្រោះ​នៃ​អំពើ​អយុត្តិធម៌ ជាជាង​ប្រឈម​មុខ​ដាក់​ការ​ពិត​ដែល​ថា មនុស្ស​ជាតិ​កំពុង​ប្រឈម​មុខ​ដាក់​ការ​ជំនុំ​ជម្រះ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ដែល​ពួកគេ​សមនឹង​ទទួល​ ។ យើង​ចាំ​បាច់​ត្រូវ​សោក​សង្រេង អំពី​ស្ថានភាព​របស់​មនុស្ស​ជាតិ ហើយ​ចូល​ទៅ​រក​ព្រះអង្គ ដោយ​ការ​ប្រែ​ចិត្ត និង​ជំនឿ​ ។ ព្រោះ​នៅ​ថ្ងៃ​ជំនុំជម្រះ​ចុង​ក្រោយ មនុស្ស​មិន​មាន​កន្លែង​ជ្រកកោន ដើម្បី​រត់​គេច​ពី​ព្រះអង្គ​ឡើយ​ ។ តែ​មនុស្ស​មាន​កន្លែង​ជ្រកកោន​តែ​ក្នុង​ព្រះអង្គ​ប៉ុណ្ណោះ​ ។ 
 

ខគម្ពីរ​ជញ្ជឹង​គិត៖ លូកា ១៩:៤១-៤៦
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ពួក​ចៅហ្វាយ ៧-៨ និង យ៉ូហាន ៣:១៦-៣៦
 

ប្រភេទ